យោងតាមទិន្នន័យពីនាយកដ្ឋាននាំចូល-នាំចេញ នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ១.០១០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៣២,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាលើកដំបូងដែលវៀតណាមសម្រេចបានលើសពី ១ ពាន់ពាន់លានដុល្លារ ខណៈដែលឆ្នាំ ២០២៦ នៅសល់ពីរខែទៀត។

ពង្រីកទំហំពាណិជ្ជកម្មបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កំណើន

ប្រសិនបើនៅឆ្នាំ ២០០៧ ខណៈដែលវៀតណាមចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទំហំពាណិជ្ជកម្មនៃការនាំចេញនិងនាំចូលសរុបទើបសម្រេចបានត្រឹមតែប្រហែល ១០០ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីជិតពីរទសវត្សរ៍ តួរលេខនេះបានកើនឡើងដប់ដង។ ពោលគឺពីទំហំ ៥០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ឡើងដល់ ៩០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ និងលើសពី ១ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦ ហើយពាណិជ្ជកម្មរបស់វៀតណាមកំពុងបានបើកទូលាយជាបណ្តើរៗ បញ្ជាក់ពីកម្រិតចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាមក្នុងសេដ្ឋកិច្ចពិភពលោក។

គួរឱ្យកត់សម្គាល់ តុល្យភាពពាណិជ្ជកម្មកំពុងបង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន។ បន្ទាប់ពី អតិរេកពាណិជ្ជកម្មពីរខែជាប់ៗគ្នា ឱនភាពពាណិជ្ជកម្មសរុបបានថយចុះពីជាង ២០ ពាន់លានដុល្លារមកត្រឹមប្រហែល ១៤ ពាន់លានដុល្លារ។ ធ្វើការវាយតម្លៃលើលទ្ធផលទាំងនេះ អ្នកជំនាញសេដ្ឋកិច្ចលោក ត្រឹន ហ័ង ងឺន បានថ្លែងថា៖ “យើងមានអតិរេកពាណិជ្ជកម្មពីរខែជាប់ៗគ្នា នៅក្នុងខែកញ្ញា និងខែតុលា។ តាមនោះ ឱនភាពពាណិជ្ជកម្មបានថយចុះគួរឱ្យកត់សម្គាល់ ដែលជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយដែរ ហើយយើងត្រូវបន្តកែលម្អតុល្យភាពពាណិជ្ជកម្ម។ ចំណូលសរុបនៃការនាំចូល និងនាំចេញរបស់វៀតណាមបានឈានដល់កម្រិត ១.០០០ ពាន់លានដុល្លារអាមេរិក ដែលនាំវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២០ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេបំផុតនៅលើពិភពលោក។ នេះគឺជាសក្ខីភាពអះអាងពីសក្តានុពល ឋានៈ និងកិត្យានុភាពរបស់វៀត ណាម ក៏ដូចជាតួនាទីរបស់ខ្លួននៅក្នុងពាណិជ្ជកម្មសកល”។

លើកកំពស់តម្លៃនិងការប្រកួតប្រជែង

ទោះជាយ៉ាងណាក៏ដោយ បរិមាណនាំចេញច្រើនមិនមានន័យថា តម្លៃបន្ថែមក្នុងស្រុកខ្ពស់នោះទេ។ បច្ចុប្បន្ននេះ វិស័យសហគ្រាសវិនិយោគពីបរទេសនៅតែមានចំណែកដ៏ធំនៃសកម្មភាពនាំចូល និងនាំចេញ។ ដូច្នេះ តម្រូវការគឺត្រូវបង្កើនសមត្ថភាពរបស់សហគ្រាសក្នុងស្រុក ដោយជួយសហគ្រាសចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។ លោក ង្វៀន ហឺវ ហួន អនុប្រធានស្ថាប័នប្រតិបត្តិមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ បានវិភាគថា៖ “ទំហំនាំចេញច្រើនមិនឆ្លុះបញ្ចាំងយ៉ាងពេញលេញពីសមត្ថភាពរបស់សហគ្រាសវៀតណាមក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យា និងបង្កើតតម្លៃនោះទេ។ ដរាបណាយើងនៅតែនាំចូលវត្ថុធាតុដើម និងគ្រឿងបន្លាស់ជាច្រើន និងធ្វើការផ្គុំរហ័ស សមត្ថភាពក្នុងការបង្កើតតម្លៃក្នុងស្រុកនៅតែមានកម្រិត។ ដូច្នេះ សហគ្រាសក្នុងស្រុកត្រូវមានវត្តមានកាន់តែស៊ីជម្រៅក្នុងការស្រាវជ្រាវ ការរចនាគ្រឿងបន្លាស់ស្នូល កម្មសិទ្ធិបញ្ញា និងការផលិតប្រកបដោយប្រសិទ្ធភាពនាពេលអនាគត”។

ដើម្បីបង្កើនតម្លៃបន្ថែម ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យា និងអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ អាជីវកម្មត្រូវការដំណោះស្រាយដែលធ្វើសមកាលកម្មពីរដ្ឋ។ នៅក្នុងការពិភាក្សារដ្ឋសភានៅថ្ងៃទី ៣០ ខែតុលា ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន វ៉ាន់ ថាំង បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលបច្ចុប្បន្នកំពុងផ្តោតលើការច្បាមជាប់យ៉ាងដិតដល់ នូវសេណារីយ៉ូដើម្បីដឹកនាំ និងដោះស្រាយឧបសគ្គសម្រាប់អាជីវកម្មភ្លាមៗ។ លើកកម្ពស់គម្រោងដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ចូលរួមផលិតកម្ម និងអាជីវកម្មយ៉ាងឆាប់រហ័ស។ គាំទ្រអាជីវកម្មឱ្យរក្សា និងធ្វើពិពិធកម្មទីផ្សារ ពង្រីកការបញ្ជាទិញ និងបង្កើនតម្លៃបន្ថែម”។

ការលើសពីគោលដៅ ១ ពាន់ពាន់លានដុល្លារ គឺជាសញ្ញាសម្គាល់សំខាន់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។ ប៉ុន្តែសារៈសំខាន់កាន់តែខ្លាំងនៃព្រឹត្តិការណ៍សំខាន់នេះ ស្ថិតនៅក្នុងសមត្ថភាពក្នុងការផ្លាស់ប្តូរទំហំនៃពាណិជ្ជកម្មទៅជាសមត្ថភាពផលិតកម្ម តម្លៃបន្ថែម និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ពីការបើកទូលាយចំណូលពាណិជ្ជកម្មរហូតដល់ការធ្វើជាម្ចាស់លើបច្ចេកវិទ្យា ពីការចូលរួមរហូតដល់ការធ្វើ សមាហរណកម្មជាបណ្តើរៗ ការលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកលគឺជាទិសដៅដើម្បីធានាថា ការនាំចូល និងនាំចេញពិតជាក្លាយជាកម្លាំងចលករសម្រាប់កំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាម៕