នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអាចផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងសភាទាំងពីរ ដោយជិះឥទ្ធិពលដល់គោលនយោបាយក្នុងស្រុក និងការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់រយៈពេលពីរឆ្នាំដែលនៅសល់នៃអាណត្តិប្រធានាធិបតី។ អ្នកបោះឆ្នោតប្រហែល ៥៤ លាននាក់បានទៅបោះឆ្នោត ទាំងដោយផ្ទាល់ ឬតាមប្រៃសណីយ៍ មុនថ្ងៃទី ៣ ខែវិច្ឆិកា។
ការត្រួតពិនិត្យ "សីតុណ្ហភាព" នៃសាធារណៈមតិ
នៅក្នុងប្រវត្តិសាស្ត្រនីតិបញ្ញត្តិអាមេរិក ការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវបានរចនាឡើងជារង្វាស់ ឬមធ្យោបាយមួយដើម្បីវាស់វែងការស្ទង់មតិសាធារណៈនៅពាក់កណ្តាលអាណត្តិប្រធានាធិបតី ដើម្បីវាយតម្លៃថា តើសាធារណជនមានអារម្មណ៍យ៉ាងណាចំពោះប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋបាលដែលកំពុងកាន់អំណាច។ ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩មក ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកបានក្លាយជារឿងសំខាន់ ហើយជាធម្មតាបើកទ្វារសម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ រឿងដដែលនេះក៏អាចកើតឡើងនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំនេះ។ ជាក់ស្តែង ការស្ទង់មតិមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានបង្ហាញថា គណបក្សប្រជាធិបតេយ្យមានឱកាសខ្ពស់ក្នុងការយកឈ្នះនៅក្នុងសភាតំណាងរាស្ត្រ ហើយក៏អាចបង្កើតការភ្ញាក់ផ្អើលមួយចំនួននៅក្នុងការប្រណាំងប្រជែងនៅព្រឹទ្ធសភាផងដែរ។ ប្រការនេះ ភាគច្រើនកើតចេញពីការមិនពេញចិត្តរបស់អ្នកបោះឆ្នោតអាមេរិក ចំពោះបញ្ហាសង្គមជាច្រើននៅក្នុងប្រទេសនេះ នាពេលបច្ចុប្បន្ន។ លោក Larry Sabato នាយកមជ្ឈមណ្ឌលនយោបាយនៅសាកលវិទ្យាល័យ Virginia (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា៖ «បញ្ហាចម្បងបង្អស់គឺការចំណាយប្រចាំថ្ងៃ។ ប្រជាជនមានការខកចិត្តយ៉ាងខ្លាំងចំពោះតម្លៃអាហារ ដែលលោក ដូណាល់ ត្រាំ បានសន្យាថានឹងទាញបញ្ចុះនៅថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក ប៉ុន្តែតាមពិតទៅ តម្លៃគ្រាន់តែកើនឡើងប៉ុណ្ណោះ។ តម្លៃសាំង និងប្រេងម៉ាស៊ូតក៏បានកើនឡើងយ៉ាងខ្លាំង ជាផលវិបាកនៃអ្វីដែលសាធារណជនភាគច្រើនចាត់ទុកថា ជាកំហុសក្នុងសង្គ្រាមនៅអ៊ីរ៉ង់។ តើកាយវិការរបស់សហរដ្ឋអាមេរិក មានហេតុផលសមស្របដែរឬទេ? បច្ចុប្បន្ន ប្រជាពលរដ្ឋអាមេរិកប្រមាណ ៧០% យល់ថា កាយវិការទាំងនេះគ្មានហេតុផលសមស្របទាល់តែសោះ»។
ទោះជាយ៉ាងណាក៏ដោយ នៅមានកត្តាផ្សេងទៀត ដែលធ្វើឱ្យលទ្ធផលនៃការស្ទង់មតិមិនប្រាកដប្រជា។ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ចំនួនអ្នកបោះឆ្នោតសរុបជាធម្មតាមានចាប់ពី ១១០ លាននាក់ ទៅ ១២០ លាននាក់ ដែលស្មើនឹងប្រហែល ៤៥% ទៅ ៥០% នៃចំនួនប្រជាជនដែលមានសិទ្ធិបោះឆ្នោត។ ដូច្នេះ បរិមាណអ្នកបោះឆ្នោតចេញទៅបោះឆ្នោត នឹងប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធផលរបស់គណបក្សសាធារណរដ្ឋ។ លើសពីនេះ យោងតាមលោកស្រី Debra Leiter សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Missouri ទីក្រុង Kansas បានឱ្យដឹងថា បច្ចុប្បន្ន មនុស្សជាច្រើនកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយការស្ទង់មតិ ដែលបង្កឱ្យមានហានិភ័យនៃការផ្តល់ចម្លើយមិនត្រឹមត្រូវ។
«លទ្ធផលមិនត្រឹមត្រូវនៃការស្ទង់មតិ រួមជាមួយនឹងការប្រើប្រាស់ AI អាចធ្វើឱ្យអ្នកបោះឆ្នោតមានទស្សនៈខុសទាំងស្រុងអំពីលទ្ធផលនៃការបោះឆ្នោត។ អ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភជាពិសេស គឺបញ្ហានេះអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោត មិនត្រឹមតែលើការជ្រើសរើសបេក្ខជននោះទេ ប៉ុន្តែថែមទាំងលើការសម្រេចចិត្តទៅបោះឆ្នោតឬអត់ទៀតផង។»
ផលប៉ះពាល់ពីខាងក្រៅ
លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកមានផលប៉ះពាល់យ៉ាងទូលំទូលាយលើសពីវិសាលភាពរបស់សហរដ្ឋអាមេរិក ហើយត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិក។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ សំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភាទាំងពីរបានផ្តល់ឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ នូវអត្ថប្រយោជន៍ក្នុងការជំរុញ ឬផ្លាស់ប្តូរគោលនយោបាយក្នុងស្រុកនិងការបរទេសសំខាន់ៗមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយកឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិ គណបក្សប្រជាធិបតេយ្យអាចនឹងរារាំងលោក ដូណាល់ ត្រាំ នៅក្នុងវិស័យជាច្រើន ជាពិសេសនៅក្នុងគោលនយោបាយការបរទេសទាក់ទងនឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីអាមេរិក ក្នុងការដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់។ លោក Wang Jin អ្នកជំនាញមជ្ឈិមបូព៌ា សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យស៊ីប៉ី (ចិន) បានវាយតម្លៃថា៖ «គោលជំហររបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ មានលក្ខណៈរួមបញ្ចូលគ្នារវាងជំហរតឹងរឹង និងសុឆន្ទៈក្នុងការសន្ទនា ដែលមើលទៅហាក់ដូចជាជំទាស់គ្នា។ ក្នុងនោះ ជំហរតឹងរឹងគឺជាលក្ខណៈចម្បងនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ មូលហេតុមួយគឺដោយសារការបោះឆ្នោតពាក់កណ្តាលអាណត្តិកំពុងខិតជិតមកដល់ ដូច្នេះទីក្រុងវ៉ាស៊ីនតោនត្រូវបង្ហាញជំហរតឹងរឹង ដើម្បីពង្រឹងការគាំទ្រក្នុងស្រុកចំពោះគោលនយោបាយរបស់ពួកគេនៅមជ្ឈិមបូព៌ា។ មូលហេតុមួយទៀត គឺទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងបន្តរក្សាសម្ពាធ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ធ្វើសម្បទាន»។
ក្រៅពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចំណុចក្តៅគគុកមួយទៀតដែលអាចរងផលប៉ះពាល់ដោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក គឺជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅចុងខែតុលា អ្នកចរចាសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមជួបគ្នានៅខែវិច្ឆិកានេះ នៅទីក្រុងអាប៊ូដាប៊ី (អេមីរ៉ាត អារ៉ាប់រួម) ដើម្បីបន្តការចរចាបញ្ចប់ជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ការចរចានឹងធ្វើឡើងបន្ទាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា តែប៉ុណ្នោះ ជាថ្ងៃដែលលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកត្រូវបានប្រកាស។ ចលនានេះបង្ហាញថា ទាំងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ចង់បញ្ជាក់យ៉ាងច្បាស់អំពីការផ្លាស់ប្តូរ (ប្រសិនបើមាន) នៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក មុនពេលចាប់ផ្តើមការចរចា៕








