នៅក្នុងដំណើរការនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិមិនត្រឹមតែជួយវៀតណាមទាញយកអត្ថប្រយោជន៍ពីធនធាន ចំណេះដឹង និងបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំង​ចលករដ៏សំខាន់មួយ ដើម្បីពង្រីកលំ​ហអភិវឌ្ឍន៍ បង្កើនសមត្ថភាព​ប្រកួតប្រជែង និងបញ្ជាក់ពី​ឋានៈរបស់​ប្រទេសរឹងមាំពីសមុទ្រ លើឆាកអន្តរជាតិទៀត​ផង​។

ជាក់​ស្តែង វៀតណាមកំពុងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ​ជាបណ្ដើរៗនៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចសមុទ្រ និងអភិបាលកិច្ចមហាសមុទ្រ។ ចាប់ពីការរៀបចំផែនការ​លំហសមុទ្រ និងថាមពលកកើតឡើងវិញនៅឯនាយសមុទ្រ រហូតដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះសមុទ្រ កម្មវិធីសហប្រតិបត្តិការជាមួយដៃគូទ្វេភាគីនិងពហុភាគីជាច្រើន បាននិងកំពុងត្រូវបានអនុវត្ត ដែលរួមចំណែកដល់ការបំពេញបន្ថែមធនធាន បច្ចេកវិទ្យា និងបទពិសោធន៍សម្រាប់គោលដៅនៃការអភិវឌ្ឍប្រទេសជាតិដែលរឹងមាំពីសមុទ្រ។

កិច្ចសហប្រតិបត្តិការអន្តរជាតិពង្រីកធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

ដោយវាយតម្លៃវិធីសាស្រ្តរបស់វៀតណាមចំពោះបញ្ហានេះ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានចាត់ទុកថា៖ «ទស្សនៈរបស់វៀតណាមសម្រាប់គោលនយោបាយសមុទ្រដ៏ទូលំទូលាយ ​ដោយរួមបញ្ចូល​គ្នានូវ​បញ្ហាជាច្រើន ចាប់ពីច្បាប់អន្តរជាតិ ការប្រែប្រួលអាកាសធាតុ ជីវភាពរស់នៅ រហូតដល់ដំណើរការផ្លាស់ប្តូរបៃតង។ វៀតណាមកំពុងដោះស្រាយបញ្ហានេះដោយឈ្លាសវៃ ដោយទទួលស្គាល់ថា ខ្លួនមិនអាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានទេ ព្រោះមហាសមុទ្រគឺជាប្រព័ន្ធតែមួយ។ ចរន្តទឹកសមុទ្រហូរកាត់ព្រំដែននៃប្រទេសជាច្រើន ដូច្នេះបញ្ហាពាក់ព័ន្ធត្រូវចាត់ទុកជាបញ្ហាប្រឈម​សកល»។​

ការមើលឃើញមហាសមុទ្រជាប្រព័ន្ធតែមួយក៏ជាមូលដ្ឋាន​គ្រឹះ​សម្រាប់វៀតណាម​ដើម្បី​ជំរុញកម្មវិធីសហប្រតិបត្តិការអន្តរជាតិដ៏ទូលំទូលាយ ដោយត​ភ្ជាប់ផែនការលំហសមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការការពារប្រព័ន្ធអេកូឡូស៊ី។

ក្នុងវិស័យថាមពល វៀតណាមក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ​ដើម្បីអភិវឌ្ឍថាមពល​វាយោអគ្គីសនីនៅឯនាយសមុទ្រ។ ជាពិសេស ក្នុងខែមិថុនា ឆ្នាំ ២០២៦ វៀតណាម និងចក្រភពអង់គ្លេសបានដាក់ឱ្យដំណើរការនូវ​កម្មវិធីភាពជាដៃគូ​ជំរុញថាមពល​វាយោអគ្គីសនីនៅឯនាយសមុទ្រ ដោយមានការចូលរួមពីអង្គការឯកទេស ដើម្បីគាំទ្រការស្រាវជ្រាវ ការប្រឹក្សាបច្ចេកទេស និងការអភិវឌ្ឍទីផ្សារ ។ លោកបណ្ឌិត Du Van Toan មកពីវិទ្យាស្ថានឧតុនិយម ជលសាស្ត្រ បរិស្ថាន និងសមុទ្រ នៃ​ក្រសួងកសិកម្មនិងបរិស្ថាន បានបញ្ជាក់ថា៖ «​ថាមពលវាយោអគ្គីសនីនៅឯនាយសមុទ្រមិនត្រឹមតែបើកឱកាសសម្រាប់ការបង្កើតខ្សែសង្វាក់ផលិតកម្មនិងសេវាកម្មទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងបង្កើតសក្តានុពលវិនិយោគសម្រាប់​តំបន់ឆ្នេរសមុទ្រ​ទៀត​ផង។ បច្ចុប្បន្ននេះ វៀតណាមមានខេត្ត និងទីក្រុងឆ្នេរសមុទ្រចំនួន ២១ ដែលភាគច្រើនមានលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍថាមពល​វាយោអគ្គីសនីនៅឯនាយសមុទ្រ។ គម្រោងទាំងនេះបង្កើតកម្លាំងចលករសម្រាប់កំណើនរបស់មូលដ្ឋាននីមួយៗ និងរួមចំណែកយ៉ាងសំខាន់ដល់គោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់របស់ប្រទេស​ទាំងមូល។»

ពីសមាហរណកម្មអន្តរជាតិដល់ការបញ្ជាក់ពីឋានៈរបស់ប្រទេសសមុទ្រ

នៅកម្រិតពហុភាគី វៀតណាមចូលរួមយ៉ាងសកម្មក្នុងយន្តការ​អភិបាលកិច្ច មហាសមុទ្រសកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវចម្រុះសមុទ្រ នៅក្នុងតំបន់​សមុទ្រលើសពីយុត្តាធិការជាតិ(BBNJ)។ ការចូលរួមក្នុងក្របខណ្ឌទាំងនេះ បើកឱកាសសម្រាប់វៀតណាមក្នុងការតភ្ជាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ទទួលបានចំណេះដឹង បច្ចេកវិទ្យា និងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារបរិស្ថានសមុទ្រ និងជីវៈចម្រុះ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Gillian Bird បាន​ធ្វើ​អត្ថាធិប្បាយថា៖ «វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង BBNJ។ ខ្ញុំជឿជាក់ថា នេះបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តរបស់វៀតណាម មិនត្រឹមតែក្នុងការការពារមហាសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះតួនាទីរបស់ខ្លួននៅក្នុងអង្គការពហុភាគី និងកិច្ចសហប្រតិបត្តិការពហុភាគី​ទៀត​ផង។»​

កិច្ចសហប្រតិបត្តិការអន្តរជាតិកំពុងចូលទៅក្នុង​វិស័យជាក់ស្តែងជាបណ្ដើរៗ ដែលផ្សារ​ភ្ជាប់​នឹងតម្រូវការអភិវឌ្ឍប្រកបដោយចីរភាព​នៃសេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។ ជាមួយនឹងការតំរង់ទិសនៃសេចក្តីសម្រេចចិត្ត​លេខ ២០ វៀតណាមមិនត្រឹមតែ​ឆ្ពោះទៅរក​ការឆ្លៀត​យកសក្តានុពល​នៃមហា​សមុទ្រ ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុង​អភិបាលកិច្ចមហាសមុទ្រសកល ដើម្បីបញ្ជាក់ពីឋានៈ និងការទទួលខុសត្រូវរបស់ប្រទេសរឹងមាំពីសមុទ្រ និង​អភិវឌ្ឍប្រកបដោយចីរភាព​ទៀតផង​៕​