ប្រភពរដ្ឋាភិបាលមកពីភាគីទាំងពីរបាននិយាយកាលពីម្សិលមិញ (ថ្ងៃទី១៦ ខែតុលា) ថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចបន្ទាប់ពីការផ្លាស់ប្ដូរយោបល់រវាងនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez នៅខាងក្រៅកិច្ចប្រជុំកំពូល EU នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីលើកកម្រិតត្រួតពិនិត្យនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
យោងតាមប្រភពរដ្ឋាភិបាលអ៊ីតាលី ទីក្រុងរ៉ូមនឹងពង្រីកការគ្រប់គ្រងលើអ្នកដំណើរដែលមកដល់ពីប្រទេសអេស្ប៉ាញរយៈពេលមួយសប្តាហ៍ទៀត ដើម្បីធ្វើសមកាលកម្ម កាលបរិច្ឆេទផុតកំណត់ជាមួយនឹងវិធានការស្រដៀងគ្នានៅទីក្រុងម៉ាឌ្រីដ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២២ ខែតុលា។ នៅសប្តាហ៍ក្រោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការបញ្ចប់វិធានការទាំងនេះ និងលទ្ធភាពនៃការបង្កើតទម្រង់កិច្ចសហប្រតិបត្តិការជំនួស។
សូមគូសបញ្ជាក់ថា ការមិនចុះសម្រុងគ្នារវាងអ៊ីតាលី និងអេស្ប៉ាញបានផ្ទុះឡើងនៅចុងខែកក្កដា បន្ទាប់ពីជនអន្តោប្រវេសន៍ជាង ៧២.០០០នាក់មកពីប្រទេសម៉ារ៉ុកបានឆ្លងកាត់ព្រំដែនចូលទៅក្នុង Ceuta ដែលជាទឹកដីអេស្ប៉ាញនៅអាហ្វ្រិកខាងជើង៕






