ជាតំបន់ដីដែលសម្បូរទៅដោយប្រពៃណីវប្បធម៌ ខេត្តថៃង្វៀនសព្វថ្ងៃនេះ កំពុងអះអាងខ្លួនឯងដោយបទពិសោធន៍ទេសចរណ៍អេកូឡូស៊ីដ៏វិសេសវិសាល។ ក្នុងចំណោមនោះ ដំណើរកម្សាន្តនៅក្នុងបឹង ដែលជាកន្លែងប្រមូលផ្ដុំគ្នានៃធម្មជាតិ វប្បធម៌ និងអារម្មណ៍ កំពុងក្លាយជាចំណុចលេចធ្លោថ្មី ដែលបង្កើតភាពទាក់ទាញពិសេសសម្រាប់ទឹកដីនេះ។
នៅក្នុងលំហដ៏ធំល្វឹងល្វើយនៃព្រៃភ្នំភាគឦសាន បឹង Ba Be មើលទៅដូចជាខ្សែបូសូត្រពណ៌បៃតង ដែលពត់ខ្លួននៅក្នុងកណ្ដាលព្រៃឈើ។ បន្ទាប់ពីត្រូវបានបញ្ចូលគ្នាទៅក្នុងខេត្តថៃង្វៀន តំបន់បឹងនេះមិនត្រឹមតែពង្រីកលំហសម្រាប់ការអភិវឌ្ឍទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតការតភ្ជាប់អន្តរតំបន់ទៀតផង ដែលនាំភ្ញៀវទេសចរឱ្យកាន់តែខិតជិតនឹងតម្លៃដើមដ៏បរិសុទ្ធនៃធម្មជាតិ។ លោក Dang Van Khang អ្នកទេសចរមកពីទីក្រុងហាណូយ បានចែករំលែកថា៖
“បឹង Ba Be ពីមុនមក គឺជាគោលដៅទេសចរណ៍ដ៏រហោស្ថានមួយ។ ការជិះទូកលើបឹងនេះ នាំមកនូវអារម្មណ៍ស្រស់ស្រាយ ហើយបរិយាកាសក៏ផាសុខសភាពផងដែរ។ វាពិតជាសមស្របសម្រាប់អ្នកទេសចរដែលចូលចិត្តទទួលបានបទពិសោធន៍ពិសេស ដូចជាអ្នកទេសចរបរទេស។ នៅទីនេះមានសេវាកម្មមួយចំនួន ដូចជាការចែកទូក sup ទៅកណ្ដាលបឹងដើម្បីសម្រាកលំហែកាយ”។
មិនត្រឹមតែមានការទស្សនាទេសភាពប៉ុណ្ណោះទេ ដំណើរកម្សាន្តនៅបឹង Ba Be ថែមទាំងផ្តល់ជូនសកម្មភាពទេសចរណ៍ដ៏ថ្មីថ្មោងទៀតផង។ ចាប់ពីការចែវទូក Sup និងជិះទូក កាយ៉ាក់ រហូតដល់ការបោះជុំរំនៅក្បែរមាត់បឹង សកម្មភាពនីមួយៗនាំឲ្យអ្នកទេសចរណ៍កាន់តែខិតជិតនឹងធម្មជាតិ។ នេះក៏ជានិន្នាការទេសចរណ៍ឆ្លងកាត់បទពិសោធន៍ដែលកំពុងទទួលបានការនិយមចូលចិត្តកាន់តែខ្លាំងខ្លាំងពីអ្នកទេសចរ ជាពិសេសអ្នកទេសចរអន្តរជាតិ។ អ្នកទេសចរស្រីម្នាក់មកពីប្រទេសបារាំង បានចែករំលែកថា៖
“ទេសភាពនៅទីនេះស្រស់បំព្រងនិងគួរឱ្យចាប់អារម្មណ៍។ វាពិតជាអស្ចារ្យណាស់! ប្រជាជនមានភាពរួសរាយរាក់ទាក់ចំពោះអ្នកទេសចរណ៍។ ខ្ញុំពិតជាសប្បាយរីករាយចំពោះដំណើរកម្សាន្តនេះ”។
មិនត្រឹមតែបឹង Ba Be ប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធបឹងនៅក្នុងខេត្តថៃង្វៀនក៏កំពុងបង្កើត "ផែនទីទេសចរណ៍បៃតង" ដ៏ពោរពេញទៅដោយសក្តានុពលផងដែរ។ បឹង Nui Coc ជាគោលដៅទេសចរណ៍មួយដែលធ្លាប់ស្គាល់ ឥឡូវនេះត្រូវបានតភ្ជាប់ជាមួយបឹងធម្មជាតិនិងសិប្បនិម្មិតដទៃទៀត ដោយបើកចេញលំហសម្រាប់អភិវឌ្ឍន៍ទេសចរណ៍។ លោក Nguyen Chu Thu នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តថៃង្វៀន បានសង្កត់ធ្ងន់ថា៖
“ខេត្តថៃង្វៀនមានបឹងសំខាន់ចំនួនពីរគឺ Nui Coc និង Ba Be។ លើសពីនេះ ថៃង្វៀនមានបឹងធម្មជាតិ និងបឹងសិប្បនិម្មិតជិត ៧០ បឹង ដែលអនុញ្ញាតឱ្យខេត្តបង្កើតម៉ាកយីហោ “បឹងនៅលើភ្នំ”។
និយមន័យ “បឹងនៅលើភ្នំ” មិនមែនគ្រាន់តែជារបៀបហៅប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយជាម៉ាកយីហោមួយទៀតផង។ ក្នុងនោះ បឹងនីមួយៗតំណាងឱ្យរឿងរ៉ាវ និងបទពិសោធន៍ដ៏តែមួយគត់។ នៅក្នុងបរិបទដែលវិស័យទេសចរណ៍កាន់តែផ្តល់អាទិភាពដល់កត្តានិរន្តរភាពនោះ ការធ្វើអាជីវកម្មពីបឹងមិនត្រឹមតែជារឿងរ៉ាវអំពីការអភិវឌ្ឍផលិតផលប៉ុណ្ណោះទេ ថែមទាំងក៏ជាបញ្ហាអភិរក្សទៀតផង។ អាជ្ញាធរមូលដ្ឋាន និងផ្នែកទេសចរណ៍ខេត្តថៃង្វៀន កំពុងកសាងគំរូអភិវឌ្ឍន៍មួយដែលធានាបាននូវភាពសុខដុមរមនារវាងការធ្វើអាជីវកម្មនិងការអភិរក្ស។ លោកស្រី Chu Thi Do នាយិការងទទួលបន្ទុកមជ្ឈមណ្ឌលធ្វើអាជិវកម្មនិងជំរុញការអភិវឌ្ឍទេសចរណ៍ខេត្តថៃង្វៀន បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ ក្រៅពីការវិនិយោគដើម្បីធានាគុណភាពសេវាកម្ម យើងក៏ជំរុញការកសាង និងការពារទេសភាពបរិស្ថាន ក៏ដូចជាបង្កើតលំហដ៏សុខដុមរមនាបំផុតសម្រាប់អ្នកទេសចរ ជាពិសេសនៅក្នុងតំបន់ទេសចរណ៍បឹង Ba Be នេះ យើងក៏បង្កើនការឃោសនា និងចលនាប្រជាជនឱ្យមានការទទួលខុសត្រូវក្នុងការកសាងបរិយាកាសទេសចរណ៍ដ៏រួសរាយរាក់ទាក់”។
បន្ទាប់ពីការរួមបញ្ចូលគ្នា ការពង្រីកលំហភូមិសាស្ត្រ បានបង្កើតជាមូលដ្ឋានសម្រាប់ការពង្រីកចក្ខុវិស័យអភិវឌ្ឍន៍។ ខេត្ត ថៃង្វៀន កំពុងឈរនៅចំពោះមុខឱកាសដ៏ធំមួយដើម្បីរៀបចំរចនាសម្ព័ន្ធទេសចរណ៍ឡើងវិញ ឆ្ពោះទៅរកទិសដៅបៃតង ប្រកបដោយចីរភាព និងសម្បូរទៅដោយវប្បធម៌។
សម្រាប់ខេត្តថៃង្វៀន បទពិសោធន៍ទេសចរណ៍នៅក្នុងបឹង មិនត្រឹមតែជាផលិតផលទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាការតំរង់ទិសសម្រាប់ការអភិវឌ្ឍពីធម្មជាតិ ដើម្បីធម្មជាតិ និងរួមជាមួយធម្មជាតិទៀតផង៕








