នៅក្នុងបេះដូងនៃទីក្រុងហាណូយ វិមានគីញធៀន គឺជាវត្ថុបុរាណដ៏សំខាន់បំផុតនៃវិមានបុរាណនៅក្នុងកំពែងបរមរាជវាំងថាំងឡុង។ នៅលើគ្រឹះនៃវិមាននៃរាជវង្សលី ត្រឹន និងរាជវង្សឡេ បានសាងសង់វិមានសំខាន់ថ្មីមួយ ដែលមានឈ្មោះថា វិមានគីញធៀន។ នេះគឺជាលំនៅដ្ឋានរបស់អធិរាជ។ បរមរាជវាំងនេះក៏ជាកន្លែងដែលប្រារព្ធពិធីដ៏សំខាន់បំផុត ដូចជា៖ ពិធីឡើងគ្រងរាជ្យ ឬ ពិធីទទួលបេសកជនបរទេស...ជាដើម។
សាស្ត្រាចារ្យ បណ្ឌិត ង្វៀន ក្វាង ង៉ុក អនុប្រធានសមាគមវិទ្យាសាស្ត្រវៀតណាម បានឲ្យដឹងថា៖ “នៅឆ្នាំ ១៤២៨ បន្ទាប់ពីព្រះបាទ ឡេ ថៃ តូ បានឡោមព័ទ្ធ និងបញ្ចុះបញ្ចូលបន្ទាយដុងក្វាន ឲ្យចុះចាញ់ ហើយបានចូលទៅក្នុងបន្ទាយ។ នៅទីនេះហើយ ដែល ឡេ ថាយ តូ បានសាងសង់វិមានគីញ ធៀន ដែលជាវិមានសំខាន់បំផុតនៃបរមរាជវាំង ហើយវិមាននេះបន្តមរតកនៃវិមានដែលសាងសង់ក្នុងរជ្ជកាលរបស់ លី ថាយ តូ រហូតមកដល់សព្វថ្ងៃនេះ។ វិមានគីញ ធៀន កាន់កាប់ទីតាំងកណ្តាលនៃស្ថានសួគ៌ និងផែនដី ដែលជាមជ្ឈមណ្ឌលនៃប្រទេសជាតិរបស់យើង; ជានិមិត្តរូបខ្ពស់បំផុតនៃប្រវត្តិសាស្ត្រ និងវប្បធម៌វៀតណាម”។
នៅពីមុខបរមរាជវាំងគឺជាទីធ្លាធំ ជាកន្លែងដែលមន្ត្រី នាយម៉ឺន បានតម្រង់ជួរតាមឋានៈដើម្បីចូលរួមសវនាការនៅបរមរាជវាំង។ ពី ដ័ន មុន ផ្លូវនាំទៅដល់វិមាន គីញ ធៀន ដោយផ្ទាល់ ដែលបង្កើតជាអ័ក្សកណ្តាលនៃកំពែងបរមរាជវាំងថាំងឡុងទាំងមូល។
តាមរយៈការប្រែប្រួលនៃប្រវត្តិសាស្ត្រ វិមានគីញ ធៀនសព្វថ្ងៃនេះនៅតែជាប្រាសាទបុរាណ ជាមួយនឹងវេទិកាកម្ពស់ជិត ៣ ម៉ែត្រ និងជណ្ដើរថ្មពីរឈុតឆ្លាក់រូបនាគ ដែលជាលក្ខណៈពិសេសប្លែកមួយនៃរាជវង្ស ឡេ ដែលត្រូវបានទទួលស្គាល់ថាជាសម្បត្តិជាតិ។ ការជីកកកាយបុរាណវិទ្យា ដូចដែលបានណែនាំដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ដែលបានធ្វើឡើងនៅទីនេះក្នុងឆ្នាំ ២០១១, ២០២៣, ២០២៥ និង ២០២៦ បានរកឃើញវត្ថុបុរាណសំខាន់ៗជាច្រើន។ សាស្ត្រាចារ្យរង បណ្ឌិត តុង ទ្រុងទីន ប្រធានសមាគមបុរាណវិទ្យាវៀតណាម បានវិភាគថា៖ “គ្រឹះនៃវិមានគីញធៀនអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ថា មានរាងចតុកោណកែង។ នៅលើផែនការជាន់នោះ ច្រកជាច្រើនត្រូវបានបែងចែកសម្រាប់ការសាងសង់ស្ថាបត្យកម្ម។ បច្ចុប្បន្ននេះ គ្រឹះសសរបង្ហាញថា មានច្រកចំនួន ៩ ដែលត្រូវបានរៀបចំឡើងជាមួយនឹងធ្នឹមចំនួន ១០ ជួរ ដែលជួរនីមួយៗ នៃធ្នឹមត្រូវបានទ្រទ្រង់ដោយសសរចំនួន ៦ ផ្សេងគ្នា។ នេះគឺជារចនាសម្ព័ន្ធស្ថាបត្យកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃស្ថាបត្យកម្មវៀតណាម”។
គ្រឹះនៃវិមានគីញធៀនបង្ហាញពីស្តង់ដារនៃស្ថាបត្យកម្មបរមរាជវាំងវៀតណាម និងឆ្លុះបញ្ចាំងពីការអនុវត្តមនោគមវិជ្ជាខុងជឺក្នុងការសាងសង់ស្ថាបត្យកម្ម។ ស៊ុមឈើត្រូវបានសាងសង់ពីឈើដែក ហើយប្រព័ន្ធសសរទាំងមូលស្ថិតនៅលើគ្រឹះថ្ម។ លើសពីនេះ ដំបូលមានពីរជាន់ ជាមួយនឹងជ្រុងកោងគ្របដណ្តប់ដោយក្បឿងដែលមានលំនាំនាគរលោង ដែលបង្កើតបានជារូបរាងដ៏អស្ចារ្យ។
សាស្ត្រាចារ្យរង លោកវេជ្ជបណ្ឌិត ប៊ូយ មិញ ទ្រី អតីតនាយកវិទ្យាស្ថានស្រាវជ្រាវបរមរាជវាំង បានថ្លែងថា៖ “យើងបានស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីក្បឿងដំបូលនីមួយៗ រវាងរាជវង្ស ឡេដើមដំបូង ហើយវៀតណាម សម័យមីងសឺ ដើមដំបូងនៅចិន។ យើងទាំងអស់គ្នារកឃើញភស្តុតាងដែលមានភាពត្រឹមត្រូវខ្ពស់។ នេះគឺជាប្រភេទក្បឿងតែមួយគត់ ដែលត្រូវបានរកឃើញតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះ មិនមែននៅក្នុងប្រទេសដទៃទៀតនៅអាស៊ីបូព៌ាទេ។ នេះបង្ហាញពីរូបរាងដ៏ប្លែកនៃដំបូលវិមានគីញធៀននៅក្នុងស្ថាបត្យកម្មបរមរាជវាំងថាំងឡុងក្នុងអំឡុងរាជវង្សឡេដើមដំបូង ដែលបង្កើតភាពរស់រវើកថ្មីសម្រាប់ស្ថាបត្យកម្មវិមានវៀតណាម និងលើកកម្ពស់ឋានៈនៃវិមានវៀតណាមដល់កម្រិតពិសេសមួយ”។
បន្ទាប់ពីការស្រាវជ្រាវរយៈពេល ១៥ ឆ្នាំស្រាជ្រាវ និងការបញ្ចុះបញ្ចូលការគាំទ្រពីអង្គការយូណេស្កូ គម្រោងវិនិយោគសម្រាប់ការអភិរក្ស ការជួសជុល និងការស្តារឡើងវិញនៃវិមានគីញធៀនបានចាប់ផ្តើមជាផ្លូវការ។ យោងតាមមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ថាំងឡុង-ហាណូយ ការជួសជួលឡើងវិញនូវវិមានគីញធៀនត្រូវបានស្រាវជ្រាវយ៉ាងហ្មត់ចត់ ដោយបំពេញតាមតម្រូវការវិទ្យាសាស្ត្ររបស់ប្រទេស និងអនុសាសន៍របស់អង្គការយូណេស្កូ និងក្រុមប្រឹក្សាអន្តរជាតិស្តីពីវិមាន និងទីតាំង (ICOMOS) ដោយមានគោលដៅខ្ពស់បំផុតគឺការអភិរក្ស និងបង្កើនតម្លៃបេតិកភណ្ឌដ៏លេចធ្លោជាសកល។
លោក ង្វៀន ថាញ់ ក្វាង នាយកមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាំងឡុង -ហាណូយ បានថ្លែងថា៖ "យុទ្ធសាស្ត្របុរាណវិទ្យាគឺត្រូវបន្តមួយជំហានម្តងៗ ឆ្ពោះទៅរកការបង្កើតឡើងវិញនូវមុខងារទាំងមូលនៃទីធ្លាឡុងទ្រី និងដាន់ទ្រី រួមទាំងការអនុវត្តពិធីប្រពៃណីដែលបុព្វបុរសរបស់យើងបានធ្វើ។ ហើយនៅលើគ្រឹះនៃវិមានគីញធៀន យើងកំពុងបង្កើតឡើងវិញនូវលំហនៃវិមានគីញធៀនបន្តិចម្តងៗ។ បច្ចុប្បន្ននេះ យើងកំពុងអនុវត្តជំហានចាំបាច់នានា ហើយសង្ឃឹមថា នៅឆ្នាំ២០៣០ វិមានគីញធៀន និងទីធ្លាធំគីញធៀន នឹងត្រូវបានបញ្ចប់ការជួសជួលនៅក្នុងកំពែងបរមរាជវាំងឡុង។ នេះគឺជាមធ្យោបាយដ៏សំខាន់ និងល្អបំផុតសម្រាប់អ្នកទស្សនាក្នុងការយល់ដឹងអំពីកំពែងបរមរាជវាំងថាងឡុង”។
ចាប់ពីគ្រឹះ និងស្លាកស្នាមដែលនៅសេសសល់ រឿងរ៉ាវអំពីថាំងឡុងបុរាណនៅតែបន្តភ្ជាប់ទៅនឹងបច្ចុប្បន្ន និងត្រូវបានរៀបរាប់ឡើងវិញសម្រាប់មនុស្សជំនាន់ក្រោយ។ ការអភិរក្ស ការជួសជុល និងការកសាងឡើងវិញនៃវិមានគីញធៀនមិនត្រឹមតែមានគោលបំណងស្តាររចនាសម្ព័ន្ធស្ថាបត្យកម្មឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺជាកិច្ចការដ៏សំខាន់ និងជាចំណុចចាប់ផ្តើមសម្រាប់ការសម្រេចបាននូវចក្ខុវិស័យនៃអ័ក្សកណ្តាលនៃកំពែងបរមរាជវាំងថាំងឡុងនៅឆ្នាំ ២០៣៥ ដោយផ្អែកលើចក្ខុវិស័យ ១០០ ឆ្នាំនៃផែនការមេរដ្ឋធានីហាណូយ៕








