ឆ្ពោះទៅការរំលឹកខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ – ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) នាថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងហាណូយ ស្ទូឌីយ៊ូភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិម សហការជាមួយក្រុមហ៊ុន BEAT Network បានរៀបចំកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តឯកសារដោយមានចំណងជើងថា "នៅលើរទេះរុញ" របស់អតីតអ្នកដឹកនាំរឿង សិល្បករប្រជាជន លោក Le Manh Thich។
ជាមួយនឹងរយៈពេល ២៥ នាទី ខ្សែភាពយន្តឯកសារ "នៅលើរទេះរុញ" បាននាំមកជូនអ្នកទស្សនា នូវផ្ទាំងទស្សនីយភាពពិតប្រាកដ និងសម្បូរទៅដោយអារម្មណ៍ អំពីជីវភាពរបស់យុទ្ធជនពិការ បន្ទាប់ពីវិលត្រឡប់មកពីសង្គ្រាម។ រូបភាពនៃរទេះរុញ ត្រូវបានប្រើប្រាស់ជានិមិត្តរូប ពេញមួយស្នាដៃនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការលំបាកលំបិន និងការបាត់បង់ដែលយុទ្ធជនពិការ យុទ្ធជនមានជំងឺត្រូវប្រឈមមុខក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងពិពណ៌នាពីឆន្ទៈដ៏មុតមាំ ការតាំងចិត្តដ៏អស្ចារ្យ និងសេចក្តីប្រាថ្នាចង់បន្តរួមចំណែករបស់ពួកគេទៀតផង។ លោក Hoang Nguyen Trong Dung អ្នកទស្សនាម្នាក់មកពីខេត្ត Nghe An បានសម្តែងអារម្មណ៍បន្ទាប់ពីទស្សនាខ្សែភាពយន្តនេះថា៖
«តាំងពីមុនមក នេះគឺជាខ្សែភាពយន្តដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅបំផុតមកលើខ្ញុំ។ យុទ្ធជនជិះរទេះរុញ បន្តរស់នៅដោយការតាំងចិត្តដ៏អស្ចារ្យ និងគ្មានទុក្ខកង្វល់ទេ។ ពួកគេខិតខំប្រឹងប្រែងជានិច្ចដើម្បីធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងជីវភាពសម័យទំនើប។ តាមរយៈខ្សែភាពយន្តនេះ យើងអាចមើលឃើញពីការឈឺចាប់នៃសង្គ្រាម ដើម្បីឱ្យមនុស្សវ័យក្មេង អាចយល់ពីពលីកម្មរបស់មនុស្សជំនាន់មុនៗ ដូច្នេះយើងក៏ត្រូវធ្វើសកម្មភាពជាក់ស្តែងដើម្បីបង្ហាញពីការដឹងគុណ និងតបស្នងសងគុណចំពោះយុទ្ធជនពិការផងដែរ»។
ក្រៅពីការបញ្ចាំងភាពយន្ត កម្មវិធីនេះក៏បានបង្កើតបរិយាកាសសម្រាប់អតីតយុទ្ធជន ជួបប្រាស្រ័យនិងចែករំលែកជាមួយជំនាន់វ័យក្មេង រួមជាមួយនឹងការសន្ទនាដ៏មានអត្ថន័យជាមួយភ្ញៀវកិត្តិយសផងដែរ៕





