នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២០ ខែកក្កដា នៅប្រទេសហ្វីលីពីន ឧបការីរដ្ឋមន្ត្រីការបរទេស និងជាអ្នកនាំពាក្យអាស៊ាន លោក Dominic Xavier Imperial បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៩ នឹងពិនិត្យ វឌ្ឍនភាពដែលសម្រេចបានលើសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន វាយតម្លៃទំនាក់ទំនងការបរទេស និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិបន្ទាន់ផងដែរ។

«រដ្ឋមន្ត្រី​នានា​គ្រោង​នឹង​អនុម័តលើ​ឯកសារ​លទ្ធផល​សំខាន់ចំនួន​ពីរ រួម​មាន​សេចក្ដី​ថ្លែងការណ៍​រួម AMM៥៩ និង​សេចក្ដី​ណែនាំ​ស្ដីពីវិធីសាស្ត្រ​សហប្រតិបត្តិការ​របស់​អាស៊ាន​ជាមួយប្រទេសនានាដែលបានចុះហត្ថលេខាលើ​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​​អាស៊ីអាគ្នេយ៍ (TAC)។ សេចក្ដី​ថ្លែងការណ៍​រួម​គឺជា​ឯកសារ​គ្រប់ជ្រុងជ្រោយមួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​សម្រេច​ចិត្តនៃ​តំបន់ ជំហរ​លើ​ការវិវឌ្ឍន៍​អន្តរជាតិ និង​អាទិភាព​ស្នូលៗ។ ក្នុងពេលជាមួយគ្នានោះ សេចក្ដី​ណែនាំ​បង្កើត​ក្របខ័ណ្ឌ​សម្រាប់​ប្រទេស​ដែល​មិន​ទាន់​មានទំនាក់ទំនង​ភាព​ជា​ដៃគូ​ផ្លូវការ​ជាមួយ​អាស៊ាន។ ការ​ណែនាំ​ទាំងនេះ​គឺសំដៅ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំងនេះ ព្រមទាំង គាំទ្រ​គោលការណ៍​នៃ TAC ដូចជា​មូលដ្ឋាន​នៃ​សន្តិភាព ស្ថិរភាព និង​ការ​កសាង​ទំនុកចិត្ត​ក្នុង​តំបន់»។

អ្នកនាំពាក្យ​អាស៊ាន លោក Dominic Xavier Imperial ក៏​បាន​បញ្ជាក់​ពី​ជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោកស្រី Theresa Lazaro និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ផងដែរ។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារៈសំខាន់​ខ្លាំង​ ​សម្រាប់​ការ​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​ ផល​ប៉ះពាល់​ក្នុង​តំបន់ និង​ពិភពលោក។ ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​សមុទ្រខាងកើត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជា​បញ្ហា​សំខាន់ៗ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី៕