ក្នុងឱកាសនេះ កាសែត China Daily បានបង្ហោះអត្ថបទសរសេររបស់ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ដែលមានចំណងជើងថា "មហាសមុទ្រតែមួយ - អនាគតតែមួយ" ដែលក្នុងនោះ បានសង្កត់ធ្ងន់លើការទទួលខុសត្រូវក្នុងការរក្សាមហាសមុទ្រប៉ាស៊ីហ្វិកជាមហាសមុទ្រនៃសន្តិភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជានិច្ច; ជាកន្លែងដែលគ្រប់ភាគីទាំងអស់គោរពគ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិ រួមគ្នាការពារបរិស្ថានសមុទ្រ និងពង្រីកកាលានុវត្តភាពសម្រាប់ផលប្រយោជន៍រួម។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានលើកច្បាស់ថា ដោយផ្អែកលើទិសដៅសហប្រតិបត្តិការដែលបង្កើតឡើងដោយ APEC ចាំបាច់ត្រូវបន្តសម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ បង្កើនការតភ្ជាប់ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់; ជួយគាំទ្រសហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល; សហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស ហើយជំរុញកំណើនបៃតង និងប្រកបដោយចីរភាព។

ដោយបញ្ជាក់ពីការគាំទ្រនិងការសម្របសម្រួលយ៉ាងសកម្មរបស់វៀតណាមជាមួយប្រទេសចិនក្នុងការរៀបចំឆ្នាំ APEC ២០២៦ ប្រកបដោយជោគជ័យ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម មានគោលបំណងចង់បន្តសមិទ្ធផលទាំងនេះ ក្នុងឆ្នាំធ្វើជាម្ចាស់ផ្ទះនៃ APEC ២០២៧។ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនឹងរួមចំណែកដល់ការរក្សានិរន្តរភាព និងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដោយមានមហាសមុទ្រតែមួយ និងសេចក្ដីប្រាថ្នាសម្រាប់អនាគតកាន់តែប្រសើរឡើង វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយចិន និងសេដ្ឋកិច្ចជាសមាជិក APEC ផ្សេងទៀត ដើម្បីរក្សាសន្តិភាព បង្កើនការតភ្ជាប់ និងពង្រីកឱកាសអភិវឌ្ឍន៍ ដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយវិបុលភាពនិងចីរភាពសម្រាប់មនុស្សជំនាន់ក្រោយៗ៕