ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់។ ក្នុងសុន្ទរកថានៅសម័យប្រជុំពេញអង្គ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានសង្កត់ធ្ងន់ថា មហាសន្និបាត AIPA-៤៧ ក្រោមមូលបទ “សភាធានានូវអាស៊ានប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល” គឺជាការរួមចំណែកដ៏ខ្លាំងក្លា និងការរួមដំណើររបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការសម្រេចបាននូវសេចក្តីប្រាថ្នា និងសសរស្តម្ភយុទ្ធសាស្ត្ររបស់អាស៊ាន ខណៈដែលកំពុងឈានចូលដំណាក់កាលអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ ដើម្បីសម្រេចបាននូវមូលបទរបស់ AIPA-៤៧ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានចែករំលែកនូវទិសដៅសំខាន់ៗចំនួនបី រួមមាន៖ ពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងនីតិរដ្ឋ។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន ក៏បានកត់សម្គាល់ផងដែរថា សភានៃបណ្តាប្រទេសជាសមាជិកចាំបាច់ត្រូវកសាងច្រករបៀងផ្លូវច្បាប់សម្រាប់អាស៊ានប្រកបដោយភាពធន់ និងវិបុលភាព។

“សភានៃបណ្តាប្រទេសចាំបាច់ត្រូវឈានមុខគេក្នុងការកែលម្អស្ថាប័ន និងសុខដុមនីយកម្មច្បាប់ ដើម្បីដកចេញនូវរបាំងពាណិជ្ជកម្ម ជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ជាពិសេស ចាំបាច់ត្រូវផ្តល់អាទិភាពដល់ការកសាងក្របខ័ណ្ឌច្បាប់សម្រាប់កម្លាំងចលករកំណើនថ្មីៗ ដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ និងសន្តិសុខស្បៀង ដោយធានាថា គ្មានប្រទេសណាមួយត្រូវបានទុកចោលនៅខាងក្រោយនោះឡើយ។ យកប្រជាជនជាស្នូលក្នុងរាល់សេចក្តីសម្រេចចិត្តរបស់សភា។ ស្ថាប័ននីតិប្បញ្ញត្តិចាំបាច់ត្រូវពង្រឹងការត្រួតពិនិត្យលើការអនុវត្តការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីឱ្យប្រជាជន និងសហគ្រាសទទួលបានផលប្រយោជន៍ពិតប្រាកដពីសមាហរណកម្ម”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភាវៀតណាម។

មុននោះ នៅក្នុងពិធីបើកសម័យប្រជុំពេញអង្គ មហាសន្និបាត AIPA បានរៀបចំពិធីបញ្ចូលរដ្ឋសភាជាតិនៃប្រទេសទីម័រខាងកើត (Timor-Leste) ជាសមាជិកពេញសិទ្ធិរបស់ AIPA៕