ក្នុងអំឡុងពេលប្រវត្តិសាស្ត្រ មុខម្ហូបទាំងនេះត្រូវបានកែសម្រួលជាបណ្ដើរៗ ដោយបង្កប់នូវរសជាតិពិសេសនៃទីក្រុងសៃហ្គន ហើយបង្កើតបានជាផ្ទាំងគំនូរម្ហូបអាហារដ៏ចម្រុះពណ៌។
“ខ្ញុំបានបើកហាងលក់ចេកអាំងជាយូរមកហើយ។ ខ្ញុំលក់ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១០ ព្រឹក។ នេះជាម្ហូបប្រពៃណីនៃតំបន់ជនបទភាគខាងត្បូងវៀតណាម។ ខ្ញុំលក់បាន ៥០ ចេកជារៀងរាល់ថ្ងៃ”។
“ខ្ញុំលក់បង្អែមភាគខាងត្បូងជាច្រើនប្រភេទ។ រួមមានបង្អែមសណ្តែកដី បង្អែមពោត និងបង្អែមដំឡូងជ្វា”។
វប្បធម៌ម្ហូបអាហារនៃទីក្រុងហូជីមិញ គឺជាការប្រសព្វគ្នារវាងវប្បធម៌របស់ប្រជាជននៅតាមតំបន់ភាគខាងត្បូង និងសហគមន៍ជាច្រើនទៀតក្នុងដំណើរការចាប់បដិសន្ធិ និងអភិវឌ្ឍន៍របស់ទីក្រុង។ រសជាតិនៃម្ហូបអាហារទីក្រុងហូជីមិញគឺជាការលាយបញ្ចូលគ្នានៃរសជាតិមកពីតំបន់រាប់រយផ្សេងៗគ្នា។ អ្នកនិពន្ធ ផាម កុងលួន (Pham Cong Luan) អ្នកនិពន្ធសៀវភៅល្បីៗជាច្រើនស្តីពីជីវភាពវប្បធម៌នៃទីក្រុងហូជីមិញ បានឲ្យដឹងថា៖
«ទីក្រុងហូជីមិញមានប្រវត្តិសាស្ត្រ ៣០០ ឆ្នាំ។ មនុស្សជាច្រើនមកពីតំបន់ផ្សេងៗគ្នាបានមករស់នៅទីនេះ ដែលបង្កើតបានជាវប្បធម៌ម្ហូបដ៏ចម្រុះមួយ។ នៅដើមសតវត្សរ៍ទី ២០ មានរលកជនចំណាកស្រុកជាច្រើន មកពីតំបន់ភាគខាងជើង និងភាគកណ្តាល។ ហើយជាបណ្ដើរៗ ប្រជាពលរដ្ឋជំនាន់ថ្មីបាននាំយកលក្ខណៈម្ហូបអាហារដ៏ពិសេសនៃស្រុកកំណើតរបស់ពួកគេមកកាន់ទីក្រុងហូជីមិញ ដែលបង្កើតជាលក្ខណៈវិសេសវិសាលនិងសម្បូរបែបសម្រាប់ម្ហូបអាហារទីក្រុង»។
ចាប់ពីអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច រហូតដល់អាហារសម្រន់និងបង្អែម អ្នកទទួលទានអាហារមានជម្រើសជាច្រើននៅក្នុងតំបន់តែមួយ។ គ្រាន់តែអង្គុយលើកៅអីប្លាស្ទិកតូចមួយនៅជ្រុងផ្លូវ អ្នកទេសចរអាចទទួលទាននំបញ្ចុកសាច់គោក្ដៅៗមួយចាន ឬនំប៉័ងស្រួយៗមួយកំណាត់ នៅតាមដងផ្លូវដ៏មមាញឹក។ អ្នកស្រី មី លីញ ម្ចាស់ហាងលក់នំបញ្ចុកសាច់គោ 5T បានចែករំលែកថា៖
«ខ្ញុំជាជនភាគខាងជើង មកទីនេះបើកហាងលក់នំបញ្ចុកសាច់គោ បាន ៤ ឆ្នាំមកហើយ។ នំបញ្ចុកសាច់គោមាន រសជាតិផ្អែមស្រាល ទឹកស៊ុបថ្លា។ អតិថិជនដែលចូលចិត្តរសជាតិស្រាលៗ តែងតែមកហាងខ្ញុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំលក់នំបញ្ចុកសាច់គោបានចន្លោះពី ១៥០ ទៅ ២៥០ ចាន»។
ម្ហូបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពវប្បធម៌នៃទីក្រុងហូជីមិញ ដែលជាស្ពានឆ្លុះបញ្ចាំងពីភាពចម្រុះ និងភាពសម្បូរបែបនៃសហគមន៍ប្រជាជន។ ម្ហូបនីមួយៗនៅទីនេះ បង្កប់នូវរឿងរ៉ាវរបស់អ្នកដែលបានចាកចេញពីស្រុកកំណើតដើម្បីចាប់អាជីពនៅទីនេះ។ សម្រាប់ពួកគេ ទីក្រុងនេះមិនត្រឹមតែគួរឱ្យចាប់អារម្មណ៍ដោយអគារខ្ពស់ៗ ភោជនីយដ្ឋានដ៏ប្រណីត ដែលស្ថិតនៅក្នុងចំណោមហាងលក់អាហារដ៏សាមញ្ញៗតាមចិញ្ចើមផ្លូវប៉ុណ្ណោះទេ ថែមទាំងក៏ជាអារម្មណ៍ដែលធ្លាប់ស្គាល់ ពេលដែលរកឃើញរសជាតិនៃស្រុកកំណើតនៅកណ្ដាលទីក្រុងដ៏ធំល្វឹងល្វើយនេះទៀតផង។ ដោយបានមកសិក្សា និងធ្វើការនៅទីក្រុងហូជីមិញអស់រយៈពេល ៧ ឆ្នាំ អ្នកស្រី វូ ធី ហុងញ៉ុង មកពីទីក្រុងហ្វេ បានចែករំលែកថា៖
«ពេលឃ្លាតឆ្ងាយពីផ្ទះ ខ្ញុំនឹកផ្ទះខ្លាំងណាស់។ ពេលដែលខ្ញុំញ៉ាំម្ហូបអាហារស្រុកកំណើតនៅទីក្រុងហូជីមិញ ខ្ញុំតែងតែនឹករលឹកដល់អនុស្សាវរីយ៍ពីស្រុកកំណើតរបស់ខ្លួន។ ម្ហូបនៅទីនេះមានភាពសម្បូរបែបនិងការច្នៃផងដែរ។ ម្ហូបអាហារនៃទីក្រុងហូជីមិញគឺជាការរួមបញ្ចូលគ្នានៃតំបន់ជាច្រើន ពីភាគខាងជើង ភាគកណ្តាល រហូតដល់លក្ខណៈពិសេសនៃភាគខាងត្បូងទៀតផង។ ខ្ញុំបានទទួលទានមុខម្ហូបពិសេសៗជាច្រើនមុខរបស់វៀតណាម។ ខ្ញុំក៏ចូលចិត្តភាពច្នៃប្រឌិតនៅក្នុងម្ហូបទាំងនេះផងដែរ»។
ម្ហូបក៏កំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃបទពិសោធន៍ទេសចរណ៍នៅទីក្រុងហូជីមិញ។ អ្នកទេសចរមិនត្រឹមតែស្វែងរកម្ហូបមួយមុខប៉ុណ្ណោះទេ ថែមទាំងស្វែងរករបៀបទទួលទាន នៅក្នុងបរិយាកាសដ៏ពិសេសនៃទីក្រុងទៀតផង។ អាហារមួយពេល ក៏អាចក្លាយជាឱកាសដើម្បីជួបជុំ ជជែក និងតភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ឬមនុស្សដែលជួបជាលើកដំបូង។ ហើយនៅពេលដែលចាកចេញពីទីក្រុងនេះ មនុស្សម្នានៅតែចងចាំជានិច្ចអំពីអនុស្សាវរីយ៍ដ៏ស្រស់ស្អាតទាំងនោះ៕








