ដំណើរព្រះរាជទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបើកចេញជំពូកថ្មីមួយ បង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ទំនាក់ទំនងវៀតណាម-ថៃ អភិវឌ្ឍកាន់តែជាក់ស្តែង ស៊ីជម្រៅ និងមានប្រសិទ្ធភាព។
វៀតណាម និងថៃ គឺជាប្រទេសជិតខាងទាំងពីរនៅអាស៊ីអាគ្នេយ៍។ ប្រទេសទាំងពីរមានភាពស្រដៀងគ្នានៅក្នុងប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងសេចក្តីប្រាថ្នាដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៦មក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់ដំណើរការដ៏វែងឆ្ងាយ ជាមួយនឹងព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ ជាពិសេស ការលើកកម្ពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៥ បានបើកចេញជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងវៀតណាម-ថៃ។
អត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅ
ដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាមរបស់ព្រះមហាក្សត្រថៃនិងព្រះអគ្គមហេសី បានធ្វើឡើងនៅក្នុងបរិបទពិសេស នៅពេលដែលប្រទេសទាំងពីរកំពុងរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៦-២០២៦)។
ការដែលរាជវង្សថៃបានជ្រើសរើសវៀតណាមជាគោលដៅបំពេញព្រះរាជទស្សនកិច្ច បានបញ្ជាក់ពីការយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី ពង្រឹងទំនុកចិត្តនយោបាយនៅកម្រិតខ្ពស់បំផុត និងបង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លា សម្រាប់ការអនុវត្តន៍ក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីខែឧសភា ឆ្នាំ ២០២៥មក។ ដោយធ្វើអត្ថាធិប្បាយលើសារៈសំខាន់នៃដំណើរព្រះរាជទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃលោក ផាម វៀតហ៊ុង បានចែករំលែកថា៖ «នេះជាលើកដំបូងក្នុងរយៈពេល ៥០ ឆ្នាំដែលព្រះមហាក្សត្រថៃ និងព្រះអគ្គមហេសី បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម។ សម្រាប់ព្រះមហាក្សត្រ នេះជាដំណើរទស្សនកិច្ចលើកទីបីរបស់ព្រះអង្គមកកាន់វៀតណាម ប៉ុន្តែដំណើរទស្សនកិច្ចចំនួនពីរលើកមុនៗ គឺក្នុងឋានៈជាព្រះរាជទាយាទ។ លើកនេះ ព្រះអង្គយាងបំពេញដំណើរព្រះរាជទស្សនកិច្ចក្នុងឋានៈជាព្រះមហាក្សត្រ។ នេះជាព្រឹត្តិការណ៍ដែលមានលក្ខណៈជានិមិត្តរូបយ៉ាងធំធេង។ កាលពីដើមឆ្នាំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃ។ ការដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកក្នុងរយៈពេលមួយឆ្នាំ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងច្បាស់លាស់របស់រដ្ឋ និងរដ្ឋាភិបាលទាំងពីរ ដើម្បីបន្តរួមដំណើរជាមួយគ្នា និងពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់រយៈពេល ៥០-១០០ ឆ្នាំខាងមុខ»។
ស្ពានតភ្ជាប់ពីប្រជាជន
មិនត្រឹមតែនៅថ្នាក់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែសញ្ញាសម្គាល់នៃកិច្ចសហប្រតិបត្តិការវៀតណាម-ថៃក៏ត្រូវបានពូនជ្រុំតាមរយៈជីវភាពសហគមន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនផងដែរ។ រាជវង្សថៃយកចិត្តទុកដាក់ចំពោះគម្រោងគាំទ្រសហគមន៍នៅវៀតណាម។ ឯកអគ្គរដ្ឋទូត ផាម វៀតហ៊ុង បានបន្ថែមថា៖ «ទាំងនេះគឺជាគម្រោងជាក់ស្តែង និងមានអត្ថន័យមនុស្សធម៌យ៉ាងខ្លាំងក្លា។ ចាប់ពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន(Maha Chakri Sirindhorn) បានឧបត្ថម្ភ និងអនុវត្តគម្រោងជាច្រើននៅក្នុងសាលារៀននានាក្នុងខេត្តនិញប៊ិញ ហ័រប៊ិញ និងក្វាងនិញ... ដោយមានគោលដៅជាក់ស្តែងក្នុងការកែលម្អអាហារូបត្ថម្ភ ការថែទាំសុខភាព ទឹកស្អាត ការដាំដំណាំ ការចិញ្ចឹមសត្វ និងបំណិនជីវិត។ គួរឲ្យកត់សម្គាល់ថា គម្រោងទាំងនេះមិនត្រឹមតែផ្តោតលើការដោះស្រាយបញ្ហាបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់នឹងគំរូបណ្តុះបណ្តាលបំណិនជីវិត និងបម្រើគោលដៅអភិវឌ្ឍន៍រយៈពេលវែង និងទូលំទូលាយរបស់មនុស្សជំនាន់ក្រោយ»។
ចំណាប់អារម្មណ៍ និងសញ្ញាសម្គាល់របស់សហគមន៍ជនវៀតណាមនៅថៃក៏ជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។ នៅខេត្តឧដុង្គថានី ពិធីបើកសម្ពោធ "ផ្លូវវៀតណាម" – VietNam Town - ក្នុងឆ្នាំ ២០២៣ គឺជាសក្ខីភាពដ៏រស់រវើកចំពោះវត្តមាន និងការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅថៃ។ លោក Kavi Chongkittavorn អ្នកជំនាញមកពីវិទ្យាស្ថានសន្តិសុខ និងអន្តរជាតិនៅសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ បានសង្កត់ធ្ងន់ថា៖ «នេះគឺជាវិថីដំបូងគេដែលដាក់ឈ្មោះតាមប្រទេសវៀតណាមនៅក្នុងតំបន់ ដែលបង្ហាញពីវត្តមាន និងសញ្ញាសម្គាល់របស់សហគមន៍វៀតណាមនៅបរទេស។ នេះក៏ជាការទទួលស្គាល់របស់រាជរដ្ឋាភិបាលថៃ ជាពិសេសអាជ្ញាធរខេត្តឧដុង្គថានី ចំពោះកន្លែងមួយដែលត្រូវបានហៅថា វិថីវៀតណាម។ នេះមានសារៈសំខាន់ជាពិសេសនៅក្នុងប្រទេសថៃ ដោយសារជនជាតិវៀតណាមជាង ១០០,០០០ នាក់កំពុងរស់នៅ ធ្វើការ និងចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសហគមន៍ក្នុងប្រទេសសាមី»។
ចាប់ពីព្រឹត្តិការណ៍សំខាន់ៗកម្រិតខ្ពស់រហូតដល់ការតភ្ជាប់នៅក្នុងសហគមន៍ ទំនាក់ទំនងវៀតណាម-ថៃកំពុងត្រូវបានកសាងដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំកាន់តែខ្លាំង។ រយៈពេល ៥០ឆ្នាំគឺជាសញ្ញាសម្គាល់នៃដំណើរការមួយ ប៉ុន្តែក៏ជាការចាប់ផ្តើមនៃដំណើរថ្មី៖ រួមគ្នាឆ្ពោះទៅអនាគត។ នៅក្នុងបរិបទនោះ ដំណើរព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រថៃ និងព្រះអគ្គមហេសី ទៅកាន់វៀតណាម មានអត្ថន័យជានិមិត្តរូប ហើយត្រូវបានរំពឹងថានឹងបន្តពង្រឹងការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ប្រទេសទាំងពីរក្នុងការអនុវត្តន៍កិច្ចសន្យាសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕








