ថ្ងៃនេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម ដោយបើកលំហថ្មីមួយសម្រាប់ប្រទេសជាតិដើម្បីចូលរួមក្នុងយន្តការសហប្រតិបត្តិការពហុភាគី ទាញយកធនធានអន្តរជាតិ បម្រើបុព្វហេតុជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងកសាងប្រទេសជាតិ។
បន្ទាប់ពីចូលរួមអង្គការសហប្រជាជាតិ វៀតណាមទទួលបានការយល់ព្រមនិងការគាំទ្រពីប្រទេសជាសមាជិកនានា ដើម្បីឲ្យមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៣២ (ឆ្នាំ ១៩៧៧) អនុម័តលើសេចក្តីសម្រេចចិត្តលេខ ៣២/២ ដោយអំពាវនាវឱ្យប្រទេស និងអង្គការអន្តរជាតិនានាផ្តល់ជំនួយ និងជួយគាំទ្រវៀតណាមក្នុងការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម។
វៀតណាមក៏បានចូលរួមកាន់តែស៊ីជម្រៅ និងចូលរួមចំណែកយ៉ាងជាក់ស្ដែងដល់ការងាររួមរបស់អង្គការសហប្រជាជាតិផងដែរ ចាប់ពីការរក្សាសន្តិភាព ការធានាសិទ្ធិមនុស្ស ការជួយសង្គ្រោះមនុស្សធម៌ ការអភិវឌ្ឍប្រកបដោយចីរភាព រហូតដល់ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ ទន្ទឹមនឹងនោះ បានចូលរួមជាបណ្ដើរៗក្នុងដំណើរការកសាងច្បាប់ ស្តង់ដារ និងរបៀបវារៈរបស់អង្គការនេះដែរ។ ជាពិសេស វៀតណាមបានកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ចំនួនពីរដង សម្រាប់អាណត្តិ ២០០៨-២០០៩ និង ២០២០-២០២១; ជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រាប់ ៣ អាណត្តិ។ ល។
ការចូលរួមកាន់តែសកម្មនិងម្ចាស់ការ នៅក្នុងអង្គការសហប្រជាជាតិ បានជួយប្រទេសវៀតណាមធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចការបរទេស ទាំងពហុភាគី និងទ្វេភាគី; បង្កើនការទទួលបានចំណេះដឹង ស្តង់ដារ និងធនធានអន្តរជាតិដើម្បីបម្រើបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ប្រកបដោយចីរភាព និងអនុវត្តន៍អាទិភាពយុទ្ធសាស្ត្រ។ ក្នុងពេលជាមួយគ្នានេះ បង្កើតលំហពហុភាគីដើម្បីការពារ លើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជាតិដោយសន្តិវិធី ហើយជួយបង្កើនសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចផងដែរ៕






