នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ ពីបន្ទប់តូចមួយនៅផ្ទះលេខ ១២៨C វិថី Dai La ទីក្រុងហាណូយ កម្មវិធីផ្សាយព័ត៌មានដំបូងរបស់វិទ្យុសំឡេងវៀតណាមបានចាក់ផ្សាយសេចក្តីប្រកាសឯករាជ្យ ដែលលោកប្រធានហូជីមិញបានអាន កាលពីប្រាំថ្ងៃមុន នៅទីលានបាឌីញប្រវត្តិសាស្ត្រ។ បន្ទាប់នោះគឺផ្នែកព័ត៌មានប្រចាំថ្ងៃជាភាសាចំនួន ៣ រួមមាន វៀតណាម បារាំង និងអង់គ្លេស។

អស់រយៈពេល ៨១ ឆ្នាំកន្លងមកនេះ វិទ្យុសំឡេងវៀតណាមនៅតែមានវត្តមាន រួមដំណើរជាមួយប្រទេសជាតិ ហើយក្លាយជាស្ពានតភ្ជាប់វៀតណាម និងមិត្តភក្តិអន្តរជាតិ។ ចំពោះលោក Piotr Yuryevich Tsvetov អតីតអ្នកសារព័ត៌មានរុស្ស៊ីម្នាក់ ដែលធ្លាប់មានវត្តមាននៅវៀតណាមតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ សំឡេងវៀតណាមដែលបន្លឺឡើងពីឧបករណ៍បំពងសំឡេងសាធារណៈនៅតាមដងផ្លូវនៃទីក្រុងហាណូយ ជិតកន្លះសតវត្សរ៍មុន គឺជាសំឡេងដែលមិនអាចបំភ្លេចបាន ហើយវិទ្យុសំឡេងវៀតណាមជានិច្ចកាលជាប្រភពព័ត៌មានដ៏មានប្រយោជន៍។

“ខ្ញុំគិតថា ព័ត៌មានរបស់អ្នកមានប្រយោជន៍ខ្លាំងណាស់ ហើយសំខាន់បំផុត វាទាន់ហេតុការណ៍។ ដូច្នេះ អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសវៀតណាម ខ្ញុំបានដឹងដំបូងពីវិទ្យុសំឡេងវៀតណាម។ នេះគឺជាប្រភពព័ត៌មានដ៏ល្អមួយ ដែលជួយឲ្យខ្ញុំយល់អំពីដំណើរការដែលកំពុងកើតឡើងនៅវៀតណាម ហើយម្យ៉ាងវិញទៀត វាជួយឲ្យខ្ញុំយល់អំពីការវាយតម្លៃរបស់វៀតណាមចំពោះព្រឹត្តិការណ៍នានាទាក់ទងនឹងនយោបាយពិភពលោក។ អ្នកតែងតែខិតខំរាយការណ៍ដោយសត្យានុម័ត”។

សម្រាប់លោក Tsvetov វិទ្យុសំឡេងវៀតណាមមិនត្រឹមតែជាប្រភពព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃការចងចាំ និងជាផ្នែកមួយនៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕