VOV WorldVOV World
គណៈរដ្ឋមន្ត្រីថ្មីរបស់បង់ក្លាដែសនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី១៧ ខែកុម្ភៈ
15/02/2026 08:32
(VOVWORLD) - នៅថ្ងៃទី១៧ ខែកុម្ភៈ គណៈរដ្ឋមន្ត្រីថ្មីរបស់បង់ក្លាដែសនឹងត្រូវស្បថចូលកាន់តំណែងនៅទីក្រុងដាកា ប្រាំថ្ងៃ បន្ទាប់ពីគណបក្សជាតិបង់ក្លាដែស (BNP) បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភានីតិកាលទី១៣។ ស្ថាប័នប្រតិបត្តិថ្មីនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ នឹងដឹកនាំដោយលោក Tarique Rahman ប្រធានគណបក្ស BNP។
គណៈរដ្ឋមន្ត្រីថ្មីរបស់បង់ក្លាដែសនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី១៧ ខែកុម្ភៈ
លោក Tarique Rahman ប្រធានគណបក្សជាតិនិយមបង់ក្លាដែស (BNP) ចូលរួមសន្និសីទសារព័ត៌មានបន្ទាប់ពីគណបក្ស BNP ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិលើកទី ១៣ នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ (រូបថត៖ REUTERS/Mohammad Ponir Hossain) លោក Tarique Rahman បានចាប់ផ្តើមចងក្រងបញ្ជីបេក្ខជនសម្រាប់គណៈរដ្ឋមន្ត្រីថ្មី។ ទោះជាយ៉ាងណាក៏ដោយ គណៈរដ្ឋមន្ត្រីដំបូងនឹងមានសមាជិកមួយចំនួនតូចប៉ុណ្ណោះ។ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់គណៈរដ្ឋមន្ត្រី សមាជិកសភាបង់ក្លាដែសដែលទើបជាប់ឆ្នោតថ្មីក៏នឹងត្រូវស្បថចូលកាន់តំណែងផងដែរ។ តាមគម្រោង ពិធីស្បថចូលកាន់តំណែងនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មក ពីគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីខាងត្បូង។ មុននោះ នៅក្នុងការបោះឆ្នោតទូទៅ និងការធ្វើប្រជាមតិដែលបានធ្វើឡើងនៅថ្ងៃទី ១២ ខែកុម្ភៈ គណបក្ស BNP បានឈ្នះអាសនៈចំនួន ២០៩ ក្នុងចំណោមអាសនៈចំនួន ២៩៧ នៅក្នុងសភាបង់ក្លាដែសថ្មី ដោយទទួលបានអាសនៈជាង ២/៣។ នេះគឺជាការបោះឆ្នោតទូទៅលើកដំបូងចាប់តាំងពីការបះបោរឆ្នាំ ២០២៤ នៅពេលដែលរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានដួលរលំ ហើយរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង៕ លោក Rahman បានមាតុភូមិនិវត្តន៍នៅខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីនិរទេសខ្លួនរយៈពេល ១៧ ឆ្នាំនៅចក្រភពអង់គ្លេស។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកត្រូវបានគេស្គាល់ជាចម្បងថាជាកូនប្រុសរបស់អតីតប្រធានាធិបតី Ziaur Rahman និងអតីតនាយករដ្ឋមន្ត្រី Khaleda Zia - ឥស្សរជនពីររូបដែលមានឥទ្ធិពលខ្លាំងនៅក្នុងនយោបាយបង់ក្លាដែស។ ក្នុងវ័យអាយុ ៦០ ឆ្នាំ លោក Rahman បច្ចុប្បន្នជាមេដឹកនាំនៃគណបក្សជាតិនិយមបង់ក្លាដែស (BNP)៕ 
TAG
VOV/VOVworld/គណៈរដ្ឋមន្ត្រីថ្មី/បង់ក្លាដែស/ស្បថ/ចូលកាន់តំណែង/ថ្ងៃទី១៧ ខែកុម្ភៈ