លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃទី ៧ ខែកញ្ញា បានអំពាវនាវឱ្យអ៊ីរ៉ង់បន្តកិច្ចសហប្រតិបត្តិការឡើងវិញ ចំពេលដែលមហាអំណាចលោកខាងលិច ជំរុញឱ្យផ្ទេរឯកសារនុយក្លេអ៊ែររបស់ប្រទេសនេះ ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ថ្លែងបន្ទាប់ពីការបើកសម័យប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាភិបាល IAEA នៅទីក្រុងវីយែន ប្រទេសអូទ្រីស លោក Grossi បានចាត់ទុកថា ការដែលអ៊ីរ៉ង់អនុញ្ញាតឱ្យទីភ្នាក់ងារនេះ ចូលទៅកាន់មូលដ្ឋាននុយក្លេអ៊ែរសំខាន់ៗ នឹងបង្កផលប៉ះពាល់វិជ្ជមាន។ IAEA មិនទាន់មានសិទ្ធិចូលទៅកាន់កន្លែងទាំងនេះនៅឡើយទេ ចាប់តាំងពីជម្លោះរយៈពេល ១២ ថ្ងៃក្នុងខែមិថុនា ឆ្នាំ ២០២៥ ដែលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានធ្វើសេចក្ដីព្រាងសម្រេចចិត្តមួយ ដែលគ្រោងនឹងត្រូវបានបង្ហាញនិងបោះឆ្នោតនៅសប្តាហ៍នេះ ដោយស្នើឱ្យផ្ទេរសំណុំឯកសាររបស់អ៊ីរ៉ង់ទៅក្រុមប្រឹក្សាសន្តិសុខ ដោយសារតែទីក្រុងតេអេរ៉ង់មិនប្រតិបត្តិតាមកាតព្វកិច្ចរាយការណ៍ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានហៅសេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះជា "សកម្មភាពអស់សង្ឃឹមថ្មី" មួយហើយបានអះអាងថា កាលវិកានេះនឹងមិននាំមកនូវផលប្រយោជន៍នោះទេ៕