នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al Thani ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) Mohamed bin Zayed Al Nahyan បានស្នើឱ្យសហរដ្ឋអាមេរិក “ពន្យារពេលជាបណ្ដោះអាសន្នការវាយប្រហារយោធាដែលបានគ្រោងទុក” ដោយសារតែការចរចានៅតែកំពុងដំណើរការ។ យោងតាមលោក ត្រាំ ថ្នាក់ដឹកនាំនៃតំបន់ឈូងសមុទ្រពែរ្ស ជឿជាក់ថា កិច្ចព្រមព្រៀងមួយ “ដែលអាចទទួលយកបានទាំងស្រុង” សម្រាប់សហរដ្ឋអាមេរិក បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងសហគមន៍អន្តរជាតិអាចសម្រេចបានក្នុងពេលឆាប់ៗនេះ។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះត្រូវតែរួមបញ្ចូលលក្ខខណ្ឌថា “អ៊ីរ៉ង់មិនមានអាវុធនុយក្លេអ៊ែរ” ជាពុំខាន។
នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបញ្ជាក់ថា ដំណើរការចរចានៅតែបន្ត។ លោកបាននិយាយថា អ៊ីរ៉ង់បានឆ្លើយតបទៅនឹងសំណើថ្មីបំផុតពីសហរដ្ឋអាមេរិក ហើយបានបង្ហាញពីការព្រួយបារម្ភរបស់ទីក្រុងតេអេរ៉ង់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនទាក់ទងនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
ទាក់ទងនឹងច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី ១៨ ឧសភា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់បានប្រកាសពីការបង្កើតទីភ្នាក់ងារច្រកសមុទ្រឈូងសមុទ្រពែរ្ស (PGSA) ដែលជាទីភ្នាក់ងារថ្មីមួយដើម្បីគ្រប់គ្រងច្រកសមុទ្រនេះ។ PGSA នឹងផ្តល់ “ការធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្ដែងអំពីសកម្មភាពនៅក្នុងច្រកសមុទ្រហ័រមូស និងការវិវឌ្ឍថ្មីៗបំផុត”៕





