នេះគឺជាលទ្ធផលនៃការពិភាក្សាយ៉ាងស៊ីជម្រៅជាច្រើនរវាងតំណាងចរចាមកពីអ៊ីរ៉ង់ ប៉ាគីស្ថាន និងកាតា នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានបញ្ជាក់ថា ភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការព្រមព្រៀងគ្នាលើអនុស្សរណៈយោគយល់គ្នាចំនួន ១៤ ចំណុច។ ខ្លឹមសារស្នូលនៃអនុស្សរណៈរួមមាន៖ ការបញ្ចប់សង្គ្រាមទាំងស្រុង ការលុបបំបាត់ការហ៊ំព័ទ្ធទ័ពជើងទឹកអាមេរិក និងការដោះទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កក។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់បានទទួលស្គាល់ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនមិនទាន់បានព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវរួមសម្រាប់ការចុះហត្ថលេខាលើអនុស្សរណៈនេះនៅឡើយទេ។
ទាក់ទងនឹងប្រតិកម្មរបស់អ៊ីស្រាអែល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពី យប់មិញថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានធ្វើកិច្ចប្រជុំពិសេសមួយជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ និងមេដឹកនាំនៃសម្ព័ន្ធភាពនយោបាយកាន់អំណាច ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ប៉ុស្តិ៍ទូរទស្សន៍ Channel ១២ របស់អ៊ីស្រាអែលបានរាយការណ៍ថា មេដឹកនាំរដ្ឋាភិបាលបានពិពណ៌នាអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានស្នើឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថា "អាក្រក់ខ្លាំងណាស់សម្រាប់អ៊ីស្រាអែល"៕





