VOV WorldVOV World
លោកអគ្គលេខាបក្ស តូ ឡឹម ទៅសួរសុខទុក្ខ លើកទឹកចិត្តកម្មាភិបាល បុគ្គលិក កម្មករ និងអ្នកបច្ចេកទេសនៃវិទ្យុសំឡេងវៀតណាម
14/02/2026 08:25
(VOVWORLD) - ក្នុងបរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំមមី អដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល បុគ្គលិក កម្មករ និងអ្នកបច្ចេក ទេសនៃវិទ្យុសំឡេងវៀតណាម នៅទីស្នាក់ការវិទ្យុសំឡេងវៀតណាម ទីក្រុងហាណូយ។
លោកអគ្គលេខាបក្ស តូ ឡឹម ទៅសួរសុខទុក្ខ លើកទឹកចិត្តកម្មាភិបាល បុគ្គលិក កម្មករ និងអ្នកបច្ចេកទេសនៃវិទ្យុសំឡេងវៀតណាម
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល បុគ្គលិក កម្មករ និងអ្នកបច្ចេកទេសនៃវិទ្យុសំឡេងវៀតណាម។ (រូបថត៖ Duc Anh/VOV5) នៅទីនេះ លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម បានជម្រាបជូនលោកអគ្គលេខាបក្ស តូ ឡឹម ថា ឥឡូវនេះ វិទ្យុសំឡេងវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើសកម្មភាពផលិតខ្លឹមសារ ដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានក្រោមទម្រង់ជាច្រើននៅលើវេទិកាឌីជីថល ប៉ុន្តែសសរស្តម្ភនៅតែជាកម្មវិធីវិទ្យុ។ វិទ្យុសំឡេងវៀតណាម បានត្រួតពិនិត្យស្ថានីយ៍ផ្សាយទាំងអស់ ដើម្បីធានាថា ការផ្សាយតាមរលកវិទ្យុអាចគ្របដណ្តប់ ១០០% នៃសមុទ្រខាងកើតទាំងមូល រួមទាំងឈូងសមុទ្រថៃ ប្រជុំកោះ Truong Sa, Hoang Sa និងឈូងសមុទ្រភាគខាងជើង ព្រមទាំងផ្សាយជាភាសាបរទេសចំនួន ១២ ទៅកាន់ពិភពលោកផងដែរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានចែករំលែកជាមួយកម្មាភិបាល បុគ្គលិក កម្មករ និងអ្នកបច្ចេកទេសនៃវិទ្យុសំឡេងវៀតណាម (VOV) ដែលកំពុងថែរក្សារលកវិទ្យុ ដើម្បីផ្ដល់ព័ត៌មានទាន់ពេលវេលាទៅកាន់ប្រជាពលរដ្ឋគ្រប់រូប គ្រប់មូលដ្ឋាន និងគ្រប់តំបន់ក្នុងប្រទេស។ (រូបថត៖ Duc Anh/VOV5) អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះសំណាល លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “អាចនិយាយបានថា អស់រយៈពេល ៨០ ឆ្នាំកន្លងមកនេះ វិទ្យុសំឡេងវៀតណាម បានអមដំណើរជោគវាសនារបស់ប្រជាជាតិ។ បច្ចុប្បន្ននេះ រលកវិទ្យុបានគ្របដណ្តប់សព្វទីកន្លែងក្នុងប្រទេស ហើយឈានទៅសមុទ្រខាងកើត។ វិទ្យុសំឡេងវៀតណាមមិនត្រឹមតែមាននៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ។ វិទ្យុសំឡេងវៀតណាមក៏បានផ្សាយជាភាសាបរទេសចំនួន ១២ សម្រាប់មិត្តភក្តិបរទេស និងសម្រាប់សហគមន៍ជនជាតិវៀតណាមនៅបរទេសផងដែរ។ ប៉ុស្តិ៍វិទ្យុជាច្រើនត្រូវបានប្រជាជនកោតសរសើរយ៉ាងខ្លាំង។ នេះគឺជាលទ្ធផលនៃស្មារតីទទួលខុសត្រូវ សេចក្តីស្រឡាញ់ចំពោះវិជ្ជាជីវៈ និងសេចក្ដីប្រាថ្នាចង់បម្រើប្រជាជន”។ លោកអគ្គលេខាបក្ស តូ ឡឹម មានបំណងថា VOV នឹងបង្កើនគុណភាពកម្មវិធីនាពេលខាងមុខ។ (រូបថត៖ Duc Anh/VOV5) ដោយសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងតម្រូវការខ្ពស់លើការងារព័ត៌មាន និងឃោសនា លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងគោលបំណងថា នាពេលខាងមុខ វិទ្យុសំឡេងវៀតណាមនឹងបង្កើនគុណភាពកម្មវិធីនៅលើរលកវិទ្យុ ដោយខិតខំធ្វើឱ្យកម្មវិធីនីមួយៗក្លាយជាសំឡេងពិតប្រាកដ ទាន់ពេលវេលា និងមនុស្សសាស្ត្រ រួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបក្ស និងរដ្ឋ ព្រមទាំងតស៊ូប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ទៅនឹងទស្សនៈខុសឆ្គងផងដែរ។ លោកអគ្គលេខាបក្ស តូ ឡឹម ទៅទស្សនា ត្រួតពិនិត្យការងារព័ត៌មាននិងឃោសនា ព្រមទាំងសួរសុខទុក្ខ លើកទឹកចិត្ត កម្មាភិបាល បុគ្គលិក កម្មករ និងអ្នកបច្ចេកទេសរបស់ VOV។ (រូបថត៖ Duc Anh/VOV5) “ថ្មីៗនេះ ការអនុវត្តគោលជំហរនិងគោលនយោបាយរបស់បក្ស និងរដ្ឋ សុទ្ធតែមានការរួមចំណែករបស់វិទ្យុសំឡេងវៀតណាម។ សមមិត្តបានអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការផលិតកម្មវិធីវិទ្យុ ហើយផ្សព្វផ្សាយព័ត៌មានក្នុងទម្រង់ផ្សេងៗទៀត។ ប្រការនេះក៏មានសារសំខាន់ខ្លាំងណាស់។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ សមមិត្តបានត្រៀមរៀបចំកម្មវិធីដ៏ល្អបំផុត ទាក់ទាញបំផុត និងទាន់ពេលវេលាបំផុត។ ប្រទេសជាតិកំពុងឆ្លងកាត់ការផ្លាស់ប្តូរ។ តើយើងត្រូវធ្វើយ៉ាងណាដើម្បីអាចឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទាំងនេះ ត្រូវធ្វើយ៉ាងណាដើម្បីអាចឃោសនាទៅកាន់ប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណាដើម្បីប្រមូលផ្ដុំកម្លាំងពលំរបស់ប្រជាពលរដ្ឋទាំងអស់? មានតែពេលដែលប្រជាពលរដ្ឋយល់ ប្រជាពលរដ្ឋឃើញ ប្រជាពលរដ្ឋគាំទ្រ និងប្តេជ្ញាអនុវត្តន៍ប៉ុណ្ណោះ ទើបយើងមានកម្លាំង។ ដូច្នេះ ការងារព័ត៌មាននិងឃោសនាពិតជាមានសារៈសំខាន់ខ្លាំងណាស់”៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម/វិទ្យុសំឡេង/ព័ត៌មាន/ឃោសនា