ទីក្រុងហូជីមិញត្រូវប្រកាន់ខ្ជាប់នូវគោលដៅរយៈពេលវែងអំពីផលិតភាព បច្ចេកវិទ្យា ធនធានមនុស្ស និងបរិស្ថានរស់នៅ។ នេះគឺជាតម្រូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហូជីមិញ។
យោងតាមសេណារីយ៉ូដែលទីក្រុងបានស្នើឡើង អត្រាកំណើនក្នុងត្រីមាសទី ៤ ត្រូវសម្រេចបាន ១៣,២៣% ដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ ២០២៦។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា នេះគឺជាតម្រូវការខ្ពស់ណាស់ ដោយទាមទារឱ្យមានការកំណត់យ៉ាងច្បាស់លាស់អំពីសមត្ថភាពចូលរួមចំណែករបស់ផ្នែកនីមួយៗ គម្រោងនីមួយៗ និងក្រុមអាជីវកម្មនីមួយៗ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យទីក្រុងហូជីមិញរៀបចំលំហអភិវឌ្ឍន៍ឡើងវិញ ដោយផ្តល់អាទិភាពដល់ហេដ្ឋារចនាសម្ព័ន្ធដែលមានការតភ្ជាប់គ្នាទៅវិញទៅមក។ ទីក្រុងត្រូវរៀបចំលំហឡើងវិញ បន្ទាប់ពីការរួមបញ្ចូលគ្នា ឲ្យស្របតាមស្តង់ដារមុខងារ (សេវាកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ភស្តុភារកម្ម) ជំរុញការអភិវឌ្ឍផ្លូវដែកទីក្រុងដែលតភ្ជាប់ដោយពហុមធ្យោបាយ (រថយន្តក្រុង ការដើរថ្មើរជើង) និងអភិវឌ្ឍន៍គំរូអភិវឌ្ឍន៍ជុំវិញស្ថានីយ៍រថភ្លើង (TOD)។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងគួរតែសម្របសម្រួលអន្តរតំបន់ទាក់ទងនឹងការដឹកជញ្ជូន បរិស្ថាន និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយប្រមូលផ្ដុំវិទ្យាសាស្ត្រ បច្ចេកវិទ្យាលើការលើកកំពស់ផលិតភាព និងការអភិវឌ្ឍសមត្ថភាពអាជីវកម្ម។
ទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យ ទីក្រុងផ្ដោតសំខាន់លើវឌ្ឍនភាព ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍអ្នកផ្គត់ផ្គង់ក្នុងស្រុក។ ចំពោះមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ត្រូវតែដោះស្រាយបញ្ហានៃការកៀរគរដើមទុនសម្រាប់ប្រទេសវៀតណាមជាមុនសិន ជាពិសេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងនវានុវត្តន៍៕





