បច្ចុប្បន្ន កងពលធំលេខ ១៥ កំពុងថែរក្សាសាលាមត្តេយ្យចំនួន ៩ និងទារកដ្ឋានចំនួន ២ ដែលមានទីតាំងសាលារៀនសរុបចំនួន ១០៣ កន្លែង។ កុមារជិត ៥.០០០ នាក់កំពុងទទួលបានការថែទាំ និងអប់រំនៅទីនេះ ដែលក្នុងនោះ ជាងពាក់កណ្តាលជាកុមារជនជាតិភាគតិច។ អ្នកគ្រូ ង្វៀន ធី ហាយ (Nguyễn Thị Hải) គ្រូបង្រៀនដែលបានផ្សារភ្ជាប់ជាមួយទីតាំងសាលារបស់សាលាមត្តេយ្យ សាវម៉ាយ (Sao Mai) ឃុំអៀក្រែល (Ia Krêl) អស់រយៈពេល ៨ ឆ្នាំ បានចែករំលែកថា៖ “ក្រុមគ្រូបង្រៀនបានកំណត់ថា ខ្លួនត្រូវតែម្ចាស់ការសម្របខ្លួនទៅនឹងបរិយាកាសជាក់ស្តែង និងស្វែងរកវិធីសាស្ត្របង្រៀន និងថែទាំឱ្យបានសមស្រប។ អ្នកគ្រូមានភាពបត់បែនក្នុងការទទួលកុមារមុនម៉ោង និងឱ្យត្រឡប់ទៅវិញក្រោយម៉ោង ដើម្បីឱ្យឪពុកម្តាយមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចផលិតកម្មបានល្អ រួចទើបមកទទួលកូន។ ភាពជិតស្និទ្ធ និងភាពរួសរាយរាក់ទាក់របស់អ្នកគ្រូ បានធ្វើឱ្យកុមារចូលចិត្តមកសាលារៀនយ៉ាងខ្លាំង”។
ចាប់ពីការយកចិត្តទុកដាក់លើអាហារ និងដំណេកនៅក្នុងឆ្នាំសិក្សាដំបូងនៃជីវិតរបស់កុមារ កងពលធំលេខ ១៥ បានរួមចំណែកលើកកម្ពស់គុណភាពអប់រំមត្តេយ្យសិក្សានៅតំបន់ព្រំដែន ព្រមទាំងធ្វើឱ្យជីវភាពរបស់កម្មករមានស្ថិរភាព ដើម្បីឱ្យអង្គភាពនានាអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយការពង្រឹងវិស័យការពារជាតិ និងសន្តិសុខ។ អ្នកគ្រូ ង្វៀន ធីហាយហឿង (Nguyễn Thị Hải Hường) នាយិការងសាលាមត្តេយ្យ សាវម៉ាយ ចំណុះកងពលសេដ្ឋកិច្ច-ការពារជាតិលេខ ៧៥ កងពលធំលេខ ១៥ បានឱ្យដឹងថា៖ “ការងារមត្តេយ្យសិក្សានៅទីនេះ មិនមែនគ្រាន់តែជាសកម្មភាពថែទាំ ចិញ្ចឹមបីបាច់ និងអប់រំកុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាមួយអង្គភាពក្នុងការរក្សាស្ថិរភាពសន្តិសុខនយោបាយ និងកសាងអង្គភាពឱ្យអភិវឌ្ឍប្រកបដោយចីរភាពទៀតផង”។
តាមបណ្តោយព្រំដែនភាគខាងលិចខេត្តយ៉ាឡាយ នៅតាមថ្នាក់មត្តេយ្យរបស់កងពលធំលេខ ១៥ កុមារទទួលបានការថែទាំ និងរៀនសូត្រ ដែលជួយឱ្យឪពុកម្តាយនឹងនរចិត្តធ្វើការងាររួមជាមួយកងពលធំ ក្នុងការបំពេញភារកិច្ចសេដ្ឋកិច្ច-ការពារប្រទេស និងការពារព្រំដែន៕




