ថវិកាប្រតិបត្តិការបច្ចុប្បន្នរបស់រដ្ឋាភិបាលសហព័ន្ធនឹងត្រូវផុតកំណត់នៅថ្ងៃទី ១១ ខែធ្នូ ខាងមុខ។ ទន្ទឹមនឹងនេះ សំណើរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំក្នុងការដាក់បំពេញបន្ថែមថវិកាចំនួន ៣៥០ ពាន់លានដុល្លារអាមេរិក ដល់ក្រសួងការពារជាតិ កំពុងបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងសភា។ សមាជិកសភាគណបក្សសាធារណរដ្ឋកំពុងពិភាក្សា លើជម្រើសនៃការបញ្ចូលទឹកប្រាក់ចំនួន ៦៩ ពាន់លានដុល្លារអាមេរិក ទៅក្នុងសេចក្តីព្រាងច្បាប់ចំណាយការពារជាតិ។ ចំណែកឯខាងគណបក្សប្រជាធិបតេយ្យ សមាជិកសភាមួយចំនួនបានទាមទារឱ្យដាក់បញ្ចូលមាត្រាបញ្ឈប់រាល់សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ទៅក្នុងសេចក្តីព្រាងច្បាប់ថវិកា។ ទោះជាយ៉ាងណាក៏ដោយ នៅផ្ទៃក្នុងរបស់គណបក្សប្រជាធិបតេយ្យមិនទាន់មានឯកភាពគ្នានៅឡើយទេ ដោយសារបារម្ភថា ការបិទទ្វាររដ្ឋាភិបាលនឹងប៉ះពាល់ដល់បុគ្គលិកសហព័ន្ធរាប់សែននាក់។

បច្ចុប្បន្ន សមាជិកសភាកំពុងពិចារណាលើជម្រើសនៃការអនុម័តកញ្ចប់ថវិកាបណ្តោះអាសន្ន ដើម្បីពន្យារដំណើរការរបស់រដ្ឋាភិបាលរហូតដល់ដើមឆ្នាំ ២០២៧ ដើម្បីបន្តការចរចា។ ហានិភ័យនៃការបិទទ្វាររដ្ឋាភិបាលនេះកើតឡើងចំពេលដែលមតិសាធារណៈអាមេរិកកំពុងប្រឆាំងកាន់តែខ្លាំងឡើងចំពោះប្រតិបត្តិការយោធានៅអ៊ីរ៉ង់។ យោងតាមការស្ទង់មតិរបស់ Reuters/Ipsos ប្រជាជនអាមេរិក ៧១% ចង់ឱ្យសភាអាណត្តិថ្មីចាត់វិធានការដើម្បីបញ្ឈប់ប្រតិបត្តិការយោធានេះ៕