នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា (ម៉ោងក្នុងស្រុក) ពោលគឺ ៣ ថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន (ថ្ងៃទី១៣-១៥ ខែឧសភា) សេតវិមានបានប្រកាសថា ប្រទេសចិនបានសន្យាទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកយ៉ាងហោចណាស់ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២៨ ក្រៅពីការសន្យានាំចូលសណ្តែកសៀងដែលបានព្រមព្រៀងគ្នាពីមុន។ យោងតាមសេតវិមាន ទីក្រុងប៉េកាំងក៏បានពន្យាពេលអាជ្ញាប័ណ្ណនាំចេញដែលបានផុតកំណត់ សម្រាប់គ្រឹះស្ថាន សាច់គោជាង ៤០០ កន្លែងរបស់សហរដ្ឋអាមេរិក ហើយបានបំពេញបន្ថែមគ្រឹះស្ថានថ្មីៗ ព្រមទាំងពង្រីកលទ្ធភាពជ្រៀតចូលទីផ្សារចិនសម្រាប់កសិករអាមេរិកផងដែរ។

សេតវិមានក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើត "ក្រុមប្រឹក្សាពាណិជ្ជកម្ម" ដើម្បីគ្រប់គ្រងសកម្មភាពពាណិជ្ជកម្មនៅក្នុងវិស័យមិនរស៊ើប និងរួមជាមួយ "ក្រុមប្រឹក្សាវិនិយោគ" ដើម្បីបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរកម្រិតរដ្ឋាភិបាលលើបញ្ហាវិនិយោគផងដែរ។ នៅក្នុងវិស័យអាកាសចរណ៍ ប្រទេសចិនបានយល់ព្រមទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿងពីសហរដ្ឋអាមេរិក។ ទីក្រុងប៉េកាំងក៏បានប្តេជ្ញាចិត្តដោះស្រាយការរឹតបន្តឹងទាក់ទងនឹងការលក់ឧបករណ៍ និងបច្ចេកវិទ្យាផលិត កែច្នៃរ៉ែដីកម្រផងដែរ។

មុននោះ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានរដ្ឋចិនលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងជួបគ្នាផ្ទាល់រហូតដល់ ៤ ដងនៅក្នុងឆ្នាំនេះ។ ជំនួបបន្ទាប់ត្រូវបានគេចាត់ទុកថា នឹងធ្វើឡើងនៅពេលដែលលោក ស៊ី​ ជីនពីង ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកនៅក្នុងខែកញ្ញាខាងមុខ៕