សហភាពអឺរ៉ុបមិនទាន់កំណត់ពេលវេលាបញ្ចូលអ៊ុយក្រែនជាសមាជិកនៅឡើយទេ
16/02/2026 08:41
(VOVWORLD) - នាថ្ងៃទី១៥ ខែកុម្ភៈ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានឲ្យដឹងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនទាន់ត្រៀមខ្លួនជាស្រេចកំណត់ពេលវេលាជាក់លាក់សម្រាប់ការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងសហភាពនេះនៅឡើយទេ។

ថ្លែងនៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (អាល្លឺម៉ង់) លោកស្រី Kallas បាននិយាយថា នៅតែមានការងារជាច្រើនដែលត្រូវធ្វើ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថ្មីៗនេះបានអំពាវនាវឱ្យសហភាពអឺរ៉ុបកំណត់ពេលវេលាជាក់លាក់សម្រាប់ការចូលជាសមាជិកជាផ្លូវការរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប។ អ៊ុយក្រែនត្រូវបានផ្តល់ឋានៈជាបេក្ខភាពសហភាពអឺរ៉ុបនៅក្នុងខែមិថុនា ឆ្នាំ២០២២។ នាថ្ងៃទី១៥ ខែកុម្ភៈ ផងដែរ លោកប្រធានាធិបតី Zelensky បាននិយាយថា គណៈប្រតិភូអ៊ុយក្រែនបានទទួលក្របខ័ណ្ឌសម្រាប់ការចរចាត្រីភាគីជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងនោះធានាថាសន្តិសុខគឺជាអាទិភាពចម្បងរបស់ទីក្រុងគៀវ។ ការចរចាជុំថ្មីរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងត្រូវបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈខាងមុខ៕
TAG
VOV/VOVworld/សហភាពអឺរ៉ុប/អ៊ុយក្រែន/សមាជិក
Related





