VOV WorldVOV World
សហរដ្ឋអាមេរិក និងអ៊ុយក្រែនមិនទាន់សម្រេចបានការ​ឯកភាពគ្នា​លើកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅឡើយទេ
19/01/2026 07:03
(VOVWORLD) - ប្រធានគណៈប្រតិភូចរចាអ៊ុយក្រែន លោក Rustem Umerov នាថ្ងៃទី ១៨ ខែមករាបានឲ្យដឹងថា ការចរចាជាមួយមន្ត្រីអាមេរិកសំដៅស្វែងរកដំណោះស្រាយ ដើម្បីបញ្ឈប់ជម្លោះដែលអូសបន្លាយរយៈពេលជិត ៤ ឆ្នាំ ជាមួយរុស្ស៊ី នឹងបន្តប្រព្រឹត្តទៅនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីសនៅសប្តាហ៍នេះ។
សហរដ្ឋអាមេរិក និងអ៊ុយក្រែនមិនទាន់សម្រេចបានការ​ឯកភាពគ្នា​លើកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅឡើយទេ
លោក Rusdem Umerov បានឲ្យដឹងថា ក្រោយរយៈពេល ២ថ្ងៃ ធ្វើការនៅរដ្ឋ Florida (សហរដ្ឋអាមេរិក) ភាគីទាំងពីរបានឯកភាពបន្តធ្វើការជាក្រុម ក្នុងដំណាក់កាលពិគ្រោះយោបល់បន្ទាប់នៅទីក្រុងដាវ៉ូស។ កិច្ចប្រជុំនៅសហរដ្ឋអាមេរិកមានការចូលរួមពីបេសកជនពិសេសលោក Steve Witkoff និងលោក Jared Kushner។ យោងតាមលោក Umerov ការពិភាក្សាបានផ្តោតលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយសង្គ្រាម ប៉ុន្តែមិនទាន់មានសញ្ញាវិជ្ជមានណាមួយនៃកិច្ចព្រមព្រៀងជាក់ស្តែងនោះទេ។ នៅក្នុងសារជាវីដេអូមួយដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែននៅសហរដ្ឋអាមេរិកបានផ្តល់របាយការណ៍លម្អិតអំពីទំនាក់ទំនងជាមួយតំណាងប្រធានាធិបតីអាមេរិក លោក Donald Trump។ លោកប្រធានាធិបតី Zelensky បានឲ្យដឹងថា ការចរចាជាច្រើនជុំបានប្រព្រឹត្តទៅ ហើយការងារទាំងអស់កំពុងដំណើរការដើម្បីរៀបចំឯកសារចាំបាច់សម្រាប់បញ្ឈប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី៕
TAG
VOV/VOVworld/សហរដ្ឋអាមេរិក/អ៊ុយក្រែន/សន្តិភាព/រុស្ស៊ី