នារសៀលថ្ងៃទី ២៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Gia Tuc បានទទួលជួបជាមួយលោកស្រី Iris Cui អនុប្រធានក្រុមហ៊ុន Apple ដែលទទួលបន្ទុកប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើឲ្យក្រុមហ៊ុន Apple ជួយគាំទ្រសហគ្រាសវៀតណាមដើម្បីចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស និងសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Gia Tuc បានស្នើឱ្យក្រុមហ៊ុន Apple លើកកំពស់តួនាទីរបស់វៀតណាមនៅក្នុងយុទ្ធសាស្ត្រផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោកក៏បានសម្តែងគោលបំណងថា ក្រុមហ៊ុន Apple នឹងពង្រីកការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាម ជាពិសេសដំណាក់កាលការងារដែលមានមាតិការបច្ចេកទេស ចំណេះដឹង និងតម្លៃបន្ថែមខ្ពស់ ដូចជាស្វ័យប្រវត្តិកម្ម ការគ្រប់គ្រងគុណភាព ការរចនាដំណើរការ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានស្នើឱ្យ Apple គាំទ្រសហគ្រាសវៀតណាមដែលមានសក្តានុពល ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិលើគុណភាព សុវត្ថិភាព ការតាមដានប្រភពដើម អភិបាលកិច្ចផលិតកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ឆ្ពោះទៅក្លាយជាអ្នកផ្គត់ផ្គង់ដោយផ្ទាល់ រួមទាំងនៅក្នុងទីផ្សារនៅខាងក្រៅប្រទេសវៀតណាមផងដែរ។
ចំណែកលោកស្រី Iris Cui បានស្នើឱ្យវៀតណាមបន្តកែលម្អយន្តការគាំទ្រការវិនិយោគសម្រាប់គម្រោងបច្ចេកវិទ្យាខ្ពស់ និងពិចារណាលើឧបសគ្គទាក់ទងនឹងពន្ធរបស់អ្នកម៉ៅការ ក៏ដូចជានីតិវិធីគយ ដើម្បីសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Apple និងអ្នកផ្គត់ផ្គង់នានា៕





