លោក ឡេ ង៉ុក ក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងដាណាំង បានអះអាងថា សម្រាប់ទីក្រុងដាណាំង វិទ្យុសំឡេងវៀតណាម ជាពិសេសវិទ្យុសំឡេងវៀតណាមប្រចាំភាគកណ្តាល គឺជាទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមដ៏សំខាន់មួយដែលតែងតែអមដំណើរទីក្រុង។ នៅចំពោះមុខគោលនយោបាយសំខាន់ៗ ដូចជាការរួមបញ្ចូលគ្នានៃទីក្រុងដាណាំង និងខេត្តក្វាងណាម ប្រតិបត្តិការនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត និងការអនុវត្តយន្តការ និងគោលនយោបាយថ្មីៗ វិទ្យុសំឡេងវៀតណាមប្រចាំភាគកណ្តាល បានឆ្លុះបញ្ចាំងយ៉ាងឆាប់រហ័សនូវសមិទ្ធផល គំរូល្អៗ វិធីសាស្រ្តថ្មីៗ ក៏ដូចជាបញ្ហាដែលកើតចេញពីការអនុវត្ត។ កម្មវិធីវិទ្យុ និងវិបផតថលព័ត៌មានអនឡាញជាភាសាកួទូ របស់វិទ្យុសំឡេងវៀតណាម បានបង្កើតលក្ខណៈពិសេសប្លែក និងមានអត្ថន័យខ្លាំង។

អញ្ជើញថ្លែងនៅក្នុងពិធី លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម បានបញ្ជាក់ថា តំបន់ភាគកណ្តាលគឺជាតំបន់សំខាន់មួយសម្រាប់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាទូទៅ ក្នុងនោះមានវិទ្យុសំឡេងវៀតណាមផងដែរ ដើម្បីផលិតស្នាដៃដែលឆ្លុះបញ្ចាំងពីការពិតតាមរបៀបដ៏រស់រវើក ជាពិសេសនៅក្នុងកម្មវិធីវិទ្យុភាសាជនជាតិភាគតិច។

លោកអគ្គនាយក ដូ ទៀន ស៊ី បានអះអាងថា វិទ្យុសំឡេងវៀតណាមនឹងបន្តអមដំណើរ និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន ដោយរួមចំណែកនាំយកដំណោះស្រាយ និងគោលនយោបាយសំខាន់ៗរបស់មជ្ឈិម និងទីក្រុងឈានចូលជីវភាពប្រចាំថ្ងៃ ដោយផ្សព្វផ្សាយរូបភាពនៃទីក្រុងដាណាំងដ៏ស្វាហាប់ និងកំពុងអភិវឌ្ឍទៅកាន់ទស្សនិកជនអ្នកអាន និងអ្នកស្តាប់យ៉ាងទូលំទូលាយទាំងក្នុងប្រទេស និងអន្តរជាតិ៕