លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយស្វីស ហើយបានសម្តែងនូវបំណងចង់ឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៥។ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមចាត់ទុកស្វីសជាដៃគូឈានមុខគេមួយរបស់ខ្លួននៅអឺរ៉ុប ហើយសង្ឃឹមថាស្វីសនឹងបន្តជាដៃគូដែលអាចទុកចិត្តបាននៅក្នុងយុគសម័យអភិវឌ្ឍថ្មីរបស់វៀតណាម។

រីឯខ្លួនវិញ ប្រធានាធិបតីស្វីស លោក Guy Parmelin បានសង្កត់ធ្ងន់ថា​ សមិទ្ធផលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយរបស់វៀតណាម «បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង» ហើយបានអះអាងថា ស្វីសជានិច្ចកាលគោរពនិងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀតនៅក្នុងយុគសម័យថ្មី។

មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការផ្លាស់ប្តូរដើម្បីបញ្ចប់ក្នុងពេលឆាប់ៗនេះនូវការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលស្វីសជាសមាជិក តាមនោះបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនការសម្របសម្រួលនៅវេទិកាអន្តរជាតិ និងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕