នេះគឺជាខ្លឹមសារកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ "យុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដើម្បីស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" ដែលវៀតណាមកំពុងអនុវត្តន៍។
ព័ត៌មាននេះត្រូវបានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យ៊ុង ចែករំលែកនៅក្នុងកិច្ចសន្ទនាស្តីពីការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម ឡាវ និងកម្ពុជា ដែលរៀបចំដោយមជ្ឈមណ្ឌល Stimson និងក្រុមការងារមរតកសង្គ្រាមនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយមានការចូលរួមពីតំណាងការទូត អ្នកជំនាញ និងអង្គការដែលធ្វើការក្នុងវិស័យជំនះពុះពាលផលវិបាកក្រោយសង្គ្រាម។
យោងតាមលោកឯកអគ្គរដ្ឋទូត ង្វៀន កួក យ៊ុង វៀតណាមកំពុងកៀរគរធនធានយ៉ាងច្រើនដើម្បីអនុវត្តយុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដោយមានគោលបំណងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីប្រហែល ៧.០០០នាក់ ពន្លឿនការកំណត់អត្តសញ្ញាណតាមរយៈមូលដ្ឋានទិន្នន័យ DNA របស់សាច់ញាតិ និងសម្អាតមីននៅក្នុងសមរភូមិសំខាន់ៗ។ លោកឯកអគ្គរដ្ឋទូត ង្វៀន កួក យ៊ុង បានឲ្យដឹងថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នកជំនាញវៀតណាមនឹងសហការជាមួយសាកលវិទ្យាល័យ Texas Tech ដើម្បីត្រឡប់ទៅបណ្ណសារជាតិសហរដ្ឋអាមេរិក (NARA) ក្នុងរដ្ឋ Maryland ដើម្បីបន្តស្រាវជ្រាវឯកសារសង្គ្រាម ដែលអាចមានព័ត៌មានមានប្រយោជន៍ក្នុងការស្វែងរកយុទ្ធជនវៀតណាមដែលបាត់ខ្លួន។
លោកឯកអគ្គរដ្ឋទូត ង្វៀន កួក យ៊ុង ក៏បានឲ្យដឹងថា វៀតណាមនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ដែលសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយបន្ថែមចំនួន ១៣០ លានដុល្លារសម្រាប់គម្រោងបន្សាបឌីអុកស៊ីននៅអាកាសយានដ្ឋាន បៀនហ័រ ដែលធ្វើឱ្យជំនួយឥតសំណងសរុបឡើងដល់ប្រហែល ៤៣០ លានដុល្លារ។ កិច្ចព្រមព្រៀងមួយទៀតបែងចែកប្រហែល ៩១ លានដុល្លារ ដើម្បីឧបត្ថម្ភដល់កែលម្អគុណភាពជីវភាពរស់នៅសម្រាប់ជនពិការ នៅក្នុងតំបន់អាទិភាព ដែលនៅចំពោះមុខគឺអនុវត្តន៍នៅកាម៉ៅ និងក្វាងង៉ៃ៕




