Re: Craft ២០២៦ គឺជាជំហានមួយដែលរួមចំណែកដល់ការអនុវត្តការប្តេជ្ញាចិត្តរបស់ទីក្រុងហាណូយក្នុងបណ្តាញទីក្រុងច្នៃប្រឌិតនៃអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

កម្មវិធី Re:Craft ២០២៦ គឺជាផ្នែកស្នូលនៃ "គម្រោងអភិវឌ្ឍន៍សិប្បកម្មសហសម័យ លើមូលដ្ឋានគ្រឹះនៃបេតិកភណ្ឌភូមិសិប្បកម្ម"។ ដោយប្រធានបទ "ភូមិសិប្បកម្មរស់ឡើងវិញ" កម្មវិធីនេះត្រូវបានប្រារព្ធឡើងជាលើកទីមួយនៅតំបន់ភាគខាងជើង (ថ្ងៃទី ៦-១៣ ខែកក្កដា ឆ្នាំ ២០២៦) ដោយមានការចូលរួមពីគ្រូបង្រៀន និងនិស្សិតឆ្នើមជាង ១០០ នាក់មកពីសាកលវិទ្យាល័យ ចំនួន ១១ និងសិប្បករ មកពីភូមិសិប្បកម្មចំនួន ៥ នៃទីក្រុងហាណូយ។ ដំណើរ ច្នៃប្រឌិតរបស់ក្រុមទាំងនេះ ប្រព្រឹត្តទៅក្នុងរយៈពេល ៨ ថ្ងៃ។ តាមរយៈដំណើរការស្ទង់មតិ ស្រាវជ្រាវ អនុវត្តន៍ និងអភិវឌ្ឍន៍ផលិតផល ក្រុមនិស្សិតនិងសិប្បករ បានរកឃើញតម្លៃស្នូលនៃភូមិសិប្បកម្ម ពីនោះ ស្នើទិសដៅផ្លាស់ប្តូរថ្មី ដែលសមស្របជាមួយនឹងជីវភាពសហសម័យ។ លោកសាស្ត្រាចារ្យរង បណ្ឌិត ស្ថាបត្យករ Nguyen Tuan Anh សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ បានឲ្យដឹងថា៖

«ប្រធានបទនៃកម្មវិធីជំរុំរដូវក្តៅមានអត្ថន័យខ្លាំងម៉ែនទែន។ យើងកំពុងមើលឃើញការផ្លាស់ប្តូរក្នុងការលើកកម្ពស់តម្លៃបេតិកភណ្ឌ។ យើងក៏ចង់បង្កើនតម្លៃវប្បធម៌ប្រពៃណីដែលយើងបានរក្សាជាយូរមកហើយ រួមទាំងភូមិសិប្បកម្មប្រពៃណី អស់រយៈពេលជាច្រើនសតវត្សកន្លងមក។ តាមនោះ លើកកម្ពស់ឋានៈ និងតម្លៃនៃប្រពៃណីផង ព្រមទាំងបង្កើនតម្លៃនៃការបណ្តុះបណ្តាល រួមវិភាគទានដល់សង្គមតាមរយៈសកម្មភាពដែលយើងបានតម្រង់ទិសនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំនិងបណ្ដុះបណ្ដាលផង»។

ពេញមួយដំណើរពីទីតាំងដីជាក់ស្ដែងទៅកាន់សិប្បកម្មច្នៃប្រឌិត ក្រុមនិស្សិតមានឱកាសធ្វើការដោយផ្ទាល់ជាមួយសិប្បករនៅក្នុងភូមិសិប្បកម្មប្រពៃណីគំរូចំនួន៥ រួមមាន៖ ម្រ័ក្សណ៍ខ្មុក Ha Thai កុលាលភាជន៍ Kim Lan អាយ៉ង់ទឹក Dao Thuc តម្បាញឫស្សី Phu Vinh និងប៉ាក់ Quat Dong។ សិប្បការិនី ហ័ង ធីខឿង មកពីភូមិប៉ាក់ Quat Dong ទីក្រុងហាណូយ បាននិយាយថា៖

"ខ្ញុំជាសិប្បការិនីមកពីភូមិប៉ាក់ Quat Dong។ គ្រួសារខ្ញុំបានប្រកបវិជ្ជាជីវៈនេះអស់រយៈពេលបួនជំនាន់មកហើយ។ ខ្ញុំមានបំណងចង់អភិវឌ្ឍន៍សិប្បកម្មនេះ ដោយសហការជាមួយសាកលវិទ្យាល័យដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីសិប្បកម្មនេះ ដើម្បីឱ្យយុវជនជំនាន់ក្រោយអាចថែរក្សាសិប្បកម្មប៉ាក់ប្រពៃណីរបស់ភូមិ Quat Dong"។

នៅក្នុងកម្មវិធី និស្សិតត្រូវបានរៀបចំជាក្រុមអន្តរផ្នែក ដោយរួមបញ្ចូលគ្នានូវជំនាញរចនា វប្បធម៌ សេដ្ឋកិច្ចច្នៃប្រឌិត និងទំនាក់ទំនង។ ក្រុមនីមួយៗនឹងត្រូវបានផ្គូផ្គងជាមួយភូមិសិប្បកម្មប្រពៃណីមួយ ដើម្បីធ្វើការដោយផ្ទាល់ជាមួយសិប្បករ ធ្វើការស្ទង់មតិនៅហ្នឹងកន្លែង សង្កេតមើលដំណើរការផលិតកម្ម រៀនអំពីសម្ភារៈ បច្ចេកទេស រឿងរ៉ាវវប្បធម៌ និងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ភូមិសិប្បកម្មផងដែរ។ សិប្បករឆ្នើម ដូ វៀតប៊ិញ ប្រធានសមាគមកុលាលភាជន៍និងសេរ៉ាមិច Kim Lan ភូមិកុលាលភាជន៍បុរាណ Kim Lam (ហាណូយ) បានឲ្យដឹងថា៖

"សិប្បកម្មស្មូន Kim Lan បច្ចុប្បន្ន អភិវឌ្ឍន៍ជាចម្បងនូវរបស់របរប្រើប្រាស់ក្នុងផ្ទះ វត្ថុសក្ការៈ និងពាង ថូ ជាច្រើនប្រភេទ... ជាយូរណាស់មកហើយចាប់តាំងពី Kim Lan បានចូលរួមក្នុងពិធីបុណ្យធំៗដូចនេះ ហើយយើងក៏មិនទាន់មានឱកាសជួបជាមួយអ្នករចនាជានិស្សិត ដែលមកសហការគ្នាដើម្បីរចនាផលិតផលថ្មី សំដៅអភិវឌ្ឍន៍ភូមិសិប្បកម្មនៅឡើយទេ។ តាមរយៈព្រឹត្តិការណ៍នេះ យើងសង្ឃឹមថានឹងបង្កើតផលិតផល និងការរចនាថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ភូមិសិប្បកម្មតាមទិសដៅដ៏សមស្របនឹងតម្រូវការអតិថិជនបច្ចុប្បន្ន"។

ចំណុចលេចធ្លោមួយនៃកម្មវិធីគឺជាផ្នែក Re:Connect ដែលក្រុមនិស្សិតបង្កើតវីដេអូដែលនិទានរឿងរ៉ាវនៃភូមិសិប្បកម្មប្រពៃណីពីទស្សនៈរបស់យុវជន ក្នុងបំណងផ្តល់នូវទស្សនៈដ៏ជិតស្និទ្ធ ពោរពេញទៅដោយអារម្មណ៍ និងថ្មីថ្មោងអំពីសិប្បកម្មប្រពៃណី ដើម្បីរួមចំណែកនាំសាធារណជនឱ្យកាន់តែខិតជិតទៅនឹងតម្លៃនៃសិប្បកម្ម សិប្បករ និងគំនិតថ្មីៗ។ កញ្ញា ផាម ធូហាំង និស្សិតនៅសាកលវិទ្យាល័យវប្បធម៌ហាណូយ បាននិយាយថា៖

“តាមរយៈកម្មវិធីនេះ ខ្ញុំពិតជាមានបំណងចង់អនុវត្តន៍ចំណេះដឹងដែលខ្ញុំបានរៀនទៅក្នុងស្ថានភាពជាក់ស្ដែង ដើម្បីជួយធ្វើឱ្យភូមិសិប្បកម្មបច្ចុប្បន្ន អាចរស់ឡើងវិញ តាមនិន្នាការច្នៃប្រឌិត ដោយអនុវត្តន៍ទេសចរណ៍ទទួលយកបទពិសោធន៍ ដើម្បីឱ្យយុវជន ឬមនុស្សគ្រប់វ័យអាចចូលរួម ទទួលបានបទពិសោធន៍ និងរស់នៅក្នុងភូមិសិប្បកម្ម”។

កម្មវិធី "Re:Craft ២០២៦ – ភូមិសិប្បកម្មរស់ឡើងវិញ" គឺជាស្ពានមួយដើម្បីជួយផ្លាស់ប្តូរពី "ការរៀបចំពិធីបុណ្យ" ទៅ "ការកសាងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតក្នុងទីក្រុងប្រកបដោយចីរភាព" ដែលបេតិកភណ្ឌវប្បធម៌មិនត្រូវបង្កកក្នុងប្រអប់កញ្ចក់ទេ ប៉ុន្តែក្លាយជាធនធានដ៏រស់រវើក និងអមដំណើរជាមួយសេដ្ឋកិច្ចចំណេះដឹង៕