អស់រយៈពេលជាច្រើនឆ្នាំមកហើយ សមាគមមិត្តភាពវៀតណាម-ថៃ និងសមាគមមិត្តភាពថៃ-វៀតណាម បានបង្កើតយន្តការសម្របសម្រួលដ៏មានប្រសិទ្ធភាពពិសេស។ ក្រៅពីសកម្មភាពពិធីការ សមាគមទាំងពីរបានរក្សាយន្តការសន្និសីទរួមគ្នាប្រចាំឆ្នាំ ដែលជាវេទិកាដ៏សំខាន់សម្រាប់ភាគីទាំងពីរដើម្បីបូកសរុប តម្រង់ទិសកិច្ចសហប្រតិបត្តិការ ជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត។ យន្តការសម្របសម្រួលនេះ បានជួយឱ្យគំនិតផ្ដួចផ្ដើមមិត្តភាពបានរីកសាយភាយយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
ដោយវាយតម្លៃពីការរួមចំណែករបស់សមាគមទាំងពីរ ប្រធានសមាគមមិត្តភាពវៀតណាម-ថៃ លោក ង្វៀន វ៉ាន់ថាញ់ បានបញ្ជាក់ថា៖ «នៅក្នុងការទូតរដ្ឋ និងការទូតប្រជាជន យើងមានមោទនភាពយ៉ាងខ្លាំងដែលសមាគមទាំងពីរបានរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បញ្ជាក់ពីកម្រិតទំនាក់ទំនងដ៏ស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ និងជាពិសេស ការទូតប្រជាជន»។
ចំណុចគួរឱ្យកត់សម្គាល់មួយនៅក្នុងសកម្មភាពរបស់សមាគមទាំងពីរ គឺការជំរុញការទូតសេដ្ឋកិច្ច។ ដោយយល់ច្បាស់ពីសក្តានុពលដ៏ធំធេងនៃទីផ្សាររបស់គ្នាទៅវិញទៅមក សមាគមទាំងពីរបានរៀបចំកម្មវិធីតភ្ជាប់សហគ្រាសជាច្រើន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SME)។ តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម និងដំណើរការស្រាវជ្រាវទីផ្សារ ដែលរៀបចំដោយសមាគមទាំងពីរ សហគ្រាសថៃជាច្រើនបានរកឃើញឱកាសវិនិយោគនៅវៀតណាម និងសហគ្រាសវៀតណាមក៏បានរកឃើញឱកាសវិនិយោគនៅប្រទេសថៃផងដែរ។ លោក ស៊ូវ៉ាត់ឆៃ សុងវ៉ានីត អគ្គលេខាធិការសមាគមមិត្តភាពថៃ-វៀតណាម បានឱ្យដឹងថា៖ «វៀតណាមកំពុងមានកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់។ រដ្ឋាភិបាលវៀតណាមមានគោលនយោបាយជាច្រើនដើម្បីជំរុញការវិនិយោគ។ នេះក៏ជាឱកាសមួយសម្រាប់សហគ្រាសថៃ ចាប់ពីសហគ្រាសធុនធំ រហូតដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីវិនិយោគលើឧស្សាហកម្មនៅវៀតណាម។ កាលពីខែឧសភាឆ្នាំ២០២៥ សមាគមទាំងពីរបានរៀបចំវេទិកាធុរកិច្ចមួយនៅវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra)។ វេទិកានេះបានបង្កើតឱកាសសម្រាប់វិនិយោគិនថៃ ដើម្បីសិក្សាស្វែងយល់អំពីគោលនយោបាយនិងទីផ្សារវៀតណាម និងផ្ទុយមកវិញ»។
ដើម្បីរឹតចំណងមិត្តភាពនេះបន្ថែមទៀត សមាគមទាំងពីរតែងតែផ្តោតការយកចិត្តទុកដាក់លើការអប់រំយុវជនជំនាន់ក្រោយ។ នេះគឺជាជំនាន់បន្ទាប់ដែលនឹងសរសេរបន្តនូវប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគត។ កម្មវិធីជួបប្រាស្រ័យរវាងយុវជន ការផ្លាស់ប្ដូរនិស្សិត និងការប្រកួតប្រជែងស្វែងយល់ពីវប្បធម៌ និងភាសានៃប្រទេសទាំងពីរ ត្រូវបានរៀបចំឡើងជាប្រចាំ។ ការលើកកម្ពស់ការបង្រៀនភាសាវៀតណាមនៅប្រទេសថៃ និងភាសាថៃនៅវៀតណាម ដោយមានការឧបត្ថម្ភពីសមាគមទាំងពីរ បង្កើតឱកាសសម្រាប់យុវជនមកពីប្រទេសទាំងពីរឱ្យយល់កាន់តែច្បាស់អំពីភាសា និងវប្បធម៌របស់គ្នាទៅវិញទៅមក។
វិស័យកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជាទេសចរណ៍ សុខាភិបាល និងការផ្លាស់ប្ដូរកីឡា ក៏ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាពិសេសដោយសមាគមទាំងពីរ ជាមួយនឹងសកម្មភាពជាក់លាក់ដូចជា ការប្រគល់ជូនម៉ាស៊ីនអ៊ុលត្រាសោនដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រខេត្តង៉េអាន ការរៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់នារីវៀតណាម-ថៃ អាយុក្រោម ១៧ ឆ្នាំ នៅទីក្រុងហាណូយ និងការបើកថ្នាក់ហ្វឹកហាត់ប្រដាល់មួយថៃនៅទីក្រុងហាណូយ ដោយមានការឧបត្ថម្ភពីប្រទេសថៃ។
នៅឆ្នាំ ២០២៦ សមាគមទាំងពីរឆ្ពោះទៅរកការរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សមាគមទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តសកម្មភាពរំលឹកខួប ដោយផ្តោតលើការរៀបចំពិធីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម-ថៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខេត្តង៉េអាន ក្នុងខែមិថុនា ឆ្នាំ ២០២៦។ នេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលរួមចំណែកដល់ការផ្សព្វផ្សាយសារៈសំខាន់ជាប្រវត្តិសាស្ត្រ នយោបាយ និងឋានៈនៃទំនាក់ទំនងវៀតណាម-ថៃ បន្ទាប់ពីកន្លះសតវត្សរ៍នៃការអភិវឌ្ឍ។
ដោយចែករំលែកអំពីសកម្មភាពសហប្រតិបត្តិការនៅឆ្នាំនេះ លោក ស៊ូវ៉ាត់ឆៃ សុងវ៉ានីត អគ្គលេខាធិការនៃសមាគមមិត្តភាពថៃ-វៀតណាម បានឱ្យដឹងថា៖ «ឆ្នាំនេះ សមាគមទាំងពីរមានគម្រោងបន្តរៀបចំវេទិកាធុរកិច្ចនៅប្រទេសថៃ រៀបចំសកម្មភាពឆ្ពោះទៅរកការអភិវឌ្ឍក្លឹបប្រដាល់មួយថៃ រៀបចំការប្រកួតបាល់ទាត់មិត្តភាពសម្រាប់ក្រុមបាល់ទាត់នារីអាយុក្រោម ១៧ ឆ្នាំនៅប្រទេសថៃ និងជូនវ៉ែនតាដល់មនុស្សចាស់នៅខេត្តដុងណៃ។ សកម្មភាពដ៏មានអត្ថន័យមួយទៀតគឺពិធីថ្វាយព្រះកឋិនទានរបស់រាជវង្សថៃ»។
ដោយរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីសកម្មភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តបញ្ជាក់ពីតួនាទីជាស្ពានដែលអាចទុកចិត្តបានរវាងប្រជាជននៃប្រទេសទាំងពីរ ដោយរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាពនៃទំនាក់ទំនងវៀតណាម-ថៃនៅក្នុងសម័យកាលថ្មី៕







