នៅក្នុងបរិបទនេះ វៀតណាមកំពុងចូលរួមយ៉ាងសកម្ម និងជំរុញយន្តការសហប្រតិបត្តិការអន្តរជាតិលើការគ្រប់គ្រងសមុទ្រ ពង្រីកលំហនៃកិច្ចសហប្រតិបត្តិការ និងបម្រើដោយផ្ទាល់សម្រាប់គោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពពីសមុទ្រ។

កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាពនៅខាងក្រៅដែនយុត្តាធិការជាតិ (កិច្ចព្រមព្រៀង BBNJ) ដែលចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២៦ គឺជាក្របខ័ណ្ឌច្បាប់ដ៏សំខាន់មួយដែលជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព ដោយអនុវត្តន៍ជាក់ស្ដែងនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងខែមិថុនា ឆ្នាំ២០២៥ វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងច្បាប់អន្តរជាតិក្នុងការគ្រប់គ្រងសមុទ្រ។ ការអនុវត្ត BBNJ ក៏ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងផលប្រយោជន៍អភិវឌ្ឍន៍របស់វៀតណាម ដែលរួមចំណែកដោយផ្ទាល់ដល់គោលដៅកសាងប្រទេសសមុទ្រដ៏ខ្លាំងមាំមួននិងរីកចម្រើនពីសមុទ្រ។

ផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចសមុទ្រជាតិ

សេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានកំណត់គោលដៅនាំឱ្យប្រទេសវៀតណាមក្លាយជាប្រទេសដ៏ខ្លាំងមាំមួនពីសមុទ្រ រីកចម្រើនពីសមុទ្រ ព្រមទាំងសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការធ្វើអាជីវកម្ម និងប្រើប្រាស់ធនធានដោយសមហេតុផល ការពារបរិស្ថានសមុទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីសមុទ្រផងដែរ។ ដូច្នេះ ការអនុវត្ត BBNJ ក៏ផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសសមុទ្រផងដែរ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Thanh Ca អតីតនាយកវិទ្យាស្ថានស្រាវជ្រាវមហាសមុទ្រ និងកោះសមុទ្រវៀតណាម បានវិភាគថា៖

"BBNJ ជួយប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ទាបឱ្យចែករំលែកចំណេះដឹងពីប្រទេសអភិវឌ្ឍន៍ ដើម្បីបម្រើដល់ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ ជួយប្រទេសដូចជាវៀតណាមឱ្យដាក់បញ្ចូលបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងមហាសមុទ្រ ចូលក្នុងច្បាប់ក្នុងស្រុក។ បច្ចេកវិទ្យាដែលត្រូវបានផ្ទេរមិនត្រឹមតែអនុវត្តន៍នៅក្នុងតំបន់សមុទ្រនៅខាងក្រៅដែនយុត្តាធិការជាតិប៉ុណ្ណោះទេ ថែមទាំងនៅក្នុងដែនសមុទ្ររបស់វៀតណាមទៀតផង ដែលជួយយើងអភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពជាងមុន"។

BBNJ បើកចេញឱកាសសហប្រតិបត្តិការថ្មីៗ ដែលផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងផលប្រយោជន៍អភិវឌ្ឍន៍របស់វៀតណាម។ ការអភិរក្សជីវៈចម្រុះ គឺជាការការពារធនធានសម្រាប់សេដ្ឋកិច្ចសមុទ្រ។ នេះក៏ជាទិសដៅដ៏សមស្របនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ដែលផ្សារភ្ជាប់ជាមួយនឹងការការពារបរិស្ថាន និងផលប្រយោជន៍ជាតិផងដែរ។ លោកសាស្ត្រាចារ្យរង បណ្ឌិតផ្នែកជីវវិទ្យាសមុទ្រ លោក Vo Sy Tuan បានចាត់ទុកថា៖

"ការអភិវឌ្ឍប្រកបដោយចីរភាពមានន័យថា យើងត្រូវតែរីកចម្រើនពីសមុទ្រ។ កិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបាន ពីព្រោះបញ្ហានៅសមុទ្រមិនត្រូវបានបែងចែកដោយព្រំដែនទេ គឺត្រូវតែដោះស្រាយរួមគ្នាជាមួយប្រទេសដទៃទៀត។ យើងម្ចាស់ការចូលរួមក្នុងសកម្មភាពអន្តរជាតិ ចែករំលែកធនធាន និងព័ត៌មាន។ មានតែពេលនោះទេ ដែលយើងអាចទទួលបានធនធានពីដៃគូអន្តរជាតិ និងដោះស្រាយបញ្ហាឆ្លងដែនជាមួយគ្នា។ ឧទាហរណ៍ ការកសាងតំបន់អភិរក្សសមុទ្រឆ្លងដែន"។

កសាងនិងការពារយ៉ាងសកម្មចំពោះសណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិអំពីសមុទ្រ

ការដែលវៀតណាមផ្តល់សច្ចាប័នលើ BBNJ តាំងពីដំបូងទី រួមជាមួយនឹងការដែលលោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Lan Anh ត្រូវបានបោះឆ្នោតជ្រើសតាំងជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រអាណត្តិឆ្នាំ ២០២៦-២០៣៥ គឺជាព្រឹត្តិការណ៍សំខាន់ៗដែលបង្ហាញពីតួនាទីកាន់តែលេចធ្លោរបស់វៀតណាមក្នុងការគ្រប់គ្រងមហាសមុទ្រ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Gillian Bird បានចាត់ទុកថា៖

«ខ្ញុំចាត់ទុកថា ការប្តេជ្ញាចិត្តនិងការចូលរួមយ៉ាងសកម្មរបស់វៀតណាម ត្រូវបានទទួលស្គាល់តាមរយៈការបោះឆ្នោតជ្រើសតាំងលោកស្រីបណ្ឌិត ឡានអាញ ជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រថ្មីៗនេះ។ នេះគឺជាតំណែងដ៏សំខាន់និងមានកិត្យានុភាពមួយ ព្រោះវាជាលើកដំបូងដែលមានចៅក្រមវៀតណាមមួយរូបក្នុងតុលាការនេះ»។

ក្នុងពេលជាមួយគ្នានោះ លោក Louis Paul ប្រធានតំណាងនៃមូលនិធិ Konrad-Adenauer-Stiftung នៅវៀតណាម បានបញ្ជាក់ថា៖

“នេះគឺជាសមិទ្ធផលគួរឱ្យកត់សម្គាល់ មិនត្រឹមតែជាភាពជោគជ័យផ្ទាល់ខ្លួនសម្រាប់សាស្ត្រាចារ្យរង បណ្ឌិត ឡានអាញ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់ដ៏សំខាន់មួយចំពោះការរួមចំណែកកាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងការអភិវឌ្ឍ និងការអនុវត្តច្បាប់សមុទ្រអន្តរជាតិ។ ការដែលលោកស្រីបានជាប់ឆ្នោត ក៏រំលឹកយើងអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងអន្តរជាតិដែលអាចមានប្រសិទ្ធភាពលុះត្រាតែមានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រែក្លាយបទដ្ឋាន និងការប្តេជ្ញាចិត្តអន្តរជាតិទាំងនោះទៅជាសកម្មភាពជាក់ស្តែង”។

ចាប់ពីការកសាងច្បាប់លេង​ រហូតដល់ការចូលរួមអនុវត្តន៍ វៀតណាមកំពុងភ្ជាប់ការទទួលខុសត្រូវអន្តរជាតិជាមួយនឹងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនជាបណ្ដើរៗ ដោយឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសដ៏ខ្លាំងមាំមួននិងរីកចម្រើនពីសមុទ្រ៕