បន្ទប់អានទាំងនេះ ទោះបីជាមានលក្ខណៈបែបសាមញ្ញក៏ដោយ ប៉ុន្តែជាកន្លែងជួបជុំគ្នាដែលធ្លាប់ស្គាល់ដែលរួមចំណែកបណ្តុះសេចក្តីស្រឡាញ់ក្នុងការអាន និងពង្រីកចំណេះដឹងរបស់កុមារនៅតំបន់ខ្ពង់រាប។
បន្ទាប់ពីជួយឪពុកម្តាយធ្វើការងារផ្ទះ ប្អូន Cao Bao Ngan (ភូមិ Na Dan ឃុំ Phong Quang) តែងតែទៅបណ្ណាល័យសហគមន៍របស់ភូមិជាមួយមិត្តភក្តិរបស់នាង។ នៅក្នុងបន្ទប់តូចមួយដែលពោរពេញទៅដោយសៀវភៅកុមារ ប្អូនៗអង្គុយអានដោយអន្ទះសារ ស្វែងយល់ពីពិភពលោកជុំវិញ តាមរយៈទំព័រនីមួយៗ។ សម្រាប់ Bao Ngan បណ្ណាល័យមិនត្រឹមតែជាកន្លែងសម្រាប់អានប៉ុណ្ណោះទេ ថែមទាំងក៏ជាគោលដៅដែលនាងចូលចិត្តក្នុងអំឡុងវិស្សមកាលទៀតផង៖
“ខ្ញុំតែងតែទៅបណ្ណាល័យដើម្បីស្វែងរកសៀវភៅកុមារ។ សៀវភៅបង្រៀនខ្ញុំពីរឿងល្អៗ និងមានប្រយោជន៍ជាច្រើន ហើយវាក៏ជួយខ្ញុំកាត់បន្ថយពេលវេលាមើលទូរទស្សន៍ និងទូរស័ព្ទផងដែរ”។
បណ្ណាល័យភូមិ Na Dan បច្ចុប្បន្នមានសៀវភៅរាប់រយក្បាលក្នុងប្រភេទផ្សេងៗគ្នា ចាប់ពីរឿងកុមារ រឿងនិទាន រហូតដល់សៀវភៅបំណិនជីវិត សៀវភៅវិទ្យាសាស្ត្រ និងឯកសារសិក្សា។ បរិយាកាសដ៏ស្និទ្ធស្នាលនិងប្រភពសៀវភៅដ៏សម្បូរបែប ក៏បានទាក់ទាញកុមារជាច្រើននៅក្នុងភូមិមកចូលរួមជាប្រចាំ។ អ្នកស្រី Hoang Thi Uyen លេខាសម្ព័ន្ធយុវជន ភូមិ Na Dan បានឲ្យដឹងថា៖
“ភូមិ Na Dan ត្រូវបានជ្រើសរើសជាកន្លែងដាក់បណ្ណាល័យ ក្នុងបំណងចង់ឱ្យកុមារមានកន្លែងថ្មីដើម្បីអានសៀវភៅបន្ថែម។ ទីពីរ វាក៏ជួយកុមារផ្លាស់ប្តូរបទពិសោធន៍សិក្សា និងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទចល័ត ក៏ដូចជាល្បែងគ្រោះថ្នាក់ផងដែរ”។
មិនត្រឹមតែនៅក្នុងឃុំ Phong Quang ប៉ុណ្ណោះទេ បណ្ណាល័យសហគមន៍ជាច្រើននៅតំបន់ខ្ពង់រាបនៃខេត្តថៃង្វៀន ក៏កំពុងក្លាយជាកន្លែងជួបជុំគ្នាដែលធ្លាប់ស្គាល់សម្រាប់កុមារផងដែរ។ នៅក្នុងឃុំ Thuong Minh បន្ទាប់ពីជួយក្រុមគ្រួសារ ឬធ្វើការនៅវាលស្រែ សិស្សានុសិស្សជាច្រើនបានទៅបណ្ណាល័យដើម្បីអានសៀវភៅ។ ប្អូន Ban Phuc Thien នៅភូមិ Lai ក៏ជាសិស្សម្នាក់ក្នុងចំណោមនោះដែរ៖
«ខ្ញុំពិតជាចូលចិត្តអានសៀវភៅសម្រាប់ក្មេងជំទង់។ រាល់ពេលដែលខ្ញុំអាន ខ្ញុំអាចរកឃើញប្រការថ្មីថ្មោងជាច្រើន។ ខ្ញុំសង្ឃឹមថាបណ្ណាល័យនឹងមានសៀវភៅថ្មីៗបន្ថែមទៀត ដើម្បីឱ្យយើងអាចអាន និងរៀនសូត្រ ដើម្បីក្លាយជាមនុស្សដ៏មានប្រយោជន៍របស់សង្គម»។
ពីតម្រូវការជាក់ស្តែងរបស់ប្រជាជន ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល ការសាងសង់គំរូបណ្ណាល័យសហគមន៍ កំពុងត្រូវបានមូលដ្ឋាននានាយកចិត្តទុកដាក់អនុវត្តន៍យ៉ាងសកម្ម។ រហូតមកដល់បច្ចុប្បន្ន ឃុំនិងសង្កាត់ចំនួន ៩២ នៅក្នុងខេត្តថៃង្វៀន បានសម្រេចការបង្កើតគំរូបណ្ណាល័យសហគមន៍ និងមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌សហគមន៍។ បណ្ណាល័យនីមួយៗត្រូវបានបំពាក់ដោយសៀវភៅរាប់រយក្បាលក្នុងវិស័យជាច្រើន ដូចជា៖ ច្បាប់ បំណិនជីវិត ការថែទាំសុខភាព ផលិតកម្មកសិកម្ម និងឯកសារសិក្សា។
ក្រៅពីការបំពេញបន្ថែមប្រភពសៀវភៅក្រដាស មូលដ្ឋានជាច្រើនក៏កំពុងអនុវត្តន៍បច្ចេកវិទ្យាឌីជីថលជាជំហានៗទៅក្នុងប្រតិបត្តិការបណ្ណាល័យផងដែរ។ នៅកន្លែងខ្លះ ប្រជាជន និងសិស្សានុសិស្សអាចប្រើស្មាតហ្វូន ស្កេនលេខកូដ QR ដើម្បីចូលមើលឃ្លាំងឯកសារអេឡិចត្រូនិកដែលត្រូវបានរួមបញ្ចូលនៅមជ្ឈមណ្ឌលវប្បធម៌ ឬតំបន់បណ្ណាល័យ។ វិធីសាស្រ្តនេះជួយពង្រីកប្រភពឯកសារសិក្សា ព្រមទាំងបង្កើតភាពទាក់ទាញដល់យុវជននិងក្មេងជំទង់នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស។
អ្នកស្រី Quach Thi Thien លេខាសម្ព័ន្ធយុវជនឃុំ Nghien Loan បានឲ្យដឹងថា មូលដ្ឋានច្រើនតែចលនាសមាជិកសម្ព័ន្ធយុវជន និងសប្បុរសជនឲ្យបរិច្ចាគសៀវភៅ រឿង និងឯកសារសិក្សា ដើម្បីបំពេញបន្ថែមប្រភពសៀវភៅសម្រាប់កុមារនៅក្នុងតំបន់៖
"នាពេលខាងមុខ សម្ព័ន្ធយុវជនឃុំ នឹងបន្តជំរុញខ្លាំងការងារឃោសនា និងចលនាអង្គការ បុគ្គលនានាឱ្យចូលរួមគាំទ្រសៀវភៅសម្រាប់បណ្ណាល័យ ព្រមទាំងផ្លាស់ប្ដូរថ្មីសកម្មភាព ដើម្បីបង្កើតចំណាប់អារម្មណ៍ និងជួយវប្បធម៌អានឱ្យរីកសាយភាយកាន់តែទូលំទូលាយនៅក្នុងសហគមន៍ផងដែរ"។
ទោះបីជាលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ខ្ពង់រាបជាច្រើននៃខេត្តថៃង្វៀន នៅមានកម្រិតក៏ដោយ ប៉ុន្តែបណ្ណាល័យសហគមន៍នៅតែកំពុងនាំមកនូវប្រសិទ្ធភាព។ សៀវភៅនីមួយៗ មិនត្រឹមតែផ្ដល់នូវចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជួយកុមារឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់រៀនសូត្រ ជួបប្រាស្រ័យគ្នា និងរុករកពិភពលោកទៀតផង។ នៅតាមភូមិខ្ពង់រាបនានា រូបភាពរបស់ក្រុមកុមារដែលអានសៀវភៅដោយអន្ទះសារ បានក្លាយជាសក្ខីភាពដ៏ច្បាស់លាស់សម្រាប់កម្លាំងរស់នៃវប្បធម៌អាននៅមូលដ្ឋាន។ ពីបណ្ណាល័យតូចៗនៅក្នុងភូមិ ទ្វារនាំទៅប្រាជ្ញកំពុងត្រូវបានបើកកាន់តែធំសម្រាប់កុមារនៅតំបន់ខ្ពង់រាប ថៃង្វៀន៕








