វិបត្តិនៅច្រកសមុទ្រហ័រមូស ដែល​បានផ្ទុះឡើងចាប់​តាំងពីដើមឆ្នាំ ២០២៦ មក កំពុងក្លាយជាការរ​ង្គោះរ​ង្គើភូមិសាស្ត្រនយោបាយដ៏ធំបំផុតមួយ ចំពោះប្រព័ន្ធថាមពលសកល គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ មក។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ទោះបីជាវិបត្តិនេះនឹងបញ្ចប់ដោយរបៀបណាក៏ដោយ ផែនទីថាមពលពិភពលោក ក៏កំពុងត្រូវបានគូសឡើងវិញទាំងស្រុងដែរ។

វិបត្តិនៃ «ចំណុចកកស្ទះ»

ស្ថានភាពតានតឹងកើនឡើង​ម្តងទៀតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាពេល​ថ្មីៗនេះ បានធ្វើឱ្យច្រកសមុទ្រហ័រមូស ដែលជា​ផ្លូវដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០% របស់ពិភពលោក ត្រូវបានកកស្ទះទាំងស្រុង​ម្តងទៀត ជំរុញ​ឱ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើងខ្ពស់ ប្រហែល ៨៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែល (ប្រេង Brent សមុទ្រខាងជើង) នៅពាក់កណ្តាលសប្តាហ៍នេះ។ មជ្ឈដ្ឋានអ្នកជំនាញបានវាយតម្លៃថា ប្រសិនបើការវាយប្រហារ​តប​តគ្នា​ទៅ​វិញ​ទៅមករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តអូសបន្លាយ នោះតម្លៃប្រេងឆៅអាច​កើនដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ហើយ​សូម្បីតែអាចខ្ពស់ជាងនេះទៅ​ទៀត ប្រសិនបើជម្លោះទ្រង់ទ្រាយធំផ្ទុះឡើង ដូចកាលពីខែមីនាឆ្នាំនេះ។

ស្ថាន​ភាពជាប់គាំងជុំវិញច្រកសមុទ្រហ័រមូស នាពេលបច្ចុប្បន្ន មិនគ្រាន់តែជាបញ្ហា​រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុណ្ណោះទេ។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតយន្តការត្រួតពិនិត្យ និងគ្រប់គ្រងច្រកសមុទ្រហ័រមូស ក្នុងរយៈពេលវែង ដោយគ្មានការចូលរួមពីអ៊ីរ៉ង់ ពោលគឺរវាងប្រទេសអូម៉ង់ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ក៏មិនអាចនាំមកនូវលទ្ធផលអ្វីដែរ។ អ្នក​ជំនាញ អេរ៉ុន ដេវីដ មីលល័រ (Aaron David Miller) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមូលនិធិ Carnegie ដើម្បីសន្តិភាពអន្តរជាតិ បានវាយតម្លៃថា៖​ «ភាគីអូម៉ង់ហាក់ដូចជាជឿជាក់ថា ពួកគេបានឈានដល់ដំណោះស្រាយមួយ ដែលគេហៅថា "ផ្លូវនាវាចរណ៍ភាគខាងត្បូង" ពោលគឺតាម​បណ្តោយឆ្នេរសមុទ្រអូម៉ង់ នឹងធានាបាននូវការធ្វើ​ដំណើរប្រកប​ដោយ​សេរី និងគ្មានការរារាំង ប៉ុន្តែការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះ​រឿង​នេះ គឺអ្វីដែលយើងបានឃើញរួចមកហើយ តាមរយៈការវាយប្រហារលើនាវាពាណិជ្ជកម្ម។ ជាថ្មីម្តងទៀត ខ្ញុំគិតថា ប្រសិនបើគេជឿថា ភាគីអ៊ីរ៉ង់នឹងបោះបង់ចោលនូវអានុភាពដែលទើបតែទទួលបាននេះ ដោយងាយស្រួល ឆាប់រហ័ស ឬដោយស្ម័គ្រចិត្តនោះ គឺពិតជាការវាយតម្លៃខុសដ៏ធ្ងន់ធ្ងរ»។​​

ការព្រួយ​បារម្ភអំពីវិបត្តិថាមពលបានកើន​កាន់តែឡើង នៅពេលដែលច្រកសមុទ្រ​យុទ្ធសាស្ត្រមួយទៀតគឺ បាប់ អែលម៉ាន់ដេប (Bab el-Mandeb) នៅសមុទ្រក្រហម កំពុងមានសញ្ញាថា ត្រូវបានទាញចូលទៅក្នុងជម្លោះ។ នាប៉ុន្មានថ្ងៃកន្លងទៅ កងកម្លាំង Houthi នៅប្រទេសយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានព្រមានជាបន្តបន្ទាប់ថា នឹង «បិទ» ច្រកសមុទ្រ បាប់ អែលម៉ាន់ដេប ប្រសិនបើសហរដ្ឋអាមេរិកបង្កើនយុទ្ធនាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិលរបស់អ៊ីរ៉ង់​។ ប្រសិនបើសេណារីយ៉ូនេះកើតឡើង វានឹងក្លាយជា​គ្រោះ​ថ្នាក់ដ៏ធំមួយសម្រាប់ប្រភពផ្គត់ផ្គង់ថាមពលពិភពលោក។ លោក ផេត្រាស កាទីណាស អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសេវាកម្មរួបរួមភូមិន្ទ (RUSI) នៃចក្រភពអង់គ្លេស បានវាយតម្លៃថា៖​(សំឡេងភាសាអង់គ្លេស៖ «ខ្សែ​ផ្លូវ​ឆ្លងកាត់​​សមុទ្រក្រហមកំពុង​មាន​សារសំខាន់កាន់​តែខ្លាំង ដោយសារតែនេះមិន​គ្រាន់តែជាច្រករបៀងដឹកជញ្ជូនធម្មតា រវាងអឺរ៉ុប និងអាស៊ីដូចពីមុនទៀតហើយ​។ នេះ​ក៏ជាជម្រើសសំខាន់មួយជំនួសឱ្យ​ច្រកសមុទ្រ ហ័រមូស ផងដែរ។ ឧទាហរណ៍ លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ត្រូវបានព្យាករណ៍​ថានឹងកើនឡើងដល់ប្រហែល ៥,៤ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ នៅ​ពេល​ដែល​ក្រុមហ៊ុនផលិត និងពាណិជ្ជករស្វែងរកខ្សែ​ផ្លូវជំនួស ក្នុងបរិបទដែលច្រកសមុទ្រ ហ័រមូស​រងការ​អាក់ខាន»។

ការរៀបចំផែនទីថាមពលឡើងវិញ​

ស្ថានភាពជម្លោះ​នៅ​មជ្ឈិមបូព៌ា ទីតាំងដែលការប្រែប្រួលជុំវិញច្រកសមុទ្រ ហ័រមូស អាចរារាំងលំហូរថាមពលសកល កំពុងជំរុញឱ្យប្រទេសនានានៅទូទាំងពិភពលោកផ្លាស់ប្តូរយុទ្ធសាស្ត្រសន្តិសុខថាមពលរយៈពេលវែង។ ការផ្លាស់ប្តូរជាច្រើនកំពុងប្រព្រឹត្តទៅ ដែលដំបូងបង្អស់គឺការផ្លាស់ប្តូរផ្នត់គំនិតពី "ការបង្កើនប្រសិទ្ធភាពថ្លៃដើម" ទៅជា "ការកសាងទំនុកចិត្ត"។ ជាក់ស្តែង ជាធម្មតា កិច្ចសន្យាថាមពលបានផ្តល់​អាទិភាពដល់អ្នកផ្គត់ផ្គង់ដែលមានតម្លៃថោកបំផុត និងមាន​ប្រភពផ្គត់ផ្គង់ច្រើនបំផុត ប៉ុន្តែវិបត្តិ ហ័រមូស បានបំផ្លាញផ្នត់គំនិត​បែប​នេះ។ ឥឡូវនេះ តួនាទីនៃ​ទំនុកចិត្ត​បាន​កើនឡើងខ្ពស់ ដោយប្រទេសនាំចូលមានឆន្ទៈក្នុងការចំណាយថ្លៃដើមខ្ពស់ដើម្បី​ទិញថាមពលពីដៃគូដែលមានស្ថិរភាពភូមិសាស្ត្រនយោបាយ និងផ្លូវដឹកជញ្ជូន​ប្រកប​ដោយ​សុវត្ថិភាព។

ការផ្លាស់ប្តូរដ៏សំខាន់មួយទៀតគឺបណ្តា​ប្រទេសឈូងសមុទ្របាន​បង្កើត​ខ្សែផ្លូវ​ដឹកជញ្ជូនផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រ ហ័រមូស។ អេមីរ៉ាត​អារ៉ាប់រួម (UAE) កំពុងពន្លឿនការកែលម្អបំពង់បង្ហូរប្រេងឆ្លងកាត់ច្រកសមុទ្រ ដើម្បីទៅដល់កំពង់ផែ Fujairah នៅខាងក្រៅឈូងសមុទ្រពែរ្ស ខណៈដែលអារ៉ាប៊ីសាអូឌីតក៏កំពុងបង្កើនសមត្ថភាពនៃ​បំពង់បង្ហូរប្រេងខាងកើត-ខាងលិចឆ្ពោះទៅសមុទ្រក្រហមផងដែរ។ លោក Naveen Das អ្នកវិភាគប្រេងឆៅជាន់ខ្ពស់នៅ Kpler ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងទិន្នន័យ ការ​វិភាគ និងព័ត៌មាន​តាម​ពេល​វេលាជាក់​ស្តែង ក្នុង​វិស័យថាមពល អគ្គិសនី និងការដឹកជញ្ជូន បាន​និយាយថា៖

«អាចនិយាយ​ដល់បំពង់បង្ហូរប្រេងសំខាន់ៗមួយចំនួន។ ទីមួយគឺបំពង់បង្ហូរប្រេងខាងកើត-ខាងលិចរបស់អារ៉ាប៊ីសាអូឌីត; ជាទូទៅ បំពង់បង្ហូរប្រេងនេះដឹកជញ្ជូនប្រេងពីឈូងសមុទ្រពែរ្សទៅកាន់សមុទ្រក្រហម ហើយនៅតែមានសមត្ថភាពដឹកជញ្ជូនបន្ថែមចំនួន ៥​ លានបារ៉ែល។ បំពង់បង្ហូរប្រេងមួយទៀតមានទីតាំងនៅ UAE ក៏មានសមត្ថភាពដឹកជញ្ជូន​ប្រហែល ២ លានបារ៉ែល​ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនប្រេងទាំងអស់អាចបង្វែរទិសដៅដឹកជញ្ជូន​នោះភ្លាមបានទេ; យោង​តាមការ​ព្យាករណ៍ មានតែប្រហែល ៤៥% ប៉ុណ្ណោះដែលអាចផ្លាស់ប្តូរទិសដៅដឹកជញ្ជូន​បាន។ លើសពីនេះ មានបំពង់បង្ហូរប្រេងមួយ​ទៀត​ពីតំបន់ជនជាតិ​ឃឺដ ក្នុង​ប្រទេសអ៊ីរ៉ាក់ទៅកាន់ប្រទេសទួរគី ដោយដឹកជញ្ជូនប្រេងទៅកាន់សមុទ្រមេឌីទែរ៉ាណេ”»។​

ក្រៅពីការផ្លាស់ប្តូរទាំងនេះ ផែនទីផ្គត់ផ្គង់-តម្រូវការក៏កំពុងមានការបែងចែកប៉ូលកាន់តែខ្លាំង។ បណ្តា​ប្រទេសអាស៊ី (ដូចជាជប៉ុន និងកូរ៉េខាងត្បូង) ដែលរងផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរបំផុតដោយវិបត្តិ ហ័រមូស កំពុងជំរុញគំនិតផ្តួចផ្តើមក្នុងតំបន់ ដូចជា៖ សហគមន៍អាស៊ីសម្រាប់ការបំភាយឧស្ម័នសូន្យ​ (AZEC) ដែលផ្លាស់ប្តូរពីគោលដៅផ្លាស់ប្តូរបៃតងសុទ្ធសាធទៅជាការកសាងយន្តការចែករំលែក និងគាំទ្រការផ្គត់ផ្គង់ថាមពលជាប​ន្ទាន់របស់គ្នាទៅវិញទៅមក។ នៅអាស៊ីខាងត្បូង ឥណ្ឌាបានទប់ទល់នឹង​វិបត្តិនេះ តាម​រយៈការបង្កើនការនាំចូលថាមពលពីប្រទេសជិត ៤០​។

ជាទូទៅ បណ្តា​ប្រទេសនាំចូលកំពុងស្វែងរកការ​ទទួលបានប្រភពផ្គត់ផ្គង់នៅខាងក្រៅតំបន់​ដែលរង​ផលប៉ះពាល់ពី​វិបត្តិ ហ័រមូស។ អ្នកផលិតប្រេងនៅសហរដ្ឋអាមេរិក សមុទ្រខាងជើង អាហ្វ្រិកខាងលិច (ដូចជាអង់ហ្គោឡា និងនីហ្សេរីយ៉ា) និងអាមេរិកឡាទីន កំពុងទាក់ទាញលំហូរទុននិងកិច្ចសន្យារយៈពេលវែងដែលមិនធ្លាប់មានពីមុនមក ដើម្បីទូទាត់ សងសម្រាប់ការផ្គត់ផ្គង់ប្រេងដែល «ជាប់គាំង»នៅក្នុងតំបន់ឈូងសមុទ្រ៕​