កត្តាជំរុញកំណើនថ្មី
"តើប្រទេសជាតិនឹងបង្កើតទ្រព្យសម្បត្តិ និងសមត្ថភាពប្រកួតប្រជែងក្នុងរយៈពេលវែងយ៉ាងដូចម្តេច?" ដើម្បីឆ្លើយសំណួរនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានចង្អុលបង្ហាញថា៖ យើងត្រូវតែផ្លាស់ប្តូរពីគំរូកំណើនដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើដើមទុន ធនធាន ដំណើរការ និងកម្លាំងពលកម្មថោក ទៅជាគំរូអភិវឌ្ឍន៍ដែលផ្អែកលើផលិតភាព ចំណេះដឹង ទិន្នន័យ បច្ចេកវិទ្យា នវានុវត្តន៍ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងអភិបាលកិច្ចទំនើប។ តាមនោះ កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ចូលរួមសមាហរណកម្មប្រកបដោយប្រសិទ្ធភាព។
នេះគឺជាការផ្លាស់ប្តូរដ៏មានអត្ថន័យ នៅក្នុងបរិបទដែលគុណសម្បត្តិធ្លាប់រួមចំណែកដល់អត្រាកំណើនខ្ពស់របស់វៀតណាមកំពុងធ្លាក់ចុះបណ្តើរៗ។ ពីស្ថានភាព អភិវឌ្ឍន៍ជាក់ស្តែងបច្ចុប្បន្ន លោកបណ្ឌិត ប៊ូយ ហ័យ សឺន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភាបានឲ្យដឹងថា៖ "នេះគឺជាការផ្លាស់ប្តូរជាមូលដ្ឋាន។ វៀតណាមមិនអាចបន្តប្រកួតប្រជែង លើការចំណាយទាបនោះទេ។ ពោលគឺ ត្រូវតែប្រកួតប្រជែងលើផលិតភាព ចំណេះដឹង ទិន្នន័យ បច្ចេកវិទ្យា នវានុវត្តន៍ គុណភាពនៃធនធានមនុស្សរបស់ខ្លួន និងសមត្ថភាពគ្រប់គ្រង។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត ត្រូវបានផ្លាស់ប្តូរទៅជាផលិតផល ទៅជាតម្លៃបំពេញបន្ថែម និងកម្លាំងប្រកួតប្រជែងពិតប្រាកដនៃសេដ្ឋកិច្ច។ អត្ថន័យយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរនេះគឺដើម្បីជួយវៀត ណាមឱ្យផ្លាស់ប្តូរហួសពីតំណភ្ជាប់ដែលមានតម្លៃទាបនៅក្នុងខ្សែសង្វាក់ផលិតកម្មសកល បង្កើនការពឹងផ្អែកលើខ្លួនឯង និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនយ៉ាងឆាប់រហ័ស និងប្រកប ដោយចីរភាព"។
នៅក្នុងការផ្លាស់ប្តូរនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ជឿជាក់ថា មនុស្ស រួមជាមួយនឹងផលិតភាព ចំណេះដឹង និងបច្ចេកវិទ្យា គឺជាសសរស្តម្ភនៃគំរូអភិវឌ្ឍន៍ថ្មី។ យោងតាមលោកបណ្ឌិត ប៊ុយ ថាញ់សឺន នេះគឺជាផ្នត់គំនិតអភិវឌ្ឍន៍រយៈពេលវែង។
“នៅក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើង ប្រទេសណាដែលធ្វើជាម្ចាស់ចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្សដែលមានគុណភាពខ្ពស់នឹងមានឱកាសកាន់តែច្រើនក្នុងការដាក់ខ្លួននៅក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។ ជាពិសេស ការដាក់មនុស្សនៅកណ្តាលបានបង្ហាញថា ការអភិវឌ្ឍមិនត្រឹមតែមានគោលបំណងបង្កើតទ្រព្យសម្បត្តិកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់គុណភាពរស់នៅ ឱកាសអភិវឌ្ឍ និងសុភមង្គលរបស់ប្រជាជន”។
ការដាក់មនុស្សនៅកណ្តាលនៃគំរូអភិវឌ្ឍន៍ថ្មីមានគោលបំណងមិនត្រឹមតែឆ្ពោះទៅកំណើនលឿនជាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអភិវឌ្ឍប្រកបដោយចីរភាពជាងមុនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឲ្យធាតុផ្សំទាំងអស់៖ ផលិតភាព ចំណេះដឹង បច្ចេកវិទ្យា និងប្រជាជន ក្លាយជាកម្លាំងចលករសម្រាប់ការបង្កើតទ្រព្យសម្បត្តិ និងការប្រកួតប្រជែងជាតិ ហើយប្រការសំខាន់គឺត្រូវរបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់គំរូថ្មីឈានចូលការអនុវត្តជាក់ស្តែង។
អនុវត្តន៍ជាក់ស្តែងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ
ដើម្បីឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត ប្រែក្លាយទៅជាផលិតភាព គុណភាព តម្លៃបំពេញបន្ថែម និងការប្រកួតប្រជែងយ៉ាងពិតប្រាកដ វៀតណាមត្រូវបង្កើតសំណុំលក្ខខណ្ឌដែលស៊ីសង្វាក់គ្នាទាក់ទងនឹងស្ថាប័ន ធនធាន និងបរិយាកាសនវានុវត្តន៍ រួមជាមួយនឹងការកែទម្រង់គំរូអភិវឌ្ឍន៍។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់តួនាទីគ្រប់គ្រង និងច្នៃប្រឌិតរបស់រដ្ឋ ក៏ដូចជាតួនាទីរបស់ទីផ្សារក្នុងការកៀរគរ និងបែងចែកធនធាន; ធានាថាសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើរតួនាទីនាំមុខគេ ខណៈដែលសេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ច។ ក្នុងពេលជាមួយគ្នានេះ ភ្ជាប់ការទាក់ទាញការវិនិយោគបរទេសជាមួយនឹងការផ្ទេរបច្ចេកវិទ្យា និងបង្កើនសមត្ថភាពពីខាងក្នុង។
ដើម្បីសម្រេចបាននូវទិសដៅទាំងនេះ លោកបណ្ឌិត Bui Hoai Son បានផ្ដល់យោបល់ថា៖ “ទីមួយ ចាំបាច់ត្រូវមានការទម្លុះទម្លាយនៅក្នុងស្ថាប័ននានា ដោយផ្លាស់ប្តូរយ៉ាងខ្លាំងពីការគ្រប់គ្រង ទៅជាការបង្កើត និងការលើកទឹកចិត្តដល់ការច្នៃប្រឌិត។ ច្បាប់ត្រូវតែរក្សាល្បឿនជាមួយនឹងបច្ចេកវិទ្យាថ្មីៗ មានយន្តការសម្រាប់ការធ្វើតេស្តដែលមានការគ្រប់គ្រង ការពារកម្មសិទ្ធិបញ្ញា ទិន្នន័យ សមិទ្ធផលស្រាវជ្រាវ និងលុបបំបាត់នីតិវិធីដែលរារាំងដល់ការវិនិយោគ និងពាណិជ្ជកម្មបច្ចេកវិទ្យា។ ទីពីរ ត្រូវមានគោលនយោបាយរឹងមាំ ដើម្បីទាក់ទាញ ផ្តល់តម្លៃ និងរក្សាទេពកោសល្យ ជាពិសេសអ្នកវិទ្យាសាស្ត្រ អ្នកជំនាញបច្ចេកវិទ្យា និងក្រុមគ្រប់គ្រងដែលមានជំនាញ។ ទីបី អាជីវកម្មត្រូវតែស្ថិតនៅចំកណ្តាលប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិត។ ជាចុងក្រោយ យើងត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងទិន្នន័យជាតិដែលមានការធ្វើសមកាលកម្ម ភ្ជាប់ទំនាក់ទំនង និងមានសុវត្ថិភាព ដោយរួមបញ្ចូលការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិតទៅក្នុងការគ្រប់គ្រង ផលិតកម្ម និងសេវាកម្ម។ ដើម្បីឱ្យគំរូថ្មីទទួលបានជោគជ័យ ស្ថាប័នត្រូវតែត្រួសត្រាយផ្លូវ ហើយមនុស្សគឺជាចំណុចកណ្តាល បច្ចេកវិទ្យាគឺជាកម្លាំងចលករ ហើយអាជីវកម្មត្រូវតែជាអង្គភាពអនុវត្តន៍”។
តម្រូវការក្នុងការផ្លាស់ប្តូរទៅគំរូអភិវឌ្ឍន៍ថ្មីដោយផ្អែកលើផលិតភាព ចំណេះដឹង បច្ចេកវិទ្យា និងមនុស្សមិនត្រឹមតែជាការផ្លាស់ប្តូរកម្លាំងចលករនៃកំណើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អសមត្ថភាពខ្លឹមសារ បង្កើនភាពប្រកួតប្រជែងជាតិ និងសម្រេចគោលដៅនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសនៅក្នុងយុគសម័យថ្មី៕








