ការរក្សាសន្ទុះកំណើន ការរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងការពង្រឹងទំនុកចិត្តរបស់វិនិយោគិន ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រព័ន្ធនយោបាយទាំងមូល។
ជំរុញយ៉ាងខ្លាំងនូវកម្លាំងចលករសម្រាប់កំណើន
យោងតាមការដឹកនាំរបស់មជ្ឈិម បណ្តាក្រសួង ស្ថាប័ន និងវិស័យនានា សុទ្ធតែកំពុងបង្កើនល្បឿននូវដំណោះស្រាយអនុវត្តន៍ជាក់ស្តែង។
សម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅកំណើនឧស្សាហកម្មក្នុងរយៈពេល ៦ ខែចុងឆ្នាំ ប្រហែល ១២-១៤% អនុប្រធាននាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក ផាម វ៉ាន់គួន (Pham Van Quan) បានឱ្យដឹងថា ក្រសួងបានកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មនិងពាណិជ្ជកម្ម ដែលក្នុងនោះ ទីផ្សារមានតួនាទីនាំមុខ ថាមពលជាអ្នករួមដំណើរ និងឧស្សាហកម្មគឺជាកម្លាំងចលករចម្បង ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ៖
«ទីមួយ យើងនឹងបែងចែកដីធ្លីឱ្យបានគ្រប់គ្រាន់ដើម្បីទាក់ទាញវិនិយោគិនធំៗ មកបណ្តាក់ទុន។ ទីពីរ យើងនឹងលុបបំបាត់ឧបសគ្គនៅក្នុងគម្រោងថាមពលធំៗ ដើម្បីធានាការអភិវឌ្ឍ និងបំពេញតាមលក្ខណៈវិនិច្ឆ័យអគ្គិសនីចាំបាច់ មុនពេលគម្រោងត្រូវបានអនុវត្ត។ យើងនឹងបន្តអភិវឌ្ឍទីផ្សារ ជំរុញទីផ្សារនាំចេញ ទន្ទឹមនឹងការពង្រីកទីផ្សារក្នុងស្រុក»។
ទន្ទឹមនឹងនោះ ដើម្បីបង្កើនតម្លៃនាំចេញជលផលឱ្យបានវឡើងដល់ជាង ១២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ សមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) កំពុងជំរុញការចូលទៅកាន់ទីផ្សារផ្សេងទៀត បន្ថែមលើទីផ្សារប្រពៃណី។ លោកស្រី ឡេ ហាំង (Le Hang) អគ្គលេខាធិការរងសមាគម VASEP បានបញ្ជាក់ថា៖
«ទីផ្សារប្រទេសចិននៅតែមានឱកាសកំណើនយ៉ាងខ្លាំងក្លា ជាពិសេសគឺចំពោះមុខទំនិញបង្គា ប្រទេសចិននឹងបង្កើនការនាំចូលផលិតផលដូចជា៖ បង្គាខ្លា និងបង្កងនាគ ពីប្រទេសវៀតណាម។ ត្រូវតែឆ្លៀតយកឱកាសនៃទីផ្សារដែលមានការប្រែប្រួលតិចតួច និងកំពុងមានឧត្តមភាពផ្នែកភូមិសាស្ត្រនិងថ្លៃឡូជីស្ទិកដូចជា៖ អាស៊ាន ជប៉ុន កូរ៉េខាងត្បូង។ល។ បង្កើនសមាមាត្រផលិតកម្មទំនិញកែច្នៃស៊ីជម្រៅកែលម្អប្រសិទ្ធភាពផលិតកម្ម ដើម្បីផលិតបាននូវផលិតផលដែលមានតម្លៃប្រកួតប្រជែងជាងមុន»។
នៅតាមមូលដ្ឋាននានាក៏កំពុងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចបានគោលដៅកំណើនផងដែរ។ ដោយផ្អែកលើការពង្រីកឧត្តមភាពពិសេសរបស់ខ្លួន មូលដ្ឋានជាច្រើនបានបង្កើតសេណារីយ៉ូកំណើន ផ្តល់អាទិភាពដល់ការទាក់ទាញការវិនិយោគ ពន្លឿនវឌ្ឍនភាពនៃគម្រោងសំខាន់ៗ កែទម្រង់នីតិវិធីរដ្ឋបាល និងរួមដំណើរជាមួយសហគ្រាសដើម្បីបង្កើតសន្ទុះអភិវឌ្ឍន៍ថ្មី និងនាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។
បង្ហាញពីសមត្ថភាពអនុវត្តន៍
រាល់សេចក្តីសម្រេចចិត្ត កំពុងត្រូវបានអនុវត្តដោយស្មារតីប្រញាប់ប្រញាល់ និងម៉ឺងម៉ាត់បំផុត ពីព្រោះលទ្ធផលនៃរយៈពេល ៦ ខែចុងឆ្នាំ នឹងបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍នាប៉ុន្មានឆ្នាំបន្តបន្ទាប់ទៀត។
នៅក្នុងកិច្ចប្រជុំជាមួយក្រសួងនិងស្ថាប័ននានា ស្តីពីស្ថានភាពអភិវឌ្ឍន៍រយៈពេល ៦ ខែដើមឆ្នាំ និងភារកិច្ចសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា អាទិភាពចម្បង គឺបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាសមតុល្យធំៗនៃសេដ្ឋកិច្ច និងពង្រឹងទំនុកចិត្តនៃទីផ្សារ។ នេះគឺជាលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យសហគ្រាសមានទំនុកចិត្តក្នុងការពង្រីកផលិតកម្ម វិនិយោគិនបន្តជ្រើសរើសវៀតណាមជាគោលដៅរយៈពេលវែង និងដៃគូអន្តរជាតិមានទំនុកចិត្តលើយថាទស្សន៍អភិវឌ្ឍន៍នៃសេដ្ឋកិច្ចវៀតណាម៖ «ផ្នែក និងមូលដ្ឋានណាដែលសម្រេចបាន និងលើសពីគោលដៅកំណើនក្នុងរយៈពេល៦ខែដើមឆ្នាំ គួរតែបន្តខិតខំដើម្បីសម្រេចបានលទ្ធផលខ្ពស់ជាង។ ផ្នែក និងមូលដ្ឋានណាដែលមិនទាន់សម្រេចបានគោលដៅ ត្រូវតែប្តេជ្ញាចិត្តដើម្បីបំពេញគោលដៅទាំងនោះ ជាពិសេសទីក្រុងហាណូយ និងទីក្រុងហូជីមិញ រួមជាមួយនឹងមូលដ្ឋានដែលជាកម្លាំងចលករសម្រាប់កំណើន។ សេណារីយ៉ូរបស់រដ្ឋាភិបាលបានកំណត់គោលដៅ និងភារកិច្ចជាក់លាក់ដល់ផ្នែក វិស័យ និងមូលដ្ឋាននីមួយៗ។ សូមស្នើឱ្យក្រសួង វិស័យ និងជាពិសេសបណ្តាខេត្ត និងទីក្រុងចំណុះមជ្ឈិម ត្រូវយកចិត្តទុកដាក់ និងអនុវត្តសេណារីយ៉ូប្រតិបត្តិការ និងដំណោះស្រាយរបស់រដ្ឋាភិបាល»។
រួមជាមួយនឹងគោលដៅកំណើន ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែផ្សារភ្ជាប់ជាមួយនឹងការធានាសុខុមាលភាពសង្គម ការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ ការជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ នេះមិនត្រឹមតែជាតម្រូវការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលក្ខខណ្ឌសម្រាប់វៀតណាមដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅក្នុងបរិបទនៃស្តង់ដារបរិស្ថាន បច្ចេកវិទ្យា និងអភិបាលកិច្ចដែលកំពុងក្លាយជានិន្នាការសកល។
រយៈពេល៦ខែចុងឆ្នាំ មិនត្រឹមតែជាដំណាក់កាលចុងក្រោយនៃផែនការឆ្នាំ ២០២៦ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសាកល្បងសមត្ថភាពអនុវត្តនៃប្រព័ន្ធទាំងមូលទៀតផង។ ការយកចិត្តទុកដាក់ខ្ពស់ ការផ្តល់អាទិភាពដល់ធនធាន ធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់ និងលើកកម្ពស់ប្រសិទ្ធភាពអនុវត្ត គឺជាកត្តាសម្រេចចិត្តក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយទន្ទឹមនឹងនោះ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍរបស់ប្រទេសជាតិ និងលើកកម្ពស់តួនាទីរបស់វៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ៕








