បើកចេញលំហរអប់រំថ្មីនៅតំបន់ព្រៃភ្នំនិងតំបន់ព្រំដែន
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គោលនយោបាយអប់រំសម្រាប់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំត្រូវបានបើកទូលាយជាបណ្តើរៗ ចាប់ពីការជួយឧបត្ថម្ភដល់សិស្ស រហូតដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតសម្រាប់ជនជាតិភាគតិច។ នៅក្នុងឃុំព្រំដែន គោលនយោបាយសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបានបំបេញបន្ថែមធនធានដ៏សំខាន់មួយដល់ការអប់រំ ដោយមានគោលបំណងបង្កើតបរិយាកាសសិក្សាដែលមានស្ថេរភាព និងសមស្របសម្រាប់លក្ខ័ណ្ឌជាក់ស្តែងនៃតំបន់នីមួយៗ។ ចំពោះកុមារនៅតំបន់ព្រំដែន សាលារៀនដែលមានការវិនិយោគល្អអាចបង្កើតឱកាសកាន់តែច្រើនសម្រាប់ពួកគេក្នុងការសិក្សា និងហាត់ពត់លត់ដំខ្លួនឯង។ ចំណុចសំខាន់គឺថា ធនធានទាំងនេះត្រូវបានប្រែក្លាយទៅជាលក្ខខណ្ឌសិក្សាជាក់ស្តែងសម្រាប់សិស្សានុសិស្ស។
លក្ខខណ្ឌសិក្សាដែលប្រសើរឡើងផ្តល់នូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កុមារឱ្យមានជម្រើសកាន់តែច្រើនលើដំណើរសិក្សា និងឆ្ពោះទៅអនាគត។ សាស្ត្រាចារ្យរង បណ្ឌិត ប៊ូយ ហោយ សឺន មាជិកគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភា បានចាត់ទុកថា៖ “ការសាងសង់សាលារៀនអន្តរកម្រិតជាច្រើនកន្លែង នៅតំបន់ព្រំដែនគឺជាគោលនយោបាយមនុស្សសាស្ត្រ។ សម្រាប់កុមារនៅតំបន់ព្រៃភ្នំ ចម្ងាយភូមិសាស្ត្រ ការធ្វើដំណើរដ៏លំបាក ស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងកង្វះខាតសម្ភារៈសិក្សា នៅតែជាឧបសគ្គពិតប្រាកដចំពោះសិទ្ធិចូលរួមការសិក្សា។ សាលារៀនដែលល្អគ្រប់គ្រាន់ នៅជិត មានលក្ខខណ្ឌសិក្សា និងរស់នៅប្រកបដោយសុវត្ថិភាព នឹងជួយប្អូនៗកុមារ អាចទទួលបានការអប់រំកាន់តែស្មើភាពគ្នា ខណៈពេលដែលបង្កើតបរិយាកាសសម្រាប់ប្អូនៗ ក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ និងបុគ្គលិកលក្ខណៈយ៉ាងគ្រប់គ្រាន់។ អ្វីដែលសំខាន់ជាងនេះទៅទៀត ការវិនិយោគលើសាលារៀននៅតំបន់ព្រំដែន គឺជាការវិនិយោគលើមនុស្ស លើអនាគតនៃតំបន់ព្រំដែន ហើយក៏ជាមធ្យោបាយប្រកបដោយនិរន្តរភាពបំផុតក្នុងការពង្រឹងទំនុកចិត្តរបស់ជនរួមជាតិលើគោលនយោបាយរបស់បក្ស និងរដ្ឋ”។
វិនិយោគលើការអប់រំបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនៅតំបន់ព្រំដែន
ជាមួយនឹងគោលនយោបាយសាងសង់សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតនៅតាមឃុំព្រំដែន ការអប់រំត្រូវបានដាក់ក្នុងចក្ខុវិស័យរយៈពេលវែងជាងនោះគឺ៖ លើកកំពស់គុណភាពធនធានមនុស្ស បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ដែលមានសារៈសំខាន់ជាពិសេស។
ការិយាល័យនយោបាយបានឯកភាពលើគោលនយោបាយវិនិយោគលើការសាងសង់សាលារៀននៅក្នុងឃុំព្រំដែនចំនួន ២៤៨ កន្លែង។ ដំបូងឡើយ សាលារៀនចំនួន ១០០ នឹងត្រូវបានអនុវត្ត ហើយបន្ទាប់មកនិងអនុវត្តន៍ទូលំទុលាយជាង។ គោលនយោបាយនេះមិនត្រឹមតែមានគោលបំណងដោះស្រាយតម្រូវការបន្ទាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រព័ន្ធសាលារៀនដែលសមស្របទៅនឹងលក្ខខណ្ឌនៃឃុំព្រំដែនទៀតផង។ នៅក្នុងពិធីសម្ពោធសាលាបឋមសិក្សា និងមធ្យមសិក្សា Si Pa Phin នៅខេត្តឌៀនបៀន កាលពីខែមករា ឆ្នាំ២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា៖ “សម្រាប់តំបន់ព្រំដែន តំបន់ដាច់ស្រយាល និងតំបន់ដែលមានការលំបាក ការអប់រំមិនត្រឹមតែជាការលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងការបណ្តុះបណ្តាលធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយជាមូលដ្ឋាន និងរយៈពេលវែងដើម្បីរក្សាអធិបតេយ្យភាពជាតិពីឫសគល់ - ពោលគឺប្រជាជន ជាសហគមន៍ដែលតភ្ជាប់ទៅនឹងដីធ្លី ភូមិ ព្រំដែន និងបង្គោលព្រំដែន។ គោលនយោបាយវិនិយោគក្នុងការកសាងប្រព័ន្ធសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតនៅតាមឃុំព្រំដែន គឺជាការសម្រេចចិត្តត្រឹមត្រូវ ដែលមានសារៈសំខាន់ខាងនយោបាយ សង្គម និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ”។
រួមជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការធានាជួរគ្រូបង្រៀន គុណភាពនៃការបង្រៀន និងបរិយាកាសរស់នៅសម្រាប់សិស្ស គឺមានសារៈសំខាន់ចំពោះប្រសិទ្ធភាពរយៈពេលវែងនៃគោលនយោបាយ។ នេះក៏ជាការបន្តការងារដើម្បីធានាថា សាលារៀនថ្មីពិតជារួមចំណែកពង្រីកតម្លៃក្នុងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែន។ សាស្ត្រាចារ្យរង បណ្ឌិត ប៊ូយ ហោយ សឺន បានចាត់ទុកថា៖ “តាមគំនិតរបស់ខ្ញុំ ឥទ្ធិពលនៃសាលារៀនទាំងនេះនឹងលើសពីវិសាលភាពនៃការអប់រំ។ សម្រាប់កុមារ នោះគឺជាឱកាសមួយដើម្បីផ្លាស់ប្តូរអនាគត តាមរយៈចំណេះដឹង ពង្រីកវិសាលភាពជម្រើសអាជីព និងបោះជំហាន ទៅកាន់ពិភពលោកដ៏ធំទូលាយដោយទំនុកចិត្ត ខណៈពេលដែលនៅតែគោរពអត្តសញ្ញាណមាតុភូមិរបស់ខ្លួន។ សម្រាប់គ្រួសារនីមួយៗ នៅពេលដែលកុមារសិក្សាក្នុងបរិយាកាសល្អ និងមានសុវត្ថិភាព ឪពុកម្តាយនឹងមានទំនុកចិត្ត និងការលើកទឹកចិត្តកាន់តែច្រើន ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានស្ថេរភាព និងអភិវឌ្ឍជីវភាពរស់នៅ។ ចំពោះសហគមន៍ សាលារៀនអាចក្លាយជាមជ្ឈមណ្ឌលវប្បធម៌ ចំណេះដឹងនិងតភ្ជាប់សង្គម ដែលរួមចំណែកដល់ការលើកកម្ពស់កម្រិតបញ្ញា ផ្តល់ការថែទាំសុខភាព ថែរក្សាភាសា ទំនៀមទម្លាប់ និងតម្លៃវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនរួមជាតិ។ ក្នុងរយៈពេលវែង នៅពេលដែលកុមារនៅតំបន់ព្រំដែនត្រូវបានផ្តល់ឱកាសស្មើគ្នាសម្រាប់ការអភិវឌ្ឍ ពួកគេផ្ទាល់នឹងក្លាយជាប្រភពធនធានមនុស្សកសាងមាតុភូមិ។ ដូច្នេះ សាលារៀននីមួយៗនៅតំបន់ព្រំដែនមិនត្រឹមតែសាបព្រោះចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបណ្តុះជំនឿ សេចក្តីប្រាថ្នា និងភាពរស់រវើកថ្មីនៅក្នុងតំបន់ទាំងមូលទៀតផង”។
ថែទាំការអប់រំនៅតំបន់ព្រៃភ្នំនិងតំបន់ព្រំដែន គឺជាការបង្ហាញជាក់ស្តែងនៃការធានាសិទ្ធិកុមារក្នុងការអប់រំ កាត់បន្ថយគម្លាតនៃលក្ខខណ្ឌអប់រំរវាងតំបន់ និងបង្កើតធនធានរយៈពេលវែងសម្រាប់តំបន់។ ពីគោលនយោបាយរបស់បក្ស និងការវិនិយោគរបស់រដ្ឋ រហូតដល់សាលារៀនដែលមានវត្តមានក្នុងជីវភាពប្រចាំថ្ងៃ គោលដៅចុងក្រោយនៅតែជាគុណភាពនៃការអប់រំ និងការអភិវឌ្ឍរបស់សិស្សម្នាក់ៗ។ បរិយាកាសសិក្សាល្អនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្អូនៗ បន្តការរៀនសូត្រ ការហាត់ពត់លត់ដំ និងការចូលរួមចំណែកដល់មាតុភូមិនាអនាគត៕







