រយៈ ៨១ ឆ្នាំបន្ទាប់ពីការបង្កើតប្រទេសជាតិ ប្រជាជនវៀតណាមបានចាប់ផ្តើមដំណើរដ៏សំខាន់មួយដោយការកែទម្រង់គំរូអភិវឌ្ឍន៍។ នេះគឺជាជំហានផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការត្រិះរិះអភិវឌ្ឍន៍៖ ពីគោលដៅកំណើនទៅជាការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍ជាតិ ដើម្បីស្ទុះឈានទៅមុខនៅក្នុងយុគសម័យថ្មី។
ពីការរំដោះជាតិ ទៅជាការរំដោះសមត្ថភាពអភិវឌ្ឍន៍
នៅឆ្នាំ ១៩៤៥ នៅទីលានបាឌិញ (ទីក្រុងហាណូយ) លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ដែលដោះស្រាយតម្រូវការស្លាប់រស់ របស់ប្រជាជនវៀតណាម៖ ឯករាជ្យនិងសេរីភាព។
នៅឆ្នាំ ១៩៨៦ មហាសន្និបាតលើកទី ៦ របស់បក្សកុម្មុយនិស្តវៀតណាមបានផ្តួចផ្តើមគោលមាគ៌ា ផ្លាស់ប្ដូរថ្មី ដោយផ្លាស់ប្តូរពីសេដ្ឋកិច្ចផែនការណ៍ ទៅជាសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។ នោះគឺជាដំណើរការ រំដោះកម្លាំងផលិតកម្ម។ ហើយ ៤០ ឆ្នាំក្រោយមក ប្រទេសវៀតណាមសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ៖ ពីប្រទេសក្រីក្រមួយ ក្លាយទៅជាប្រទេសដែលមានទំហំផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៥១៤ ពាន់លានដុល្លារអាមេរិក (នៅឆ្នាំ ២០២៥) ជាប់ចំណាត់ថ្នាក់លេខ ៣២ នៅលើពិភពលោក និងលេខ ៤ នៅក្នុងតំបន់អាស៊ាន។ ដោយមានចំណូលជាតិសរុប (GNI) ក្នុងមនុស្សម្នាក់ កើនដល់ ៤.៩៧០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ប្រទេសវៀតណាមទើបតែត្រូវបានធនាគារពិភពលោកចាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
នៅឆ្នាំ ២០២៦ បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាឆ្នាំ ២០៤៥៖ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់ ឈានឡើងសង្គមនិយមយ៉ាងរឹងមាំ វៀតណាមបានផ្លាស់ប្តូរពីគំរូកំណើនសេដ្ឋកិច្ចសុទ្ធសាធ ទៅជាកំណែទម្រង់គំរូអភិវឌ្ឍន៍ជាតិគ្រប់ជ្រុងជ្រោយ។ ដោយវិភាគលើរបត់នេះ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម លោក ង្វៀន សួនថាំង បានអះអាងថា៖
"ការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍គឺជាលក្ខខណ្ឌ ដែលជួយវៀតណាមជំនះលើការត្រិះរិះបែបចាស់គំរិល ដែនកំណត់អភិវឌ្ឍន៍ចាស់ បង្កើតកម្លាំងចលករថ្មី និងលើកកំពស់ស្វ័យភាពយុទ្ធសាស្ត្រ ទំនុកចិត្ត និងភាពខ្លួនទីពឹងខ្លួន នៅក្នុងពិភពលោកមួយដែលមានការប្រែប្រួលឥតឈប់ឈរ និងមិនអាចទាយទុកជាមុនបាន"។
ការស្ថាបនាធនធាន
សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបន្តអភិវឌ្ឍន៍និងបញ្ជាក់ការត្រិះរិះនោះឲ្យកាន់តែច្បាស់លាស់ តាមរយៈការអនុម័តលើសេចក្តីសម្រេចចិត្តលេខ ១៩ ស្តីពីការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍របស់វៀតណាម។ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម លោក ង្វៀន សួនថាំង បានវិភាគថា៖
"ការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍របស់ប្រទេសវៀតណាមមិន ត្រឹមតែជាការផ្លាស់ប្ដូរថ្មីគំរូកំណើនសេដ្ឋកិច្ចនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរថ្មីទាំងការត្រិះរិះអភិវឌ្ឍន៍ វិធីសាស្រ្តសម្រាប់ការដឹកនាំ និងអភិបាលកិច្ចជាតិ ការរៀបចំសង្គម និងវិធីសាស្ត្រកៀរគរ និងបែងចែកគ្រប់ធនធានទាំងអស់។ នេះគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកសម្រេចការកសាងគំរូសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមរបស់វៀតណាម។ ចាំបាច់ត្រូវយល់យ៉ាងស៊ីជម្រៅថា នៅក្នុងគំរូអភិវឌ្ឍន៍ថ្មី មនុស្សគឺជាគោលដៅ កម្លាំងចលករ និងជាធនធានផ្ទៃក្នុងនៃការអភិវឌ្ឍ"។
នៅក្នុងគំរូអភិវឌ្ឍន៍ថ្មី កំណើនសេដ្ឋកិច្ចគឺជាលក្ខខណ្ឌចាំបាច់ ប៉ុន្តែលែងជាគោលដៅតែមួយគត់ទៀតហើយ។ ការអភិវឌ្ឍមានតុល្យភាព នៅលើសសរស្តម្ភ៖ សេដ្ឋកិច្ច សង្គម វប្បធម៌ មនុស្ស បរិស្ថាន ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ដោយធ្វើអត្ថាធិប្បាយលើគំរូអភិវឌ្ឍន៍ថ្មី អ្នកជំនាញសេដ្ឋកិច្ច Can Van Luc បានចាត់ទុកថា៖
"យើងកំពុងឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ដ៏ឆាប់រហ័ស ប្រកបដោយចីរភាព បរិយាប័ន្ន និងផ្ដោតលើប្រជាជន។ ដើម្បីសម្រេចបាននូវគោលដៅនោះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងកត្តាមនុស្ស គឺជាមូលដ្ឋានគ្រឹះ និងសសរស្តម្ភសំខាន់បំផុតចំនួនពីរ។ លើសពីនេះ កត្តាពីរផ្សេងទៀតក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ទីមួយ ត្រូវផ្លាស់ប្ដូរថ្មីគំរូអភិបាលកិច្ចជាតិ។ ទីពីរ ត្រូវតែមានវិធានការប្រកបដោយប្រសិទ្ធភាពពិតប្រាកដសម្រាប់ការកៀរគរនិងបែងចែកធនធាន"។
ដោយក្រឡេកមើលលើគោលនយោបាយដែលបានបង្កើតជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក អាចមើលឃើញការត្រិះរិះដ៏ខ្ជាប់ខ្ជួនរបស់មជ្ឈិមដែលថា៖ ការផ្លាស់ប្ដូរថ្មីត្រូវតែចាប់ផ្តើម ពីការបង្កើតមូលដ្ឋានគ្រឹះអនុវត្តន៍ប្រកបដោយភាពស៊ីសង្វាក់គ្នា។ ចាប់ពីដំណាក់កាលបម្រួមក្បាលម៉ាស៊ីន ការអនុវត្តអាជ្ញាធរមូលដ្ឋាន ២ កម្រិត ការលុបបំបាត់ចំណុចកកស្ទះផ្នែកស្ថាប័នតាមសេចក្តីសម្រេចចិត្តលេខ ៦៦-NQ/TW ការយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាកម្លាំងចលករទម្លុះទម្លាយ តាមសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW រហូតដល់ការពង្រីកកម្លាំងផ្ទៃក្នុងពីវប្បធម៌ និងមនុស្សតាមសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW។ ល។
ការរួមបញ្ចូលគ្រប់ជ្រុងជ្រោយនេះកំពុងបង្កើតជាបណ្តើរៗនូវ "ប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ជាតិ" ដែលដំណើរការយ៉ាងរលូន និងបំពេញយ៉ាងត្រឹមត្រូវនឹងតម្រូវការជាក់ស្ដែងក្នុងដំណាក់កាលថ្មី។
ចាប់ពីសេចក្តីប្រកាសរបស់លោកប្រធានហូជីមិញ ថា «ប្រទេសវៀតណាមមានសិទ្ធិទទួលបានសេរីភាពនិងឯករាជ្យភាព» ដែលលាន់លឺកងរំពងនៅទីលានបាឌីញក្នុងសរទៈរដូវ ឆ្នាំ ១៩៤៥ រហូតដល់ការសម្រេចចិត្តជាប្រវត្តិសាស្ត្រអំពីការ «ផ្លាស់ប្តូរថ្មីគំរូអភិវឌ្ឍន៍ជាតិ» វាមិនត្រឹមតែជាការបន្តនៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាដំណើរដើម្បីអះអាងនូវឫទ្ធានុភាព ភាពខ្លួនទីពឹងខ្លួន របស់ប្រជាជាតិមួយ ដែលមិនដែលចុះចាញ់នៅចំពោះមុខស្ថានភាពលំបាក ហើយជានិច្ចកាលចេះផ្លាស់ប្តូរខ្លួនឯងដើម្បីស្ថិតស្ថេរជានិរន្តរ៍ ងើបឡើងវិញនិងស្ទុះឈានទៅមុខ៕








