នៅថ្ងៃទី ១៦ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយ​ទំ​ហំនៃ​ស​មយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Shield (UFS) រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលគ្រោងនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-២៧​ ខែសីហា។ នៅថ្ងៃទី ១៩ ខែសីហា លោក ដូណាល់ ត្រាំ បានទាក់ទាញការយក​ចិត្តទុក​ដាក់បន្ថែមទៀតដោយបញ្ជាក់ថា លោកមានបំណង​ចង់បន្តការ​ស​ន្ទ​នាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេលឆាប់ៗនេះ។

សម្ព័ន្ធភាពមានការប្រេះឆា

ការសម្រេចចិត្តកាត់បន្ថយទំហំនៃសមយុទ្ធ UFS បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់គ្រប់ភាគីទាំងអស់ ដោយសារតែសេចក្តីប្រកាសនេះ ត្រូវបាននាំចេញមុន​ពេល​ប្រព្រឹត្តទៅសមយុទ្ធនេះតែប៉ុណ្ណោះ​។ នេះជាលើកទីមួយហើយនៅក្នុងអាណត្តិទីពីរដែលលោក​ប្រធានាធិបតី ដូណាល ត្រាំ បានស្នើឱ្យកាត់បន្ថយទំហំនៃសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ដោយហេតុផលថា​ សមយុទ្ធទាំងនេះចំណាយថវិកាច្រើន និងបាន​ផ្ញើ «សញ្ញាអមិត្ត» ទៅកាន់កូរ៉េខាងជើង។ យោង​តាមលោក ដូណាល ត្រាំ សហរដ្ឋអាមេរិកកំពុងរ៉ាប់រងភាគច្រើននៃការ​ចំណាយ​លើ​ការ​រៀបចំការសមយុទ្ធនេះ ហើយការរក្សាសកម្មភាពហ្វឹកហ្វឺនទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូងគឺមិនសមស្របឡើយ ក្នុងបរិបទដែលលោក «កំពុងមានទំនាក់ទំនងល្អ» ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។​​

ក្នុងអំឡុងពេលអាណត្តិដំបូង (២០១៦-២០២០) លោក ដូណាល ត្រាំ ក៏បានរិះគ​ន់ម្ត​​ងហើ​យម្តងទៀតចំពោះសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ជា «ការខ្ជះខ្ជាយលុយ» ដែលធ្វើ​ឱ្យសកម្មភាពបណ្តុះបណ្តាលរួមគ្នាមួយចំនួនត្រូវបានផ្អាក ឬកាត់បន្ថយ។ យ៉ាងណាមិញ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់​ថា ការសម្រេចចិត្តនៅនាទីចុងក្រោយរបស់លោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយទំហំនៃ UFS បានបង្ហាញពីសញ្ញាដ៏​សំខាន់ជាច្រើន មិនត្រឹមតែសម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បរិយាកាសសន្តិសុខនៅលើឧបទ្វីបកូរ៉េជាពិសេស និងតំបន់អាស៊ីបូព៌ាជា​ទូទៅ​​ផងដែរ។ លោក Cha Du-hyeogn អ្នកវិភាគនៅវិទ្យាស្ថានគោលនយោបា​យ​ ​Asan (កូរ៉េខាងត្បូង) បានធ្វើ​អត្ថាធិប្បាយថា៖

«សរុបមក នេះឆ្លុះបញ្ចាំងពីការខកចិត្តនៅពេលដែលកូរ៉េខាងត្បូង ទោះបីជាសម្ព័ន្ធមិត្តក៏ដោយ ក៏មិនបានគាំទ្រអាមេរិកយ៉ាងសកម្មនៅក្នុងជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់នោះឡើយ។ ដូច្នេះ តើចំណុចនេះមានន័យដូចម្តេចសម្រាប់អនាគត? ជាទូទៅ ប្រការនេះបាន​ផ្ញើសារថា ប្រសិនបើកូរ៉េខាងត្បូងមិនចែករំលែកបន្ទុក ហើយមិនចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធសាស្ត្រតំបន់ឬសកលលោករបស់អាមេរិកទេនោះ អាមេរិក​អាចកែសម្រួលកម្រិតនៃការប្តេជ្ញាចិត្ត​ផ្នែកសន្តិសុខចំពោះកូរ៉េខាងត្បូងទាំងស្រុង​។ ការលើកឡើងអំពីសមយុទ្ធរួម​គ្នា​អាចត្រូវបានចាត់ទុកជា​សញ្ញា​នៃសារនោះ»។​

ក្រៅពីការ​ទាមទារឱ្យកូរ៉េខាងត្បូងចែករំលែកការប្តេជ្ញាចិត្តសន្តិសុខ មជ្ឈដ្ឋាន​អ្នកវិភាគក៏បា​ន​ច​ង្អុល​បង្ហាញពីកត្តាសេដ្ឋកិច្ចនៅក្នុងការសម្រេចចិត្តរបស់លោក ដូណាល ត្រាំ ផងដែរ។ នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ លោក ដូណាល ត្រាំ បានប្រកាសថា ​កូ​រ៉េខាងត្បូងនឹងផ្តល់ការវិនិយោគ "ភ្លាមមួយ​រំពិច" ចំនួន ៣៥០ ពាន់លានដុល្លារ​ដ​ល់សហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយពន្ធនាំចូលពី ២៥% មកត្រឹម ១៥%។ ទោះជាយ៉ាងណាក៏ដោយ ជិតមួយឆ្នាំបន្ទាប់ពីសេចក្តីប្រកាសនោះ គ្មានគម្រោងវិនិយោគនិងពាណិជ្ជកម្មណាមួយត្រូវបានអនុវត្តក្រោមកិច្ចព្រមព្រៀងនោះ​ទេ។ ដូច្នេះ ការកាត់បន្ថយសមយុទ្ធ UFS ក៏ត្រូវបានចាត់ទុកជា "គំនាស់" សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដា​ក់ស​ម្ពាធកាន់តែខ្លាំងលើទីក្រុងសេអ៊ូ​ល​ ឱ្យ​អនុវត្តការប្តេជ្ញាចិត្តវិនិយោគនិងពាណិជ្ជកម្មមុនថ្ងៃផុតកំណត់គឺខែ​មករា ឆ្នាំ២០២៩ ហើយ​បង្កើនកា​រចូ​លរួមចំណែកដល់ការចំណាយលើវិស័យការពារជា​តិ និងគាំទ្រគោល​ន​យោបាយការបរទេសកាន់តែ​ទូលំទូលាយ​របស់អាមេរិក។

ការបន្តការសន្ទនារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង

រួមជាមួយនឹងភាពប្រេះឆាក្នុងទំនាក់ទំនងជាស​ម្ព័ន្ធមិត្តជិតស្និទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង «កត្តាកូរ៉េខាងជើង» ក៏ជាចំណុចគួរឱ្យកត់សម្គាល់នៅក្នុងបម្រែបម្រួលនាពេលថ្មីៗ​នេះផ​ង​ដែរ។ កាលពីថ្ងៃទី ១៩ ខែសីហា លោក ដូណាល ត្រាំ បានអះអាងជាថ្មីថា នឹងជួបជាមួយ​លោក Kim Jong-un នៅចុងឆ្នាំនេះ ដើម្បីស្តារឡើងវិញនូវ​ទំនាក់ទំនងដែលលោកត្រាំបានបង្កើតឡើងជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង ក្នុងអាណត្តិទីមួយរបស់លោក។ សេចក្តី​ប្រកាសទាំងនេះបាន​បង្ហាញថា ទីក្រុង​វ៉ាស៊ីនតោនកំពុងមាន​កា​រ​ផ្លា​ស់ប្តូរយ៉ាងខ្លាំង អំពីគោ​ល​នយោបាយការបរទេស និងសន្តិសុខជាមួយឧបទ្វីបកូរ៉េ​។ លោកស្រី Jenny Town នៃអង្គការប្រឹក្សាយោប​​ល់គោលនយោបាយ Stimson Center (អាមេរិក) បានវាយតម្លៃថា៖

«អាចមើលឃើញថា លោក ដូណាល ត្រាំ មានបំណងចង់ជួបជាមួយ​លោក Kim Jong-un ចាប់តាំងពីដើមអាណត្តិទីពីរនេះ​មកម៉្លេះ។ លោកបានស្វែងយល់ម្តងហើយម្តងទៀតអំពីការបន្តការចរចាឡើងវិញ។ របៀបដែលលោកអនុវត្តកាយវិការ នេះបង្ហាញឱ្យឃើញថា លោកកំពុងព្យាយាមបង្កើតឱកាសទូតមួយ ដែលក្នុងនោះការពន្យារពេល ឬការកាត់បន្ថយសមយុទ្ធយោធា ត្រូវបានប្រើប្រាស់ជាសញ្ញាបង្ហាញពី​គោល​បំណងនេះ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រអនុវត្តបែរជាមានភាពខ្វះខាត​ប្រព័ន្ធ ដូច្នេះវាពិបាក​សម្រេចបាននូវផលប៉ះពាល់ដូចដែលលោក​ចង់បាន ជាពិសេសគឺនៅពេលខ្វះខាតបរិបទនៃការចរចាជាក់ស្តែងដែលកំពុងប្រព្រឹត្តទៅ»។

សំណួរដែលត្រូវបាន​ដាក់ចេញ​គឺថា តើសកម្មភាពជាបន្តបន្ទាប់នាពេលថ្មីៗនេះ​របស់លោក ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់បរិយាកាសសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងតំបន់​អាស៊ីឦសាន​ទាំងមូលយ៉ាងដូចម្តេច។ មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍ជឿថា ការកាត់បន្ថយទំហំនៃសមយុទ្ធ UFS អាចប៉ះពាល់​ដោ​យ​ផ្ទាល់ដល់ការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធរបស់សម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ប៉ុន្តែក៏អាចជំរុញនូវ​គោល​​​ជំហរ "ឯករាជ្យ" ​ដែលកំពុងតែកើនឡើងរបស់កូរ៉េខាងត្បូងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះយថាទស្សន៍នៃការចរចារវាងអាមេរិក និងកូរ៉េខាងជើង ស្ថានភាពនឹងកាន់តែស្មុគស្មាញ ដោយតែ​សារប្រតិកម្មរបស់ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងចំពោះការវិវត្ត​នា​បច្ចុប្បន្ន គឺ​មិនអាចទាយទុកជាមុនបាន​ឡើយ​។ លោកស្រី Jenny Town បាន​ធ្វើ​អត្ថាធិប្បាយថា៖

«គួរតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាដំបូងគឺរបៀបដែលកូរ៉េខាងជើងឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ ហើយទន្ទឹមនឹងនោះ មើលថាតើកូរ៉េខាងត្បូង – រួមទាំងរដ្ឋាភិបាល និងកងទ័ពប្រទេសនេះ – នឹងឆ្លើយតបយ៉ាងដូចម្ត៉េចចំពោះ​កាយវិការដ៏​គួរឱ្យ​ភ្ញាក់ផ្អើលនោះ»។

ទោះបីជាលោក ដូណាល់ ត្រាំ មិនទាន់បានបញ្ជាក់ពេលវេលា និងទីតាំងនៃជំនួបដែល​អាចកើត​ឡើង​ ជាមួយលោក គីម ជុងអ៊ុន ក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជឿថា ជំនួបនេះ ទំនងជានឹង​ធ្វើឡើងនៅពេលដែលលោក ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ទីក្រុង Shenzhen ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងខែវិច្ឆិកា​ឆ្នាំនេះ៕ ​