នាព្រឹកព្រលឹមថ្ងៃទី ១៦ ខែសីហា យន្តហោះគ្មានមនុស្សបើក (UAV) របស់អ៊ុយក្រែនប្រហែល ៦០០ គ្រឿងបានវាយប្រហារលើតំបន់ម៉ូស្គូ ដែលជាការវាយប្រហារដោយ UAV ដ៏ធំបំផុតរតំរង់លើរដ្ឋធានីរុស្ស៊ី ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង នៅខែកុម្ភៈ ឆ្នាំ២០២២។ ចលនានេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីល និង UAV ទ្រង់ទ្រាយធំស្រដៀងគ្នា របស់រុស្ស៊ីតំរង់ទៅលើទឹកដីអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃមុន។
ការខូចខាតលើជនស៊ីវិលបានកើនឡើង
ក្រោយរយៈពេលដ៏វែងមួយ ដែលសមរភូមិនៅភាគខាងកើតអ៊ុយក្រែន ស្ទើរតែ “បង្កក” ដោយគ្មានការប្រែប្រួលទឹកដីធំណាមួយ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានឡើងកម្តៅម្តងទៀតនៅរដូវក្តៅនេះ។ រុស្ស៊ីបានបង្កើនការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីលបាលីស្ទិកទ្រង់ទ្រាយធំ និង UAV លើទីក្រុងនានារបស់អ៊ុយក្រែន ជាពិសេសរដ្ឋធានីគៀវ ខណៈដែលអ៊ុយក្រែនបានបើកការវាយប្រហារជាច្រើនដោយ UAV ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីវិញ ដោយតំរង់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល (រោងចក្រចម្រាញ់ប្រេង ស្ថានីយប្រេងឥន្ធនៈ) និងភស្តុភារ (ឃ្លាំងរបស់សាជីវកម្មលក់រាយ)។ ល។
តួរលេខពីបេសកកម្មត្រួតពិនិត្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន (HRMMU) បានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៦ នៅអ៊ុយក្រែន មានជនស៊ីវិលជាង ៤៣០នាក់បានស្លាប់ និងជាង ២៦០០នាក់រងរបួស ខណៈដែលនៅប្រទេសរុស្ស៊ី មនុស្សប្រហែល ៨០នាក់បានស្លាប់និងជាង ៦០០នាក់រងរបួស ដែលជាចំនួនជនស៊ីវិលស្លាប់និងរងរបួសខ្ពស់បំផុតក្នុងមួយខែ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។ គោលដៅស៊ីវិលដែលររងការបំផ្លិចបំផ្លាញនៅភាគីទាំងពីរក៏កំពុងកើនឡើងផងដែរ។ អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Haq បានថ្លែងថា៖
“ការវាយប្រហារជាបន្តបន្ទាប់នាពេលថ្មីៗនេះ ជាសំឡេងប្រកាសអាសន្នអំពីវាយប្រហារកាន់តែខ្លាំងឡើង តំរង់ទៅលើតំបន់ដែលមានប្រជាជនរស់នៅច្រើន។ យោងតាមរបាយការណ៍ ស្ថានការណ៍នេះបាននាំឱ្យមានការកើនឡើងជាកំណត់ត្រានៃចំនួនជនស៊ីវិលស្លាប់និងរងរបួស ក៏ដូចជាការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែន និងកាន់តែកើនឡើងនៅសហព័ន្ធរុស្ស៊ីផងដែរ”។
ប្រការដ៏ធ្ងន់ធ្ងរជាងនេះទៅទៀត ការដែលរុស្ស៊ីកំពុងពន្លឿនការផលិតអាវុធ ខណៈពេលដែលរដ្ឋបាលអាមេរិកកំពុងពិចារណាផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែនឱ្យផលិតមីស៊ីលការពារដែនអាកាស Patriot បង្ហាញថា ភាគីទាំងពីរកំពុងត្រៀមរៀបចំសម្រាប់ជម្លោះមួយដែលបន្តអូសបន្លាយ។ លោក Thomas Withington អ្នកជំនាញស្រាវជ្រាវនៅវិទ្យាស្ថានព្រះរាជអង្គទ័ពឯកភាពចក្រភពអង់គ្លេស (RUSI) បានធ្វើអត្ថាធិប្បាយថា៖
«នេះមិនមែនជាដំណោះស្រាយជាបណ្ដោះអាសន្នចំពោះបញ្ហាអាវុធនោះទេ។ ម្យ៉ាងវិញទៀត វាមិនដោះស្រាយភ្លាមៗនូវការគំរាមកំហែងទាក់ទងនឹងការការពារដែនអាកាសដែលអ៊ុយក្រែននឹងប្រឈមមុខនាពេលអនាគតដ៏ខ្លីខាងមុខនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ចលនានេះនឹងបង្ហាញឲ្យរុស្ស៊ីឃើញថា អ៊ុយក្រែនកំពុងត្រៀមរៀបចំសម្រាប់សង្គ្រាមផ្លូវអាកាសដ៏យូរអង្វែង ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួននៅក្នុងបរិបទនោះ។ ដូច្នេះ នេះគឺជាសញ្ញានយោបាយដ៏សំខាន់មួយដែលបានផ្ញើទៅកាន់រុស្ស៊ី»។
ការកើនឡើងនៃការប្រឈមមុខដាក់គ្នា
រួមជាមួយនឹងការកើនឡើងផ្នែកយោធា និងការជាប់គាំងផ្នែកការទូត រណសិរ្សមួយទៀតក៏កំពុងបង្ហាញសញ្ញាគួរឱ្យព្រួយបារម្ភនៃជម្លោះរុស្ស៊ី-អ៊ុយក្រែននោះគឺ ការប៉ះទង្គិចគ្នាគ្នាកាន់តែស្មុគស្មាញរវាងរុស្ស៊ី និងប្លុកយោធាអាត្លង់ទិកខាងជើង (NATO) តាមរយៈសកម្មភាពនៅក្នុង «តំបន់ពណ៌ប្រផេះ» ពោលគឺជិតដល់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ កាលពីថ្ងៃទី ១៦ ខែសីហា ក្រសួងការពារជាតិរ៉ូម៉ានីបានប្រកាសថា យន្តហោះចម្បាំងអេស្ប៉ាញបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានរំលោភចូលទៅក្នុងដែនអាកាសប្រទេសនេះ នៅជិតព្រំដែនជាមួយអ៊ុយក្រែន និងម៉ុលដាវី។ ឧប្បត្តិហេតុប្រហាក់ប្រហែលគ្នា ក៏កំពុងកើតឡើងជាមួយនឹងភាពញឹកញាប់កាន់តែខ្ពស់ ដែលលាតសន្ធឹងពីប្រទេសប៉ូឡូញ រហូតដល់ប្រទេសបាល់ទិក និងបាល់កង់ចំណុះណាតូ សូម្បីតែអាល្លឺម៉ង់ និងបារាំងទៀតផង។
ទាក់ទងនឹងទំនាក់ទំនងអាមេរិក-រុស្ស៊ី ការកើនឡើងនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ឆ្លុះបញ្ចាំងពីការបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលប្រទេសទាំងពីរបានអនុវត្តន៍ចាប់តាំងពីកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ី កាលពីខែសីហាកន្លងទៅ នៅអាឡាស្កា (សហរដ្ឋអាមេរិក)។ ពីការត្អូញត្អែរថា សហរដ្ឋអាមេរិកលែងប្រតិបត្តិតាម "កិច្ចព្រមព្រៀងអាឡាស្កា" ទៀតហើយ ទីក្រុងម៉ូស្គូនាពេលថ្មីៗនេះ កាន់តែប្ដូរផ្ដាច់ថែមទៀត ដោយទាមទារឱ្យសហរដ្ឋអាមេរិកផ្តល់ចម្លើយឲ្យបានច្បាស់លាស់អំពីតួនាទីរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសកាលពីថ្ងៃទី ១៤ ខែសីហាថា៖
"យើងបានផ្ញើសំណួរជាច្រើនទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយស្នើឲ្យមានការឆ្លើយតប - រួមទាំងបញ្ហាទាក់ទងនឹងទិន្នន័យស៊ើបការណ៍សម្ងាត់ និងការចូលរួមយ៉ាងជ្រាលជ្រៅរបស់សហរដ្ឋអាមេរិក ចាប់ពីការរៀបចំផែនការ និងការអនុវត្តការវាយប្រហារតំរង់ទៅលើគោលដៅស៊ីវិល នៅក្នុងទឹកដីរុស្ស៊ី។ យើងកំពុងរង់ចាំចម្លើយ"។
ដោយឡែកសម្រាប់ប្រទេសអឺរ៉ុប ការព្រមានពីរុស្ស៊ីក៏ទើបតែត្រូវបានធ្វើឡើងនៅកម្រិតខ្ពស់បំផុតផងដែរ។ នៅថ្ងៃទី ១២ ខែសីហា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា រុស្ស៊ីនឹងឆ្លើយតបក្នុងកម្រិតស្រដៀងគ្នាទៅនឹងប្រទេសអឺរ៉ុប ប្រសិនបើពួកគេបន្តចាប់ខ្លួននាវាពាណិជ្ជកម្មរុស្ស៊ី ដែល រុស្ស៊ីចាត់ទុកថាជាការរំលោភលើច្បាប់សមុទ្រអន្តរជាតិ ទោះបីជាអឺរ៉ុបអះអាងថា ទាំងនេះជានាវានៃ "កងនាវាស្រមោល" របស់រុស្ស៊ី សំដៅគេចវេសពីបទដាក់ទណ្ឌកម្មរបស់ប្លុកនេះ។ នេះជាលើកដំបូងហើយ ដែលមេដឹកនាំកំពូលរបស់រុស្ស៊ី បានប្រកាសពីការព្រមានឆ្លើយតបដោយផ្ទាល់ ដែលឆ្លុះបញ្ចាំងពីការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ ដែលបានខិតជិតដល់កម្រិតគ្រោះថ្នាក់ ហើយមានហានិភ័យមិនអាចគ្រប់គ្រងបាន ក្នុងក្របខ័ណ្ឌនៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនតែប៉ុណ្ណោះ៕








