នៅឯកិច្ចប្រជុំកំពូលអវកាសដែលទើបតែប្រព្រឹត្តទៅថ្មីៗនេះនៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើឱ្យស្រាវជ្រាវអំពីការបង្កើតបណ្តាញ "លំហដើម្បីការអភិវឌ្ឍនិងភាពធន់" ដែលដំបូងបង្អស់ផ្តោតលើអាស៊ីអាគ្នេយ៍ ក្នុងបំណងចែករំលែកទិន្នន័យអវកាស បង្កើនសមត្ថភាព និងតភ្ជាប់ការស្រាវជ្រាវ ការបណ្តុះបណ្តាល សហគ្រាស និងការវិនិយោគ។ សំណើនេះបើកចេញទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងដៃគូនានា ដើម្បីទាញយកអត្ថប្រយោជន៍ពីសមិទ្ធផលនៃបច្ចេកវិទ្យាអវកាស សម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនភាពធន់ចំពោះបញ្ហាប្រឈមនៅលើភពផែនដីផងដែរ។

ពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារហូតដល់ការតភ្ជាប់ធនធាន

នៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា លំហអវកាសកំពុងបើកចេញឱកាសថ្មីសម្រាប់ការអភិវឌ្ឍ ព្រមទាំងដាក់ចេញនូវតម្រូវការថ្មីលើអភិបាលកិច្ច សុវត្ថិភាព និងការទទួលខុសត្រូវផងដែរ។ ចំពោះប្រទេសវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានឲ្យដឹងថា បច្ចេកវិទ្យាអវកាស​ ស្ថិតនៅក្នុងក្រុមបច្ចេកវិទ្យាយុទ្ធសាស្ត្រដែលត្រូវបានផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍ ហើយជាសមាសធាតុនៃសមត្ថភាពអភិវឌ្ឍន៍ជាតិ ជាមួយនឹងទិសដៅអាទិភាពចំនួនបី៖

“ទីមួយ៖ លើកកំពស់ស្វ័យភាពលើបច្ចេកវិទ្យានិងទិន្នន័យអវកាស។ ទីពីរ៖ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចអវកាស លើកទឹកចិត្តគំរូហិរញ្ញវត្ថុសម្រាប់កម្មវិធីដែលបម្រើផលប្រយោជន៍សាធារណៈ។ ទីបី៖ កែលម្អស្ថាប័ន និងសមត្ថភាពអភិបាលកិច្ចសម្រាប់សកម្មភាពអវកាស ស្របតាមច្បាប់អន្តរជាតិ។ កិច្ចសហប្រតិបត្តិការអន្តរជាតិបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការប្រើប្រាស់លំហរបស់វៀតណាមដើម្បីប្រជាជន ដើម្បីសន្តិភាព និងការអភិវឌ្ឍ”។

នៅចំពោះមុខប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃទីភ្នាក់ងារអវកាសជាតិ អង្គការអន្តរជាតិ សហគ្រាស និងអ្នកស្រាវជ្រាវអវកាសមកពីប្រទេសប្រហែល ១៣០ លើទូទាំងពិភពលោក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក លោក តូ ឡឹម បានសង្កត់ធ្ងន់លើសារនេះថា៖ ប្រទេសនានាត្រូវការក្របខ័ណ្ឌអភិបាលកិច្ចពហុភាគី ដែលធានាបាននូវលំហប្រកបដោយសន្តិភាព សុវត្ថិភាព ចីរភាព ប្រើប្រាស់រួមគ្នា ជាមួយនឹងស្មារតីអភិវឌ្ឍន៍សមត្ថភាព ដោយដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ ផលប្រយោជន៍ជាតិដែលភ្ជាប់ទៅនឹងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។ នេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់សំណើររបស់វៀតណាមអំពីការស្រាវជ្រាវបង្កើតបណ្តាញ "លំហដើម្បីការអភិវឌ្ឍ និងភាពធន់"។

នៅក្នុងសំណើរបស់វៀតណាម គោលដៅអភិវឌ្ឍន៍ត្រូវបានដាក់ទន្ទឹមគ្នាជាមួយនឹងតម្រូវការបង្កើនភាពធន់។ ដូច្នេះ ការអនុវត្តបច្ចេកវិទ្យានិងទិន្នន័យអវកាស ដូចជា៖ ការព្រមានគ្រោះធម្មជាតិ ការឃ្លាំមើលអាកាសធាតុ និងការគ្រប់គ្រងធនធាន ត្រូវបានដាក់ក្នុងចំណោមវិស័យអាទិភាព រួមជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ពីវេទិកាសហប្រតិបត្តិការវៀតណាម-បារាំង ទៅកាន់ការពង្រីកលំហសម្រាប់កិច្ចសហប្រតិបត្តិការ

ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងកិច្ចប្រជុំកំពូលអវកាស គឺជាការបញ្ជាក់នូវចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដែលកំពុងបង្កើតរូបរាងអនាគត ដូចជា៖ ការជំរុញសេដ្ឋកិច្ចអវកាស ការធានាសន្តិសុខអវកាសតាមរយៈការសន្ទនា និងភាពជាដៃគូ និងការជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យាសម្រាប់ការរុករកអវកាសដើម្បីអនាគតនៃមនុស្សជាតិ។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ឡេ ហ័យជុង បានឲ្យដឹងថា៖

“ថ្នាក់ដឹកនាំបារាំង និងអង្គការនានា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នៅក្នុងកិច្ចប្រជុំ។ បច្ចុប្បន្ននេះ អវកាសមិនត្រឹមតែជាបញ្ហាវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាវិស័យថ្មីមួយ លំហថ្មីមួយសម្រាប់ការអភិវឌ្ឍទៀតផង។ នេះក៏ជាវិស័យមួយដែលបក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងចង់បើកលំហថ្មីសម្រាប់ការអភិវឌ្ឍ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លៀតយកធនធាន”។

យោងតាមសំណើរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បណ្តាញ "លំហដើម្បីការអភិវឌ្ឍ និងភាពធន់" នឹងត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងវៀតណាម និងបារាំង អង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូផ្សេងទៀត។ ក្នុងនោះ ប្រទេសបារាំងគឺជាដៃគូសំខាន់មួយរបស់ប្រទេសវៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសទាំងពីរមានកម្មវិធីសហប្រតិបត្តិការជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងវិស័យអវកាសផងដែរ ជាមួយនឹងគម្រោង VNREDSat-1 គឺជាឧទាហរណ៍គំរូមួយ។ លោកសាស្ត្រាចារ្យ បណ្ឌិត ជិន ទួនអាញ អនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានចាត់ទុកថា៖

“ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការទាញយកធនធាន។ គ្មានប្រទេសណាមួយអាចអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតែម្នាក់ឯងបានទេ។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងនឹងមានឱកាសបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានមនុស្សបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់។ ទីពីរ យើងអាចក្រេបយកបច្ចេកវិទ្យាដែលមានស្រាប់ ហើយអភិវឌ្ឍន៍បច្ចេកវិទ្យាផ្ទាល់ខ្លួនបន្តិចម្តងៗ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ អ្នកជំនាញរបស់វៀតណាមក៏នឹងក្រេបយកបាននូវបច្ចេកវិទ្យាទាំងនេះយ៉ាងឆាប់រហ័ស ក្រេបយកបាននូវចំណេះដឹងពីបច្ចេកវិទ្យាផ្កាយរណបរបស់ប្រទេសដែលមានជំនាញ និងបទពិសោធន៍ជឿនលឿនក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រនេះ”។

សំណើបង្កើតបណ្តាញ "លំហដើម្បីការអភិវឌ្ឍនិងភាពធន់" បង្ហាញឲ្យឃើញថា ប្រទេស
វៀតណាមកំពុងម្ចាស់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ ចាប់ពីកិច្ចសហប្រតិបត្តិការទ្វេភាគី រហូតដល់ការតភ្ជាប់តំបន់ និងអន្តរជាតិ។ នេះក៏ជាទិសដៅសម្រាប់វៀតណាម និងដៃគូនានា ដើម្បីនាំយកសមិទ្ធផលនៃបច្ចេកវិទ្យាអវកាសទៅបម្រើការអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងសហគមន៍អន្តរជាតិផងដែរ៕