ក្នុងរយៈពេលជិត ១០០ ឆ្នាំ នៃការដឹកនាំបដិវត្តន៍របស់បក្ស មេរៀនជាច្រើនដែលមានលក្ខណៈជាក្រិតក្រម ត្រូវបានដកចេញ ដែលបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់វៀតណាមក្នុងយុគសម័យថ្មី។
តម្លៃស្នូល
ពីអង្គការទើបបង្កើតថ្មី ដែលដំណើរការក្រោមការគាបសង្កត់យ៉ាងតឹងរឹង បក្សបានកសាងអង្គការ និងអភិវឌ្ឍកម្លាំងរបស់ខ្លួនជាបណ្តើរៗ។ ដំណើរនេះបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតួនាទីរបស់ ង្វៀន អាយ ក្វុក (Nguyễn Ái Quốc) - ហូ ជីមិញ អ្នកដែលមានដំណើរការដ៏វែងឆ្ងាយសម្រាប់ការរៀបចំនយោបាយ មនោគមវិជ្ជា និងអង្គការសម្រាប់ការបង្កើតបក្សនយោបាយបដិវត្តន៍នៅវៀតណាម។ លោកបណ្ឌិត ង្វៀន វ៉ាន់ ដាង (Nguyễn Văn Đáng) មកពីបណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានថ្លែងថា៖ “ក្នុងការបូកសរុបរយៈពេល ១០០ ឆ្នាំនៃការដឹកនាំរបស់បក្សចំពោះចលនាបដិវត្តន៍វៀតណាម និងការអភិវឌ្ឍប្រទេសជាតិក្នុងសម័យកាលផ្លាស់ប្តូរថ្មី គឺតួនាទីរបស់លោកប្រធានហូជីមិញ និងតួនាទីរបស់បក្សគឺមិនអាចជំនួសបានទេ។ តួនាទីរបស់បក្ស ជាមួយនឹងផលប្រយោជន៍របស់ប្រជាជាតិនិងប្រជាជនគឺឯករាជ្យជាតិ ឯកភាពប្រទេសជាតិ និងការផ្លាស់ប្តូរថ្មីក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាព មានសំឡេងលើពិភពលោក។ ទាំងនេះគឺជាបញ្ហាដែលបក្សកុម្មុយនិស្តវៀតណាមតែងតែប្រកាន់ខ្ជាប់ខ្ជួនក្នុងការដឹកនាំដំណើរការតស៊ូបដិវត្តន៍ ឯកភាពប្រទេស និងអភិវឌ្ឍប្រទេសជាតិក្នុងអស់រយៈពេលជិតមួយសតវត្សកន្លងមក”។
ដោយក្រឡេកមើលពេញមួយដំណើរការនេះ ចំណុចលេចធ្លោមួយគឺការតភ្ជាប់រវាងគោលដៅនៃឯករាជ្យជាតិ និងទិសដៅសង្គមនិយម; រវាងមាគ៌ាបដិវត្តន៍ និងការកៀរគរកម្លាំងមហាជន។ លោក ប៊ូយ វ៉ាន់ ថាច់ (Bùi Văn Thách) អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានវាយតម្លៃថា៖ “សមិទ្ធផលដែលបក្សសម្រេចបានក្នុងរយៈពេល ១០០ ឆ្នាំនៃការដឹកនាំបដិវត្តន៍ គឺជាអព្ភូតហេតុមានលក្ខណៈប្រវត្តិសាស្ត្រ។ បក្សបានដឹកនាំប្រទេសអាណានិគមពាក់កណ្តាលសក្តិភូមិមួយ ឲ្យក្លាយទៅជាប្រទេសទំនើប រុងរឿង និងស្រស់ស្អាត ដោយឈានដល់កម្រិតចំណូលមធ្យមខ្ពស់ដូចសព្វថ្ងៃនេះ។ អាចនិយាយបានថា ជាអព្ភូតហេតុមួយ ដែលនាំប្រជាជនវៀតណាមចេញពីស្ថានភាពទាសភាព និងអាណានិគមនិយម ឲ្យក្លាយទៅជាពលរដ្ឋនៃប្រទេសអភិវឌ្ឍន៍ ដែលប្រជាជនទទួលផលពីភាពរុងរឿង និងសប្បាយរីករាយពីមួយថ្ងៃទៅមួយថ្ងៃ”។
លោក អាមីអាដ ហូរ៉ូវីតស៍ (Amiad Horowitz) សមាជិកនៃបក្សកុម្មុយនិស្តអាមេរិក បានថ្លែងថា៖ “កំណើនសេដ្ឋកិច្ចជួយបង្កើតស្ថិរភាពនយោបាយ តាមនោះ បើកចេញឱកាសសម្រាប់ការធ្វើសមាហរណកម្មអន្តរជាតិ។ កត្តាទាំងបីនេះ តែងតែដើរទន្ទឹមគ្នា ហើយបក្សកុម្មុយនិស្តវៀតណាម ក្នុងនាមជាកម្លាំងឈានមុខគេរបស់ប្រទេសជាតិ បានណែនាំដើម្បីធានាថា ទិដ្ឋភាពទាំងបីត្រូវបានបំពេញ; ធ្វើយ៉ាងម៉េចឲ្យទិដ្ឋភាពទាំងបីនេះអភិវឌ្ឍន៍ជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ”។
កំណត់បញ្ហាថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ
ចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ចក្ខុវិស័យអភិវឌ្ឍន៍ ១០០ ឆ្នាំតម្រូវឱ្យវៀតណាមផ្តោតលើការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រស្នូលក្នុងពេលដំណាលគ្នា៖ កសាងរដ្ឋនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ទំនើប រលូននិងមានប្រសិទ្ធភាព។ ជាមួយគ្នានោះ ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការអនុវត្តបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជាមូលដ្ឋាន ខណៈពេលដែលបង្កើនសក្តានុពលរបស់ប្រជាជនវៀតណាម។ សសរស្តម្ភទាំងនេះត្រូវអនុវត្តស្របគ្នា និងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ សាស្ត្រាចារ្យ វូ មិញ យ៉ាង អតីតនាយករងសាកលវិទ្យាល័យជាតិហាណូយ បានសម្តែងការរំពឹងទុកថា ៖ “ដើម្បីសម្រេចបាននូវគោលដៅដ៏មហិច្ឆតាបែបនេះ យើងត្រូវតែពង្រឹងគ្រប់ទិដ្ឋភាពទាំងអស់នៃភាពជាអ្នកដឹកនាំ និងអង្គការរបស់បក្ស។ ទីមួយ យើងត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងច្នៃប្រឌិតចំពោះគោលមាគ៌ានយោបាយ។ ដំណើរការកែទម្រង់ត្រូវតែមានភាពរឹងមាំជាង។ សមាជិកទាំងអស់នៃអង្គការបក្សត្រូវតែជ្រួតជ្រាបស្មារតីនៃការកសាងប្រទេសជាតិដ៏រឹងមាំ និងវិបុលភាព ដឹកនាំប្រជាជនឆ្ពោះទៅវិបុលភាព”។
រយៈពេលជិតមួយសតវត្សដឹកនាំប្រទេសជាតិរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាដំណើរដ៏វែងឆ្ងាយគ្រប់គ្រាន់ដើម្បីមើលឃើញចំណុចរបត់ សមិទ្ធផល បញ្ហាប្រឈម និងមេរៀនដែលប្រមូលបានតាមរយៈការអនុវត្តជាក់ស្តែង។ បូករសុបដំណើរនោះ នឹងជាមូលដ្ឋានសម្រាប់បន្តកំណត់អត្តសញ្ញាណនៃបញ្ហាថ្មីៗ និងស្វែងរកកត្តាជំរុញការអភិវឌ្ឍឱ្យសមស្របនឹងប្រទេសនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕








