កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ មានប្រធានបទ៖ “ឆ្ពោះទៅរកអនាគតរួមគ្នា” ដោយផ្តោតការពិភាក្សាលើអាទិភាពសំខាន់ៗចំនួនបី៖ មូលដ្ឋានសន្តិភាពនិងសន្តិសុខ; ច្រករបៀងអភិវឌ្ឍន៍; និងការប្រគល់សិទ្ធិដល់ប្រជាជន។
ក្នុងទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ រូបថត៖ TTXVN
អាស៊ានផ្លាស់ប្តូរពី «សម្របខ្លួន» ទៅជា «ម្ចាស់ការកំណត់រូបរាង»
នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងរបស់អាស៊ានក្នុងឆ្នាំ ២០២៦ និងជាពេលវេលាដែលអាស៊ានឈានចូលដំណាក់កាលអភិវឌ្ឍថ្មី បន្ទាប់ពីសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ បញ្ហាសាកល្បងនាពេលបច្ចុប្បន្នរបស់អាស៊ាន លែងត្រូវបានកំណត់ចំពោះបញ្ហាប្រពៃណីដូចជាពាណិជ្ជកម្ម ឬការធ្វើសមាហរណកម្មក្នុងប្លុកទៀតហើយ ប៉ុន្តែបានពង្រីកដល់ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចធំៗ ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល សន្តិសុខថាមពល និងហានិភ័យនៃការបែកបាក់សេដ្ឋកិច្ចពិភពលោក។ ក្នុងបរិបទនោះ ប្រធានបទដែលហ្វីលីពីនបានជ្រើសរើសម្រាប់ឆ្នាំប្រធានអាស៊ានឆ្នាំ២០២៦ – «ឆ្ពោះទៅរកអនាគតរួមគ្នា» – បានឆ្លុះបញ្ចាំងពីគោលជំហររបស់អាស៊ា គឺចង់បន្តដើរតួនាទីជា «អ្នកបើកបរ» ជាជាងការធ្លាក់ចូលទៅក្នុងការប្រកួតប្រជែងអន្តរជាតិ។
ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ ២០២៦។ រូបថត៖ TTXVN
ចំណុចគួរឱ្យកត់សម្គាល់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ គឺមិនត្រឹមតែផ្តោតលើការរក្សាឯកភាពក្នុងប្លុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការកសាងភាពធន់ជាយុទ្ធសាស្ត្ររបស់អាស៊ានទៀតផង។ ប្រការនេះបានបង្ហាញថា អាស៊ានកំពុងផ្លាស់ប្តូរពីផ្នត់គំនិត «សម្របខ្លួន» ទៅជា «ម្ចាស់ការកំណត់រូបរាង»។ ក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង អាស៊ានយល់ច្បាស់ថា ប្រសិនបើគ្មានស្វ័យភាពសេដ្ឋកិច្ច បច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់នោះទេ តំបន់ទាំងមូលនឹងងាយរងគ្រោះចំពោះផលប៉ះពាល់ពីការប្រកួតប្រជែងអំណាចសកល។ នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានសង្កត់ធ្ងន់ថា៖ « ក្នុងបរិបទនៃការវិវឌ្ឍទាំងនេះ អាស៊ានមិនបំភ្លេចអាទិភាពទូលំទូលាយ និងយូរអង្វែងរបស់ខ្លួនឡើយ។ ជាមួយនឹងប្រធានបទនៃឆ្នាំប្រធានអាស៊ាន ២០២៦ របស់ហ្វីលីពីន គឺ «ឆ្ពោះទៅរកអនាគតរួមគ្នា» អាស៊ានបានយល់ថា ការយកឈ្នះលើអស្ថិរភាពទាមទារទាំងភាពបត់បែន និងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាសាកល្បង ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តប្រដេញតាមគោលដៅរយៈពេលវែងនៃសហគមន៍អាស៊ានឆ្នាំ ២០៤៥»។
កិច្ចប្រជុំលើកនេះ ផ្តោតលើទិសដៅសំខាន់ៗចំនួនបីរបស់អាស៊ានក្នុងឆ្នាំ ២០២៦ រួមមាន៖ ការពង្រឹងកត្តាសំខាន់ៗសម្រាប់សន្តិភាពនិងសន្តិសុខក្នុងតំបន់; ការពង្រីកច្រករបៀងវិបុលភាព និងសមាហរណកម្មសេដ្ឋកិច្ច; និងការជំរុញការប្រគល់សិទ្ធិដល់ប្រជាជនអាស៊ាន។
នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨។ រូបថត៖ VOV-Jarkata
វៀតណាម - ឯកសារយោងដ៏មានប្រយោជន៍សម្រាប់ប្រទេសជាច្រើនក្នុងតំបន់
ក្នុងបរិបទដែលអាស៊ានកំពុងស្វែងរកកម្លាំងចលករថ្មីសម្រាប់កំណើន វៀតណាមបានលេចចេញជាតំណភ្ជាប់ដ៏សំខាន់ក្នុងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកឡើងវិញ។ សមិទ្ធផលក្នុងការទាក់ទាញការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចបៃតង ជួយវៀតណាមក្លាយជាគំរូសម្រាប់ប្រទេសជាច្រើននៅក្នុងតំបន់។ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចាត់ទុកថា៖ «សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងវាយតម្លៃខ្ពស់ចំពោះអ្វីដែលវៀតណាមកំពុងធ្វើ។ ដូច្នេះហើយ យើងទន្ទឹងរង់ចាំមើលតួនាទី និងការរួមចំណែករបស់វៀតណាម ជាពិសេសនៅក្នុងទិដ្ឋភាពផ្សេងៗនៃអាស៊ាន។ អាស៊ានទើបតែចាប់ផ្តើមអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងផែនការយុទ្ធសាស្ត្រថ្មីចំនួន ៤ ដូច្នេះយើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃចក្ខុវិស័យរយៈពេល ២០ ឆ្នាំនេះ។ ជាមួយនឹងថ្នាក់ដឹកនាំថ្មីនិងរឹងមាំពីវៀតណាម ខ្ញុំគិតថា ប្រការនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាស៊ាន។ ខ្ញុំជឿជាក់ថា វៀតណាមនឹងមានការរួមចំណែកកាន់តែធំធេងតាមវិធីផ្សេងៗគ្នាជាច្រើន»។
ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នៅក្នុងកិច្ចប្រជុំនេះក៏មានសារៈសំខាន់ពិសេស ដោយសារនេះជាសកម្មភាពការទូតពហុភាគីដំបូងបង្អស់របស់ប្រមុខរដ្ឋាភិបាលវៀតណាមនីតិកាលថ្មី។ ប្រការនេះផ្ញើសារច្បាស់លាស់មួយថា អាស៊ានបន្តជាអាទិភាពយុទ្ធសាស្ត្រកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ឯកអគ្គរដ្ឋទូត Ton Thi Ngoc Huong ប្រធានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន បានអះអាងថា៖ «វៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាន ដំបូងបង្អស់គឺលើកកម្ពស់សមត្ថភាពឆ្លើយតបនិងសម្របសម្រួលរបស់អាស៊ាន នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៅក្នុងស្ថានភាពអន្តរជាតិ និងតំបន់។ វៀតណាមបន្តសហការនិងចូលរួមចំណែកជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់ផែនការយុទ្ធសាស្ត្រ ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ នាំគោលដៅ និងផែនការរួមទាំងអស់របស់អាស៊ានក្លាយជាគោលដៅនិងផែនការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ហើយទន្ទឹមនឹងនោះ ឆ្លៀតយកជាអតិបរមានូវអត្ថប្រយោជន៍ដែលកិច្ចសហប្រតិបត្តិការនិងការធ្វើសមាហរណកម្មអាស៊ានអាចនាំមកជូនប្រជាជន និងអាជីវកម្មក្នុងស្រុក»។
រូបថត៖ VOV-Jarkata
វៀតណាម ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន និងមានតុល្យភាព ត្រូវបានចាត់ទុកជាកត្តាដែលរួមចំណែកដល់ការរក្សាការឯកភាពក្នុងប្លុក ក៏ដូចជាពង្រឹងតួនាទីមជ្ឍភាពរបស់អាស៊ាននៅក្នុងតំបន់។ ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នៅក្នុងកិ្ចចប្រជុំកំពូលអាស៊ានលើកនេះបានបញ្ជាក់ថា វៀតណាមមិនត្រឹមតែជាសមាជិកសកម្មប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមត្ថភាពចូលរួមចំណែកក្នុងការកំណត់ទិសដៅអនាគតនៃតំបន់ទៀតផង៕








