នៅភូមិ Lò សង្កាត់ Hoa Hiep (ខេត្តដាក់ឡាក់) គម្រោងសហគមន៍មួយដែលមានឈ្មោះថា "គូរបេតិកភណ្ឌឡើងវិញ" កំពុងត្រូវបានអនុវត្តន៍ដោយស្ថាបត្យករវ័យក្មេងមកពីតំបន់ផ្សេងៗគ្នា ដើម្បីកត់ត្រានិងរីកសាយភាយតម្លៃនៃស្ថាបត្យកម្មផ្ទះសម្បែងប្រពៃណីនៅភូមិឆ្នេរសមុទ្រនេះ ដែលកំពុងប្រឈមមុខនឹងហានិភ័យសាបសូន្យទៅ។

ដំបូលប្រក់ក្បឿងពណ៌ក្រហមនៃផ្ទះរាប់ពាន់ខ្នង ឈរតម្រៀបគ្នានៅក្បែរសមុទ្រ។ កំពង់ផែមានភាពអ៊ូអរមមាញឹកនៅពេលព្រឹកនិងល្ងាចជារៀងរាល់ថ្ងៃ។ ឆ្នេរសមុទ្រជាមួយនឹងវាលខ្សាច់ពណ៌មាស និងទឹកពណ៌ខៀវស្រងាត់។ នេះគឺជាភូមិ Lo ដែលជាភូមិឆ្នេរសមុទ្របុរាណមួយនៅក្នុងសង្កាត់ Hoa Hiep ខេត្តដាក់ឡាក់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ភូមិ Lo កាន់តែមានភាពអ៊ូអរ នៅពេលទទួលស្ថាបត្យករវ័យក្មេងជាច្រើនមកពីគ្រប់ទិសទី។ ពួកគេយកសៀវភៅគំនូរព្រាង ប៊ិច និងសេចក្តីស្រឡាញ់ចំពោះបេតិកភណ្ឌស្ថាបត្យកម្ម ដើម្បីចូលរួមក្នុងគម្រោងសហគមន៍ "គូរបេតិកភណ្ឌឡើងវិញ"។

តាមរយៈគំនូរព្រាងនានា រូបភាពដែលធ្លាប់ស្គាល់នៃភូមិ Lo ដូចជា៖ ផ្លូវតូចៗ ដំបូលប្រក់ក្បឿងពណ៌ក្រហម ផ្ទះ៣ល្វែង រានហាលមុខផ្ទះ អណ្តូងទឹក និងកំពង់ទូក ត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើកនៅលើក្រដាស។ មិនមែនជាគំនូរនោះទេ វាក៏ជាមធ្យោបាយមួយដើម្បីថែរក្សាការចងចាំអំពីភូមិឆ្នេរសមុទ្រមួយ ដែលត្រូវបានបង្កើតឡើងតាំងពីរាប់សិបឆ្នាំមុនផងដែរ។

ស្ថាបត្យករ Le Ngoc Tung ដែលជាអ្នកផ្តួចផ្តើមគម្រោង "គូរបេតិកភណ្ឌឡើងវិញ" បាននិយាយថា៖

«សំខាន់បំផុត ខ្ញុំចង់ប្រែក្លាយវាទៅជាកាតប៉ូស្តាល់ដែលអ្នកទេសចរអាចទិញបាន។ ខ្ញុំនឹងឧទ្ទេសនាមវានៅក្នុងហូមស្ទេ និងវីឡាទេសចរណ៍ទាំងអស់ ហើយបោះពុម្ពទៅជាសៀវភៅផ្សព្វផ្សាយ ដើម្បីឱ្យផ្ទះនីមួយៗមានរឿងរ៉ាវ សម្រាប់មនុស្សអាន និងយល់ដឹងអំពីភូមិនេះ»។

ដោយធ្លាប់បានទៅទស្សនាភូមិ Lo ច្រើនដងហើយ ស្ថាបត្យករ Phan Dinh Trung (ទីក្រុងហូជីមិញ) បានចែករំលែកថា៖

«ពេលមកដល់ភូមិ ប្រការដំបូងដែលខ្ញុំបានមើលឃើញគឺ ដំបូលផ្ទះនៅតែរក្សាបាននូវភាពដើមស្ទើរតែទាំងស្រុង។ ផ្លូវថ្នល់ស្អាតបាត និងស៊ីវិល័យ។ រួមផ្សំជាមួយនឹងតម្លៃបេតិកភណ្ឌ ភូមិដែលមានលក្ខណៈប្រវត្តិសាស្ត្រ និងអត្តសញ្ញាណខ្ពស់បែបនេះមានអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ទេសចរណ៍»។

រួមជាមួយស្ថាបត្យករពីចម្ងាយ គម្រោងនេះក៏មានការចូលរួមពីមនុស្សដែលកើតមកនៅហ្នឹងទឹកដីនេះផងដែរ។ ស្ថាបត្យករ Le Quang Hieu មកពីតំបន់ Hoa Tan (ខេត្តភូអៀនចាស់) ដែលឥឡូវជាខេត្តដាក់ឡាក់ បាននិយាយថា៖

«ខ្ញុំចង់រួមចំណែកដល់ការទាក់ទាញចំណាប់អារម្មណ៍។ ប្រសិនបើយើងធ្វើអាជីវកម្មយ៉ាងពេញលេញ ដោយសាងសង់អគារខ្ពស់ៗយ៉ាងប្រញាប់ប្រញាល់ពេក ឬបង្កើនទំហំផ្ទៃដីប្រើប្រាស់យ៉ាងច្រើនហួសហេតុ យើងនឹងបាត់បង់លក្ខណៈពិសេសរបស់ភូមិ Lo។ យើងត្រូវតែមានការគិតគូរ និងប៉ិនប្រសប់ក្នុងការប្រើប្រាស់ទំហំសម្រាប់ទេសចរណ៍»។

មិនត្រឹមតែមានការកត់ត្រាប៉ុណ្ណោះទេ គម្រោង «គូរបេតិកភណ្ឌឡើងវិញ» ក៏បង្កើត ស្ពានរវាងសហគមន៍ច្នៃប្រឌិត និងអ្នកស្រុកទៀតផង។ តាមនោះ រួមចំណែកបំផុសសេចក្តីស្រឡាញ់ និងមោទនភាពចំពោះតម្លៃបេតិកភណ្ឌនៅក្នុងមនុស្សម្នាក់ៗ ហើយដាក់មូលដ្ឋានគ្រឹះសម្រាប់ទិសដៅអភិរក្សដែលភ្ជាប់ទៅនឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅភូមិឆ្នេរសមុទ្រនេះ។

ស្ថាបត្យករ Vu Duc Chien (ទីក្រុងហូជីមិញ) ដែលជាប្រធានក្រុមស្ថាបត្យករដែលចូលរួមក្នុងគម្រោងនេះ បានចែករំលែកថា៖

«ពេលខ្ញុំគូរគំនូរដំបូង ខ្ញុំបានជួបម្ចាស់ផ្ទះចាស់មួយ។ បន្ទាប់ពីយើងគូររួច ពួកគេមានអារម្មណ៍រីករាយណាស់។ ខ្ញុំជឿថា យើងបានបង្ហាញពីសេចក្តីស្រឡាញ់ចំពោះបេតិកភណ្ឌដល់ប្រជាជនដែលរស់នៅទីនេះ។ សង្ឃឹមថានេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កុមារ សម្រាប់ប្រជាជន សម្រាប់ម្ចាស់ផ្ទះទាំងនេះដើម្បីអាចមើលឃើញសេចក្តីស្រឡាញ់ចំពោះបេតិកភណ្ឌ»។

សកម្មភាពទាំងនេះក៏បានធ្វើឱ្យភ្ញៀវទេសចរជាច្រើនដែលស្នាក់នៅក្នុងភូមិ Lo ចាប់អារម្មណ៍ផងដែរ។ លោក Dinh Dzu ជាវិចិត្រករម្នាក់មកពីទីក្រុងដាឡាត បាននិយាយថា៖

"ភូមិដែលមានស្ថាបត្យកម្មដ៏ជិតស្និទ្ធបែបនេះ កាន់តែតិចទៅៗ។ នៅពេលដែលមានសកម្មភាពអភិរក្សស្ថាបត្យកម្ម ខ្ញុំគិតថាវាជាអ្វីដែលគួរធ្វើ ពីព្រោះរូបភាពដែលបានកត់ត្រានោះ នឹងត្រូវបានរក្សាទុកជារៀងរហូត"។

ភូមិ Lo ក្នុងសង្កាត់ Hoa Hiep ខេត្តដាក់ឡាក់ បច្ចុប្បន្នមានប្រជាជនប្រហែល ១៥០០ គ្រួសារ ដែលភាគច្រើនរស់នៅក្នុងផ្ទះ ៣ ល្វែងប្រពៃណី ដែលមានដំបូលប្រក់ក្បឿងពណ៌ក្រហម សាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០ នៃសតវត្សមុន។ ស្ថាបត្យកម្មនេះត្រូវបានរចនាឡើងដើម្បីឱ្យសមស្របទៅនឹងអាកាសធាតុនៃតំបន់ឆ្នេរសមុទ្រ ហើយបង្កើតលក្ខណៈពិសេសតែមួយគត់របស់ភូមិ។

គម្រោង "គូរបេតិកភណ្ឌឡើងវិញ" គឺដូចជាអំណោយខាងស្មារតីសម្រាប់ប្រជាជននៅភូមិ Lo។ ពីព្រោះផ្ទះបុរមបុរាណគឺជាកន្លែងដ៏ជិតស្និទ្ធបំផុត ជាកន្លែងដែលមានការចងចាំពីកុមារភាព មានរូបភាពរបស់ឪពុកម្តាយនិងជីដូនជីតាជាទីស្រឡាញ់៕