ថ្លែងនៅក្នុងពិធីនេះ លោក ជិន គឹមទូ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ពហុភាគីនីយកម្មនិងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស; ធ្វើសមាហរណកម្មទៅក្នុងសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាព។ នៅក្នុងដំណើរនេះ ទំនាក់ទំនងវៀតណាម-សិង្ហបុរីតែងតែជាចំណុចភ្លឺស្វាង។ វៀតណាមមានបំណងចង់បន្តអមដំណើរ និងសហការយ៉ាងជិតស្និទ្ធជាមួយសិង្ហបុរី ដើម្បីបង្កើតតម្លៃចីរភាព និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក Chan Chun Sing រដ្ឋមន្ត្រីទទួលបន្ទុកសេវាសាធារណៈ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី បានអះអាងថា សិង្ហបុរី និងវៀតណាមសហការគ្នាយ៉ាងល្អក្នុងការរក្សាមជ្ឈភាពរបស់អាស៊ាន ការបង្កើត រចនាសម្ព័ន្ធតំបន់ដោយបរិយាប័ន្ន និងផ្អែកលើច្បាប់ ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែន។ ភាគីទាំងពីរនឹងបន្តសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងរក្សាសន្តិសុខនៅអាស៊ីអាគ្នេយ៍ និងតំបន់ទូលំទូលាយ។
មុននោះ សមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានជួបជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងអាណិកជនវៀតណាមយ៉ាងច្រើនកុះករ៕




