នេះគឺជាការកើនឡើងចុងក្រោយបំផុតនៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលអាចបណ្តាលឱ្យមានផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរមិនត្រឹមតែសម្រាប់អ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់មជ្ឈិមបូព៌ានិងពិភពលោកទៀតផង។
សមរភូមិថ្មី
យោងតាមខ្លឹមសារ ដែលរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៤ ខែសីហា (ម៉ោងក្នុងតំបន់) សហរដ្ឋអាមេរិក បានពង្រីកវិសាលភាពនៃការគំរាមកំហែងអនុវត្តន៍ទណ្ឌកម្មបន្ទាប់បន្សំ លើអង្គការ និងប្រទេសដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដោយផ្តោតលើវិស័យចំនួន ៥ រួមមាន៖ ទ្រព្យសម្បត្តិឌីជីថល បច្ចេកវិទ្យា មាស អាកាសចរណ៍ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មថ្មី លើបុគ្គល ក្រុមហ៊ុន និងនាវាចំនួន ៦០ ដែលជាប់សង្ស័យថា បានជួយអ៊ីរ៉ង់ទទួលបានប្រាក់ចំណូលពីប្រេង ទិញអាវុធ និងធ្វើសកម្មភាពតាមអ៊ីនធឺណិត។ វិធានការទាំងនេះ ផ្តោតលើអង្គភាពជាច្រើននៅជុំវិញពិភពលោក រួមទាំងអេមីរ៉ាតអារ៉ាប់រួម (UAE) ហុងកុង ចិន សិង្ហបុរី និងអឺរ៉ុប។ លោក Scott Bessent បាននិយាយថា វិធានការថ្មីទាំងនេះ ស្ថិតនៅក្នុងយុទ្ធនាការដែលរដ្ឋបាលលោក Trump ហៅថា "D-Day សេដ្ឋកិច្ច" សំដៅដាក់អ៊ីរ៉ង់នៅឯកោផ្នែកហិរញ្ញវត្ថុ និងកាត់ផ្តាច់ប្រភពធនធានដែលជួយទីក្រុងតេអេរ៉ង់ រក្សាសេដ្ឋកិច្ចក្នុងអំឡុងពេលជម្លោះជិតប្រាំមួយខែកន្លងមក។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានចេញការព្រមានដល់ប្រទេសនានាដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ផងដែរ។
“ប្រទេសនីមួយៗសុទ្ធតែមានពេលវេលាកំណត់ជាក់លាក់មួយដើម្បីបញ្ចប់សកម្មភាពដែលយើងបានកំណត់។ ប្រសិនបើពួកគេមិនធ្វើសកម្មភាពទេ យើងនឹងចាត់វិធានការដោយឯកតោភាគី តាមរយៈសមត្ថកិច្ចរបស់ក្រសួងរតនាគារ។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា៖ អង្គភាពណាមួយដែល ចូលដៃជាមួយការលាងលុយកខ្វក់ក្នុងនាមអ៊ីរ៉ង់ នឹងត្រូវបានលុបចេញពីប្រព័ន្ធជួញដូរដោយប្រាក់ដុល្លារអាមេរិក (USD)។ ការរាប់ថយក្រោយបានចាប់ផ្តើមហើយ”។
ឆ្លើយតបទៅនឹងសង្គ្រាមសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្មី ពីទីក្រុងវ៉ាស៊ីនតោន រដ្ឋបាលអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានអះអាងថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូទាំងអស់។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់ លោក Ali Madanizadeh បានប្រកាសថា៖
“ពួកគេបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេលកន្លងមក។ ពួកគេបានប៉ុនប៉ងសាកល្បងការប្ដេជ្ញាចិត្តរបស់ប្រជាជន ក៏ដូចជាមន្ត្រីអ៊ីរ៉ង់ ហើយពួគគេបរាជ័យគ្រប់ពេល។ វាហាក់ដូចជា ពួកគេបានសម្រេចចិត្តជួបបរាជ័យម្តងទៀត។ យើងបានទាយទុកថ្ងៃនេះកើតឡើងពីយូរមកហើយ ហើយបានដឹងយ៉ាងច្បាស់អំពីផែនការរបស់ពួកគេ។ រដ្ឋាភិបាលអ៊ីរ៉ង់មានផែនការអស់រយៈពេលពីរឆ្នាំកន្លងមក ហើយបានត្រៀមខ្លួនជាស្រេច និងត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្តដើម្បីឆ្លើយតបទៅនឹងការវិវត្តនេះ”។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Perezshkian កាលពីថ្ងៃទី ២២ ខែសីហា បានឲ្យដឹងថា ប្រទេសនេះ កំពុងស្ថិតនៅក្នុងសង្គ្រាមគ្រប់ជ្រុងជ្រោយ មិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្នែកយោធានិងសន្តិសុខទៀតផង។ សារនេះ បង្ហាញថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយគ្រប់មធ្យោបាយទាំងអស់ រួមទាំងការវាយប្រហារយោធា តំរង់ទៅលើសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលចូលរួមក្នុងសង្គ្រាមសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលសហរដ្ឋអាមេរិកបានចាប់ផ្ដើមប្រឆាំងនឹងអ៊ីរ៉ង់។
តើនឹងមានប្រតិកម្មយ៉ាងណាពីភាគីទីបី?
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បានឲ្យដឹងថា ប្រទេសនានាដែលមិនចូលរួមក្នុងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹង "ត្រូវដាក់នៅឯកោជាមួយអ៊ីរ៉ង់"។ ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងរតនាគារ មិនបានបញ្ជាក់ថា ប្រទេសទាំងនេះជាប្រទេសណា ឬពេលណាដែលទណ្ឌកម្មនឹងត្រូវបានអនុវត្តន៍នោះទេ ដោយត្រឹមតែអះអាងថា លោកប្រធានាធិបតី Donald Trump បានធ្វើការសន្ទនាតាមទូរស័ព្ទជាច្រើនជាមួយមេដឹកនាំនៃប្រទេសជាច្រើន ដើម្បីធានាថា ប្រទេសទាំងនោះបានបញ្ចប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់។
“យើងបានសង្កេតឃើញថា វិធីល្អបំផុតដើម្បីធ្វើអន្តរកម្មជាមួយប្រទេសនានា គឺតាមរយៈការទូតស្ងប់ស្ងាត់ ហើយយើងកំពុងធ្វើការជាមួយប្រទេសនីមួយៗដើម្បីបញ្ជាក់យ៉ាងច្បាស់អំពីការរំពឹងទុករបស់យើង។ យើងដឹងថា ពួកគេជានរណា ហើយពួកគេក៏ដឹងរឿងនោះដែរ។ ដូច្នេះ នៅពេលដែលទណ្ឌកម្មធ្ងន់ធ្ងររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកត្រូវបានដាក់ ពួកគេមិនអាចបន្ទោសអ្នកណាក្រៅពីខ្លួនឯងបានទេ”។
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ក្រៅពីការទប់ទល់យ៉ាងស្វិតស្វាញរបស់អ៊ីរ៉ង់ ភាពជោគជ័យឬបរាជ័យនៃទណ្ឌកម្ម សេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិក គឺអាស្រ័យយ៉ាងខ្លាំងទៅលើប្រទេសមួយចំនួនតូច ជាពិសេសប្រទេសចិន មហាអំណាចសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក និងមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយអ៊ីរ៉ង់ ដែលត្រូវបានគេចាត់ទុកថា បានទិញប្រេងនាំចេញរហូតដល់ ៨០% នៃប្រទេសនេះ។ នាថ្ងៃទី ២១ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រកាសថា៖
"ប្រទេសចិន ប្រឆាំងជំទាស់នឹងបទដាក់ទណ្ឌកម្មឯកតោភាគី ខុសច្បាប់ ខ្វះមូលដ្ឋានច្បាប់អន្តរជាតិ និងមិនមានការអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យើងអំពាវនាវដល់ភាគីទាំងអស់ឱ្យធ្វើសកម្មភាពដោយការទទួលខុសត្រូវ និងដោះស្រាយបញ្ហានេះដោយអំណត់ធ្មត់ តាមរយៈវិធានការនយោបាយ និងការទូត"។
លោក Andrew Miller សមាជិកជាន់ខ្ពស់នៅមជ្ឈមណ្ឌលដើម្បីវឌ្ឍនភាពអាមេរិក បានធ្វើអត្ថាធិប្បាយថា ការដែលសហរដ្ឋអាមេរិក ប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ចថ្មី តំរង់ទៅលើអ៊ីរ៉ង់ និងដៃគូពាណិជ្ជកម្មរបស់ប្រទេសនេះ បានបញ្ជាក់ពីការពិតច្បាស់លាស់មួយ ដែលថា៖ ជម្លោះនេះមិនជួយសហរដ្ឋអាមេរិកឱ្យខិតទៅជិតគោលដៅលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ ឬធ្វើឱ្យរដ្ឋអំណាចអ៊ីរ៉ង់ចុះខ្សោយនោះទេ។ ហើយទោះបីជា ទណ្ឌកម្មសេដ្ឋកិច្ចអាចនាំមកនូវប្រសិទ្ធភាព វាមិនទំនងជានឹងនាំទៅរកដំណោះស្រាយដ៏ឆាប់រហ័ស និងមានប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកនោះទេ៕








