នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ក្នុងជំនួបពិភាក្សាដែលបានធ្វើឡើងនាថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហាណូយ ជាមួយគណៈប្រតិភូសេនាធិការចម្រុះជប៉ុន ដឹកនាំដោយនាយឧត្តមសេនីយ៍ អ៊ូឈីគូរ៉ា ហ៊ីរ៉ូអាគី (Uchikura Hiroaki)។ គណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦។
ក្នុងជំនួបពិភាក្សានេះ នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលជប៉ុនដែលតែងតែជួយឧបត្ថម្ភវៀតណាម ក្នុងកិច្ចសហប្រតិ បត្តិការដើម្បីជំនះផលវិបាកបណ្តាលពីសង្គ្រាម តាមរយៈជំនួយឧបត្ថម្ភឧបករណ៍សម្រាប់វិភាគឌីអុកស៊ីននិងបរិស្ថាន ព្រមទាំងកំពុងអនុវត្តយ៉ាងសកម្មនូវគម្រោងជំនួយឥតសំណងដើម្បីផ្តល់ឧបករណ៍សម្រាប់ការបោសសំអាតគ្រាប់បែកមីន ដល់វៀតណាម។
នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង បានសម្តែងក្តីសង្ឃឹមថា ក្រសួងការពារជាតិជប៉ុននឹងបន្តផ្តល់អាហារូបករណ៍ដែលមានស្រាប់ និងពង្រីកប្រភេទនៃការបណ្តុះបណ្តាលផ្នែកវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្មសម្រាប់ក្រសួងការពារប្រទេសវៀតណាម។ ក្រសួងការពារប្រទេសវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលនិស្សិត មកពីក្រសួងការ ពារជាតិ និងកងកម្លាំងស្វ័យការពារជប៉ុន ដើម្បីចូលរៀនវគ្គសិក្សាមន្ត្រីការពារជាតិអន្តរជាតិ និងវគ្គសិក្សាភាសាវៀតណាមនៅតាមវិទ្យាស្ថាននិងសាលារៀននានាក្នុងប្រទេស វៀតណាម។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកនិងជួយសង្គ្រោះ មានជំហានអភិវឌ្ឍន៍ថ្មី ជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងខែ ធ្នូ ឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង សង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះក្នុងពេលឆាប់ៗនេះ ជាមួយនឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង។
ដោយជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការមកកាន់វៀតណាមលើកនេះ គឺជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន នាយឧត្តមសេនីយ៍ Uchikura Hiroaki បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគត ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាដោយផ្តោតលើ៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងអង្គភាពយោធា និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ... តាមនោះ រួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។
មុននេះ គណៈប្រតិភូអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ; ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជន; និងបានទៅទស្សនាស្ថាប័ន អង្គភាព និងទីតាំងប្រវត្តិសាស្ត្រមួយចំនួននៅទីក្រុងហាណូយនិងខេត្តបាក់និញ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងបានជួបសវនាការជាមួយឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហៀន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម៕





