តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែឧសភា។ នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍លោកស្រីនាយករដ្ឋមន្ត្រីជប៉ុនតាកាអ៊ីឈី សាណាអេ។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានប្រកាសថា ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៦ ក្នុងវិស័យបច្ចេកវិទ្យាអវកាស ព័ត៌មាន និងផ្សព្វផ្សាយ ប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងកំណើនកាបូន។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានយល់ព្រម បន្តពង្រីកទំនុកចិត្តនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារជាតិ សន្តិសុខ និងការទូត; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការ លើកកម្ពស់សមត្ថភាពអនុវត្តច្បាប់សមុទ្រ ការដោះស្រាយផលវិបាកនៃសង្គ្រាម សន្តិសុខតាមអ៊ីនធឺណិត ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ភាគីទាំងពីរក៏បានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងសន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល និងកសិកម្មប្រកបដោយចីរភាព; ដើម្បីនាំការវិនិយោគរបស់ជប៉ុននៅវៀតណាមឡើងដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងពាណិជ្ជកម្មទ្វេភាគីឈាន ៦០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ភាគីទាំងពីរនឹងជំរុញការបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម; បង្កើនកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងជំរុញការធានាសន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ៕




