ជាងរ៉ែមិនត្រឹមតែជារបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងក្លាយជាប្រពៃណីដែលត្រូវបានថែរក្សាតាមរយៈជំនាន់ជាច្រើនទៀតផង។
នាវេលាម៉ោង ៦ ព្រឹក នៅក្នុងផ្ទះប្តូរវេននៃការដ្ឋានដឹកជញ្ជូន Lo ១ ក្រុមហ៊ុនភាគហ៊ុនធ្យូងថ្ម Ha Lam ខេត្តក្វាងនិញ កម្មកររាប់រយនាក់ កំពុងប្រមូលផ្តុំគ្នាដើម្បីត្រៀមរៀបចំដល់វេនធ្វើការ។ លោក Nguyen Thanh Dat ក៏កំពុងត្រៀមចុះទៅក្នុងអណ្តូងរ៉ែជាមួយសហការីសម្រាប់វេនព្រឹកនេះផងដែរ។
លោក Nguyen Thanh Dat កើតក្នុងគ្រួសារមួយដែលឪពុកនិងជីតារបស់លោកសុទ្ធតែជាកម្មកររ៉ែ។ ដោយបន្តប្រពៃណីនោះ លោក Dat បានក្លាយជាជាងរ៉ែម្នាក់ ដែលទទួលបន្ទុកការងារត្រួតពិនិត្យខ្សែក្រវ៉ាត់ដឹកជញ្ជូនធ្យូងថ្ម ជួសជុលឧបករណ៍អគ្គិសនី និងជួយដំឡើងផ្លូវរថភ្លើងដើម្បីសម្រួលដល់រថភ្លើងអគ្គិសនីដឹកធ្យូងថ្ម។ ចែករំលែកអំពីការសម្រេចចិត្តបន្តអាជីព ជាងរ៉ែ លោក Dat បាននិយាយថា៖
“វាក៏ត្រូវបានជះឥទ្ធិពលដោយក្រុមគ្រួសាររបស់ខ្ញុំដែរ។ ដំបូងឡើយ ខ្ញុំក៏ស្ទាក់ស្ទើរ ប៉ុន្តែបន្ទាប់ពីស្ដាប់ជីតា និងឪពុកម្តាយនិយាយថា ការងារនេះមានស្ថេរភាព ហើយប្រាក់ចំណូលក៏ល្អគួរសម ខ្ញុំបានសម្រេចចិត្តបន្តអាជីពជាងរ៉ែ។ ការងាររបស់ខ្ញុំចាប់ផ្តើមនៅម៉ោង ៧កន្លះព្រឹក ហើយប្រសិនបើខ្ញុំបញ្ចប់ការងារទាំងអស់នៅអណ្ដូងក្រោមដីដោយរលូន ខ្ញុំនឹងឡើងលើផ្ទៃដីនៅម៉ោង ២ រសៀល”។
លោក Nguyen Thanh Du ជីតារបស់លោក Nguyen Thanh Dat មានអាយុ ៧០ ឆ្នាំ ហើយធ្លាប់ជាកម្មកររ៉ែនៅក្រុមហ៊ុនភាគហ៊ុនធ្យូងថ្ម Ha Lam។ លោកគឺជាតំណាងគំរូនៃជំនាន់ជាងរ៉ែដ៏ពោរពេញទៅដោយស្មារតីលះបង់ ដែលបានចាប់ផ្ដើមអាជីពនេះក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ រឿងរ៉ាវគ្រួសាររបស់លោក មិនត្រឹមតែឆ្លុះបញ្ចាំងពីដំណើរពលកម្មដ៏ខ្ជាប់ខ្ជួនប៉ុណ្ណោះទេ ថែមទាំងក៏ជារូបភាពតូចមួយនៃវប្បធម៌ជាងរ៉ែរបស់ខេត្តក្វាងនិញ ដែលរបរនេះគឺជាមោទនភាពដែលត្រូវបានគេទទួលមរតកតាមពេលវេលា។
“ឃើញរូបភាពកូនចៅរបស់ខ្ញុំ ចូលអណ្ដូងរ៉ែធ្វើការ ខ្ញុំពិតជារីករាយណាស់។ កូនចៅបន្តអាជីពរបស់ជីតា ដូច្នេះ ខ្ញុំកាន់តែមានកិត្តិយស និងមានមោទនភាពចំពោះក្រុមគ្រួសារ និងកូនចៅរបស់ខ្ញុំ”។
បន្ទាប់ពីបញ្ចប់វេនធ្វើការនៅពេលល្ងាច លោក Nguyen Duy Khanh ជាជាងអគ្គិសនីមេកានិចនៅក្រុមហ៊ុនធ្យូងថ្ម Thong Nhat (ទីក្រុង Cam Pha ខេត្តក្វាងនិញ) បានចាកចេញពីអណ្តូងរ៉ែដើម្បីទៅផ្ទះ។ ថ្ងៃនេះ មិនដូចថ្ងៃធម្មតាទេ លោកបានជិះម៉ូតូជូនឪពុក ទៅផ្ទះជាមួយគ្នា។ លោក Khanh ធ្វើការនៅរោងចក្ររ៉ែលេខ ៤ ចំណែកឯឪពុករបស់គាត់គឺលោក Nguyen Hong Cam កំពុងធ្វើការនៅរោងចក្ររ៉ែលេខ ១។ លោក Nguyen Duy Khanh បានចែករំលែកថា៖
"នៅឆ្នាំ ២០១៧ ខ្ញុំបានបញ្ចប់ការសិក្សាជំនាញអគ្គិសនីមេកានិចក្រោមដី ហើយបានចាប់ផ្តើមធ្វើការនៅរោងចក្ររ៉ែលេខ ៤។ ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ខ្ញុំគឺពី ១៥ លានដុងឡើងទៅ។ ឪពុកបានបង្រៀនបទពិសោធន៍ជាច្រើនជូនខ្ញុំ។ ប្រសិនបើខ្ញុំមិនយល់អ្វីមួយ ខ្ញុំសួរគាត់ ហើយគាត់ជួយខ្ញុំច្រើនណាស់"។
ឪពុករបស់ Khanh គឺលោក Nguyen Hong Cam ដែលបានផ្សាភ្ជាប់ជាមួយអណ្តូងរ៉ែធ្យូងថ្មអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ក៏រំលឹកឡើងវិញនូវរូបភាពរបស់ឪពុករបស់គាត់ គឺលោក Nguyen Duc Tong។ នេះគឺជាគំរូដែលបានបណ្តុះនៅក្នុងគាត់នូវសេចក្តីប្រាថ្នាចង់បានស្លៀកឯកសណ្ឋានពណ៌បៃតងរបស់ជាងរ៉ែ។ នៅឆ្នាំ ១៩៦៥ លោក Tong បានចាកចេញពីស្រុកកំណើតនៅខេត្ត ថៃប៊ិញ ទៅកាន់ក្វាងនិញដើម្បីចាប់អាជីព ដោយផ្លាស់ប្តូរពីកម្មករទៅជាជាងរ៉ែ ហើយបានក្លាយជាជាងរ៉ែជំនាន់ដំបូងគេនៃក្រុមហ៊ុន ធ្យុងថ្ម Thong Nhat។ ជាងរ៉ែ Nguyen Hong Cam បានរៀបរាប់ថា៖
"កាលខ្ញុំនៅក្មេង ខ្ញុំបានឃើញឪពុក ធ្វើការយ៉ាងលំបាក ពីព្រោះរបរជាងរ៉ែនៅពេលនោះនៅតែមានឧបករណ៍សាមញ្ញណាស់។ ឪពុកធ្វើការយ៉ាងលំបាក ប៉ុន្តែមានការតាំងចិត្តខ្ពស់។ គ្រួសារមានកូនជាច្រើន ប៉ុន្តែគាត់បានបង្រៀនកូនៗយ៉ាងល្អ ហើយភាពតឹងរ៉ឹងរបស់គាត់បានជួយយើងឱ្យដើរតាមមាគ៌ាត្រឹមត្រូវ។ នៅពេលខ្ញុំធំឡើង ខ្ញុំបានធ្វើតាមគំរូរបស់ឪពុក ដោយប្តេជ្ញាដើរតាមអាជីពរបស់គាត់"។
ក្នុងជីវភាពសម័យទំនើប គ្រួសារដែលមានជាងរ៉ែពីរឬបីជំនាន់ដូចនេះបាន "រក្សាអណ្តាតភ្លើង" ប្រពៃណី បង្កើតវប្បធម៌សហគមន៍នៅក្នុងទឹកដីរ៉ែ ដើម្បីឱ្យយុវជនអាចធំឡើង ចាស់ទុំ ហើយបន្តកសាងតំបន់ធ្យូងថ្មកាន់តែរុងរឿងនិងស្រស់ស្អាតថែមទៀត៕








