យោងតាមកាសែត The Straits Times របស់ប្រទេសសិង្ហបុរីចុះផ្សាយនាថ្ងៃទី ៣០ ខែឧសភា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​តូ ឡឹម បានថ្លែងថា អស្ថិរភាពបច្ចុប្បន្នឆ្លុះបញ្ចាំងពីវិបត្តិជាមូលដ្ឋានចំនួនបីដែលកំពុងកើតឡើងក្នុងពេលដំណាលគ្នា និងប៉ះពាល់ដល់គ្នាទៅវិញទៅមកនោះគឺ៖ វិបត្តិនៃសណ្តាប់ធ្នាប់អន្តរជាតិ វិបត្តិនៃគំរូអភិវឌ្ឍន៍ និងវិបត្តិនៃទំនុកចិត្តជាយុទ្ធសាស្ត្រ។ វិបត្តិទាំងបីនេះកំពុងរួមបញ្ចូលគ្នាយ៉ាងច្បាស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងបរិបទដែលតំបន់នេះទទួលបានផលប្រយោជន៍យ៉ាងជ្រាលជ្រៅពីសកល ភាវូបនីយកម្ម ប៉ុន្តែក៍កំពុងប្រឈមមុខនឹងសម្ពាធដោយផ្ទាល់ពីការបែកបាក់ខ្សែសង្វាក់ផ្គត់ផ្គង់ ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រសេដ្ឋកិច្ចថ្មី។ កាសែតនេះក៏បានកត់សម្គាល់ផងដែរថា ប្រមុខបក្ស និងរដ្ឋវៀតណាមបានចំណាយផ្នែកធំមួយនៃសុន្ទរកថាសំខាន់ ដើម្បីពិភាក្សាអំពីវិបត្តិនៃសណ្តាប់ធ្នាប់អន្តរជាតិ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងច្បាប់អន្តរជាតិ និងការអត់ធ្មត់ដែលត្រូវបានពង្រឹង។

ដោយចែករំលែកទស្សនៈរួមលើបញ្ហាប្រឈមនានាដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសទួរគី Anadolu (AA) បានចេញផ្សាយអត្ថបទមួយដែលបញ្ជាក់ថា សារសំខាន់នៅក្នុងសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម គឺជាការអំពាវនាវឱ្យមានការបង្កើនការសន្ទនា កិច្ចសហប្រតិបត្តិការ រួមទាំងការអត់ធ្មត់ ដើម្បីដោះស្រាយអស្ថិរភាពដែលកំពុងកើនឡើងនៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិ។

កាសែត New York Times (NYT) ក៏បានយកចិត្តទុកដាក់ចំពោះសុន្ទរកថាសំខាន់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នៅឯកិច្ចសន្ទនា Shangri-La ដែលក្នុងនោះ បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយដកស្រង់ការវាយតម្លៃពីអ្នកជំនាញអន្តរជាតិជាច្រើន កាសែត New York Times បានលើកឡើងថា សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​តូ ឡឹមនៅឯវេទិកាសន្តិសុខឈានមុខគេរបស់តំបន់នេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់វៀតណាមក្នុងការចូលរួមយ៉ាងសកម្មជាង នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមទូទៅនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក៕